• 2024-11-12 06:43:30
  • ព័ត៌មាន

ភ្លេច​ៗខ្លួន ចិន របូត​តំណែង​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​លើ​លោក​ហើយ

  • 2024-11-12 06:43:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ចិន បាន​កាន់​កំណត់​ត្រា​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​លើ​លោក​អស់រយៈ​ពេល​ច្រើន​ទសវត្សរ៍ ប៉ុន្តែ​ឥឡូវ​នេះ ចិន បាន​របូត​តំណែង​នេះ​ហើយ ដោយ​ក្នុង​នោះ​ប្រទេស​ឥណ្ឌា​បាន​ចូល​ជំនួស។

តាម worldometers គិត​ត្រឹម​ឆ្នាំ ២០២៣ នេះ ចិន មាន​ចំនួន​ប្រជាជន​សរុប​ចំនួន 1,425,671,352នាក់ ស្ថិត​ក្នុង​ចំណាត់​លេខ​២ ក្រោម​ឥណ្ឌា​ដែល​មាន​ប្រជាជន​សរុប​ចំនួន 1,428,627,663នាក់។ លំដាប់​លេខ៣ នាម​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាង​គេ គឺ​សហរដ្ឋអាមេរិក​ជាមួយ​តួលេខ​ប្រជាជន​សរុប​គិត​ត្រឹម​ឆ្នាំ ២០២៣ ចំនួន 339,996,563។

តាម​វិទ្យុបារាំង មិន​ត្រឹម​តែ​មាន​បញ្ហា​កំណើន​ប្រជាជន ចិន​ក៏​កំពុង​មាន​អត្រា​ប្រជាជន​វ័យ​ចំណាស់​ច្រើន​ថែម​ទៀត ជាហេតុធ្វើឲ្យប្រទេសនេះ​ប្រឈម​នឹង​បញ្ហា​ផលិតភាព។ ក៏ដូចគ្នាដែរ បញ្ហា​នេះ ​បាន​ដាក់​សំពាធ​កាន់​តែ​ខ្លាំង​ទៅ​ដល់​វិស័យឧស្សាហកម្ម​ក្នុង​ស្រុក ដែល​ត្រូវ​ការ​កម្លាំង​ពលកម្ម​មនុស្ស​ជា​គោល។

ប្រឈម​នឹង​បញ្ហា​ប្រជាសាស្ត្រ​នេះ​របស់​ចិន បាន​ក្លាយ​ជា​មូលហេតុ​សំខាន់​១ ក្នុង​ចំណោម​មូលហេតុ​ផ្សេង​ទៀត ដែល​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឈាន​ទៅ​ស្មើ​សេដ្ឋកិច្ច​អាមេរិក ដែល​មាន​គម្លាត​គ្នា ២០% គិត​ត្រឹម​ពេល​នេះ ពោល​គឺ​ទំហំសេដ្ឋកិច្ច​អាមេរិក​មាន​ចំនួន​ជាង ២០ពាន់ពាន់លានដុល្លារ ឯ​ចិនមាន​ជាង ១៦ពាន់ពាន់លានដុល្លារ ប៉ុណ្ណោះ។

ជាក់​ស្ដែង ស្ថាប័ន​ជំនាញ​មួយ​ចំនួន ដែលធ្លាប់​បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច ចិន នឹង​អាច​ស្មើ​អាមេរិក​នៅ​ត្រឹម​ឆ្នាំ ២០២៦ នោះ ឥឡូវ​បាន​ព្យាករណ៍​ជា​ថ្មី​ថា ស្ថានភាព​នេះ អាច​ត្រូវ​ពន្យា​ដល់ឆ្នាំ ២០៣០ ឬ ២០៣៥ ទើប​សេដ្ឋកិច្ច​ចិន អាច​ឈាន​ទៅ​ស្មើ​សេដ្ឋកិច្ច​អាមេរិក​បាន៕

ប្រែសម្រួល ៖ ទេព សុវណ្ណមោលី

មតិយោបល់