• 2024-06-24 12:17:22
  • ព័ត៌មាន

យុវជន​អាយុ ១៨ឆ្នាំ​មួយរូប​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​នៅ​អង់គ្លេស

  • 2024-06-24 12:17:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ផេដ្រូ ដាខនសេឆាវ (Pedro Da Conceicao) វ័យ ១៨ឆ្នាំ សម្រេច​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​នៅ​មណ្ឌល​ឡុងដុង​ខាង​លិច សម្រាប់​ការ​បោះឆ្នោត​សកល​នៅ​អង់គ្លេស ដែ​លនឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី៤ ខែ​កក្កដា ខាង​មុខ​នេះ។

លោក​បាន​ឈរ​ក្នុង​នាម​ជា​បេក្ខជន​ឯករាជ្យ​ដោយ​មិន​តំណាង​ឱ្យ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

កើត​នៅ​ប្រទេស​ព័រទុយហ្គាល់ ហើយ​ផ្លាស់​មក​នៅ​អង់គ្លេស​តាំង​ពី​តូច​ លោក​​បាន​និយាយ​ថា ដោយសារ​តែ​នៅ​ក្នុង​សភា​មិនសូវ​មាន​តំណាងរាស្ត្រ​ក្មេង​ៗ​ ទើប​លោក​ប្រឡូក​ចូល​ឆាក​នយោបាយ​ទាំង​អាយុ ១៨ឆ្នាំ។

យុវជន​អាយុ ១៨ឆ្នាំ​នេះ​ធ្វើ​យុទ្ធនាការ​ក្នុង​ការ​គាំទ្រ​ឱ្យ​មាន​ការ​វិនិយោគ​នៅ​វិស័យ​សេវាកម្ម​សាធារណៈ​ឱ្យ​ច្រើន​ជាង​មុន ហើយ​ធ្វើ​យ៉ាង​ណា​ដើម្បី​បង្ក្រាប​ឧក្រិដ្ឋកម្ម​។

ជាមួយ​គ្នា​នេះ​ដែរ លោក​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា មនុស្ស​ភាគ​ច្រើន​នៅ​វ័យ​ដូច​លោក​សុទ្ធ​តែ​ជក់​ថ្នាំ និង​ប្រឡូក​ក្នុង​ហ្វូង​ក្មេង​ទំនើង ចំណែក​ឯ​អ្នកនយោបាយ​ភាគ​ច្រើន​វិញ ហាក់​ចាកឆ្ងាយ​ពី​តថភាព​ជាក់​ស្ដែង​។

លោក​បាន​លើកឡើង​ថា៖ «តើ​ឱ្យ​មនុស្ស​ដែល​រៀន​នៅ​សាលា​ឯកជន ឬ មាន​វ័យ​ចាស់​ៗ ដោះស្រាយ​បញ្ហា​ហ្នឹង​យ៉ាង​ម៉េច​ទៅ បើ​បញ្ហា​ទាំង​នោះ ពួក​គេ​មិន​ទាំង​ដឹង​ជាក់​ស្ដែង​ផង?»។

ការ​ឈរ​ឈ្មោះ​​ក្នុង​នាម​ជា​បេក្ខជន​ឯករាជ្យ ដោយ​មិនមាន​គណបក្ស​មក​ទំនុកបម្រុង​​ជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​យុវជន ផេដ្រូ។ លោក​ត្រូវ​បង់​លុយ ៥០០ផោន (ប្រមាណ ៦៣៣ដុល្លារ​អាមេរិក) តែ​លោក​នឹង​ទទួល​បាន​លុយ​នេះ​វិញ បើ​លោក​ទទួល​បាន​សម្លេង​ឆ្នោត​យ៉ាង​តិច ៥% នៅ​ក្នុង​មណ្ឌល​ដែល​លោក​ឈរ​ឈ្មោះ។

លោក​ទទួល​ស្គាល់​ថា នៅ​មណ្ឌល​របស់​លោក​ជា​មជ្ឈមណ្ឌល​អំណាច​របស់​គណបក្ស​ប្រឆាំង​អង់គ្លេស គណបក្ស​ពលករ តែ​លោក​នៅ​តែ​សង្ឃឹម​ថា​ លោក​នឹង​អាច​លើកទឹកចិត្ត​ឱ្យ​ក្មេងៗ​ជា​ច្រើន​ចាប់​អារម្មណ៍​រឿង​នយោបាយ។

នៅ​អង់គ្លេស បេក្ខភាព​តំណាងរាស្ត្រ​អាច​មាន​សិទ្ធិ​ឈរ​ឈ្មោះ​បាន ដរាប​ណា​តែ​បេក្ខជន​នោះ​មាន​អាយុ​យ៉ាង​តិច ១៨ឆ្នាំ៕

ប្រភព៖ BBC អត្ថបទ៖ សេរី មង្គល

មតិយោបល់