- 2024-10-28 07:52:12
- ព័ត៌មាន
២ ប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលមិនមានព្រំដែនដីគោក
- 2024-10-28 07:52:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២ ប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលមិនមានព្រំដែនដីគោក
ចន្លោះមិនឃើញ
តំបន់អាស៊ីអាគ្នេយ៍ជាតំបន់មួយ ដែលមាន ១១ប្រទេសរួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងវៀតណាម។
ចំណោម ១១ប្រទេសនេះ មានតែ ២ប្រទេសប៉ុណ្ណោះ ដែលមិនមានព្រំដែនដីគោក។ ប្រទេសទាំង ២នោះគឺ ហ្វីលីពីន និងសិង្ហបុរី។
ហ្វីលីពីនជាប្រទេសប្រជុំកោះ ដែលព័ទ្ធជុំវិញដោយសមុទ្រ។ ប្រទេសនេះមានទំហំ ៣០០ ០០០គីឡូម៉ែត្រការេ ដោយខាងលិចជាប់នឹងសមុទ្រចិនខាងត្បូង ខាងកើតជាប់នឹងសមុទ្រហ្វីលីពីន។ បើតាមឯកសារមួយចំនួន ទោះជាអត់ព្រំដែនគោកមែន ប្រទេសនេះមានព្រំដែនសមុទ្រជាមួយ ៧ប្រទេស/ដែនដីរួមមាន ចិន ជប៉ុន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប៉ាឡាវ (Palau) តៃវ៉ាន់ និងវៀតណាម។ ព្រំដែនសមុទ្ររបស់ប្រទេសនេះ ភាគច្រើននៅមិនទាន់កំណត់ឱ្យបានជាក់លាក់នោះទេ។
ចំណែកឯសិង្ហបុរីវិញ ជាបុរីរដ្ឋមួយស្ថិតនៅចំចំណុចជ្រោយម៉ាឡាកា ដែលជាទីតាំងមមាញឹកបំផុតសម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ។ ប្រទេសនេះព័ទ្ធជុំវិញដោយម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ យ៉ាងណាមិញ ទោះជាចែកខណ្ឌគ្នាដោយសមុទ្រក៏ពិតមែន ម៉ាឡេស៊ី និងសិង្ហបុរីអាចឆ្លងទៅរកគ្នាបានតាមរយៈស្ពានព្រំដែនចំនួន ២កន្លែងគឺនៅវូដលែនដ៍ (Woodlands) និងទ័ស (Tuas)៕