• 2024-06-10 15:10:57
  • ព័ត៌មាន

រក​ឃើញ​សត្វ​ផ្សោត​ប្រភេទ​ថ្មី​ ស្លាប់​បាត់​បង់​ជីវិត​នៅ​ដែន​ទឹក​ខេត្ត​កំពត​

  • 2024-06-10 15:10:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បច្ចេកទេស​ ផ្នែក​អភិរក្ស​ថនិក​សត្វ​សមុទ្រ​នៃ​អង្គការ​ MCC បាន​ទទួល​ព័ត៌មាន​អំពី​ការ​ស្លាប់​របស់​សត្វ​ផ្សោត​ប្រភេទ​ថ្មី​ វ័យ​ជំទង់​មួយ​ក្បាល​ ក្រោម​ការ​ណែនាំ​ដោយ​ផ្ទាល់​ពី​ លោក​នាយក​ និង​នាយរងខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពត​ និង​កិច្ច​សហប្រតិបត្តិការ​ ជា​មួយ​គណៈកម្មការ​សហគមន៍​នេសាទ​ ត្រពាំង​រពៅ​ ខេត្ត​កំពត​ បានធ្វើការពិនិត្យ និងវិនិច្ឆ័យអំពីប្រភេទសត្វផ្សោតនេះ​ នា​វេលា​ម៉ោង​ ០៧:៣២ ពេល​ព្រឹក​ នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា​ ឆ្នាំ​២០២៤។

ក្រុម​ការងារ​បច្ចេកទេស​ និង​តាម​រយៈ​ការ​ផ្តល់​ព័ត៌មាន​លម្អិត​ពី​គណៈកម្មការ​សហគមន៍​នេសាទ​បាន​ធ្វើ​ការ​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដោយ​​អាច​កំណត់​បាន​ថា​ ផ្សោត​ដែល​បាន​បាត់​បង់​ជីវិត​នេះ​ជា​សត្វ​ផ្សោត​គ្មាន​ព្រុយ​ខ្នង​ ដែល​ជា​កំណត់​ត្រា​ប្រភេទ​ថ្មី​ក្រៅ​ពី​ប្រភេទ​ផ្សោត​ចំនួន​ពីរ​ប្រភេទ​ដែល​បាន​កត់​ត្រា​រួច​ហើយ​នៅ​ក្នុង​ដែន​ទឹក​សមុទ្រ​របស់​ខេត្ត​កំពត​។

ក្រុម​ការងារ​អភិរក្ស​ បាន​បញ្ជាក់​ថា​វត្ដមាន​សត្វ​ផ្សោត​ប្រភេទ​អត់​ព្រុយ​ខ្នង​នៅ​ក្នុង​ដែន​សមុទ្រ​ប្រទេស​កម្ពុជា​ជា​កំណត់ត្រា​ថ្មី​ ហើយ​វា​ក៏​ជា​លទ្ធផល​បង្ហាញ​ពី​ការ​កើន​ឡើង​នៃ​ជីវៈ​ចម្រុះ​ ជា​ពិសេស​ប្រភព​អាហារ​ ជម្រក​និង​សុវត្ថិភាព​ ដែល​ទាក់ទាញ​ប្រភេទ​សត្វ​កំពុង​រង​គ្រោះ​ថ្នាក់​មក​រស់​នៅ​ក្នុង​កន្លែង​អភិរក្ស​ជលផល​សមុទ្រ​កម្ពុជា​។

ក្រុម​ការងារ​បច្ចេកទេស​នឹង​បន្ត​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​អំពី​កំណត់​ត្រា​ថ្មី​នេះ​ ដើម្បី​ទទួល​បាន​ព័ត៌មាន​កាន់​តែ​ទូលាយ​និង​លម្អិត​បន្ថែម​ និង​ព្យាយាម​ការពារ​ថនិកសត្វ​ថ្មី​នេះ​៕

ប្រភព៖ MCC's Cambodian Marine Mammal Conservation Project

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី