- 2024-10-30 03:07:03
- ព័ត៌មាន
តើកម្ពុជាមានសភាដំបូងបង្អស់នៅឆ្នាំណា?
- 2024-10-30 03:07:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើកម្ពុជាមានសភាដំបូងបង្អស់នៅឆ្នាំណា?
ចន្លោះមិនឃើញ
នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើប កម្ពុជាចាប់ផ្ដើមកែទម្រង់ពីរបបគ្រប់គ្រងរដ្ឋបែបបុរាណ ទៅការគ្រប់គ្រងរដ្ឋបែបទំនើបនៅចុងសតវត្សទី១៩ និងដើមសតវត្សទី២០។ ជាមួយគ្នានេះដែរ ស្រុកខ្មែរ ដែលជារដ្ឋគ្រប់គ្រងដោយក្សត្រអស់ជាង ២ពាន់ឆ្នាំ ក៏បានកែទម្រង់ជាបន្តបន្ទាប់ ដើម្បីឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយរបស់ប្រជាជន។ ការបង្កើតសភា ជាយន្តការមួយក្នុងការបង្កើតឱ្យមានតម្លាភាពក្នុងការដឹកនាំរដ្ឋ។
បើយោងតាមគេហទំព័ររបស់រដ្ឋសភា សញ្ញាណនៃការបង្កើតសភារបស់កម្ពុជាដំបូងបង្អស់គឺនៅឆ្នាំ១៩១៣ ពោលគឺពេលដែលកម្ពុជាស្ថិតក្នុងរជ្ជកាលស្ដេចស៊ីសុវត្ថិ និងក្រោមអាណានិគមបារាំង។
នៅពេលនោះដែរ ស្ដេចស៊ីសុវត្ថិបានចេញព្រះរាជក្រឹត្យមួយបង្កើត «សភាពិគ្រោះយោបល់» ដោយមានសមាជិក ៣៩រូប តំណាង ១០ខេត្ត-ក្រុងកម្ពុជា ដែលមាននៅសម័យនោះ។ យ៉ាងណាមិញ សភានេះជាសភាកើតចេញពីការតែងតាំង មិនមែនកើតចេញពីការបោះឆ្នោតនោះទេ។
សភាដែលកើតចេញពីការបោះឆ្នោតដំបូងបង្អស់គឺនៅឆ្នាំ១៩៤៦។ សភានោះមានឈ្មោះថា សភាធម្មនុញ្ញដែលកើតចេញពីការបោះឆ្នោតសកលនៅ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៤៦។ សភានេះមានបេសកកម្មតាក់តែងរដ្ឋធម្មនុញ្ញទី១ កម្ពុជា ដែលបានអនុម័តនៅឆ្នាំ១៩៤៧។
ឆ្លងកាត់អស់ជាច្រើនសម័យកាល សភាកម្ពុជាបានផ្លាស់ប្ដូរទម្រង់ ទៅតាមរបបនយោបាយនានា។ ចាប់តាំងពីការបោះឆ្នោតនៅឆ្នាំ១៩៩៣ កម្ពុជាមានរដ្ឋសភា ៧នីតិកាល ហើយចាប់ពីឆ្នាំ១៩៩៩ កម្ពុជាក្លាយជាប្រទេសដែលមានសភា ២ថ្នាក់ ពោលគឺ រដ្ឋសភា និងព្រឺទ្ធសភា៕
ប្រភព៖ រដ្ឋសភា