- 2015-08-12 17:08:06
- សុខភាព
បទពិសោធន៍ហួសចិត្ត ចាញ់បោកម៉ូតូឌុប និង ពេទ្យខិលខូចនៅភ្នំពេញ
- 2015-08-12 17:08:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បទពិសោធន៍ហួសចិត្ត ចាញ់បោកម៉ូតូឌុប និង ពេទ្យខិលខូចនៅភ្នំពេញ
ចន្លោះមិនឃើញ
ជាពលរដ្ឋខ្មែរពីររូបឡេង ដេត និង ដារ៉ា អះអាងថា ធ្លាប់ត្រូវអ្នករត់ម៉ូតូឌុប និង គ្រូពេទ្យនៅគ្លីនិកចំនួនពីរបោកប្រាស់។ ពួកគេមាន បំណងទម្លាយរឿងរ៉ាវគួរអោយហួសចិត្តដូចខាងក្រោម៖
"មិនទាន់បានចូលអង្គឌួងផង ស្រាប់តែពូម៉ូតូឌុបប្រាប់ថា ពេទ្យមិននៅទេពេលនេះ ព្រោះម៉ោង ១២ ថ្ងៃត្រង់ហើយ...ចាំខ្ញុំជូនទៅផ្ទះពេទ្យដោយយកលុយតែ ១ ពាន់រៀលប៉ុណ្ណោះជាថ្នូរនឹងការជួយ"។ ដេត ប្រាប់ដើមចមដល់ Sabay។
ថ្មីៗនេះ ដេត មានជំងឺភ្នែកក្រហម (កម្រិតស្រាល) ហើយបានទៅពិនិត្យនៅពេទ្យព្រះអង្គឌួង។ យុវជនរូបនេះបានឱ្យដឹងថា ដោយឮអ្នករត់ម៉ូតូឌុបប្រាប់ខ្លួនដូច្នេះថា រូបគេក៏យល់ព្រមតាមបំណងល្អ ហើយមួយវិញទៀតយល់ថា ពេទ្យនោះក៏ជាពេទ្យរដ្ឋ ធ្វើការនៅពេទ្យព្រះអង្គឌួងដែរ។
លុះដទៅដល់ គ្លីនិកមួយនៅជិតមន្ទីរពេទ្យព្រះអង្គដួងនោះ គ្រូពេទ្យក៏ពិនិត្យមើលភ្នែក ក្នុងរយៈពេលដ៏ខ្លី រួចសួររូបគេថា "អូន ប្រញាប់ដែរទេ?”។ ពាក្យសម្ដីត្រង់នេះហើយ ដែលធ្វើឱ្យអ្នកខេត្តព្រៃវែងយល់ថា ជាពាក្យ "កាប់ស៊ី"។
ដេត បញ្ជាក់ទាំងហួសចិត្តថា ក្រោយមកពេទ្យក៏ចាក់ថ្នាំ ១ ម្ជុល និងឲ្យថ្នាំលេប ៥ ថ្ងៃ "ដល់ពេលគិតលុយអស់ ៣៥ ដុល្លារ។ បើតាមការចាក់ថ្នាំ និងតម្លៃថ្នាំ ខ្ញុំយល់ថាត្រឹមតែ ១០ ឬ ១៥ ដុល្លារប៉ុណ្ណឹងទេ...វាហួសតម្លៃទីផ្សារឆ្ងាយណាស់"។
យុវជនរូបនេះបង្ហើបទៀតថា អ្វីឱ្យលោកហួសចិត្តនោះ គឺ ក្នុងកាបូបមានត្រឹមតែ ៣០ ដុល្លារប៉ុណ្ណោះ "ឃើញខ្ញុំអេះអុញ រកលុយចុះឡើង ពេទ្យស្រីនោះសួរខ្ញុំថា ខ្វះលុយមែន បើខ្វះចឹង យកតែ ៣០ ដុល្លារក៏បាន"។
ចំណុចនេះកាន់តែធ្វើឱ្យ ដេត យល់ថា ជាការបោកប្រាស់មួយទៀតរបស់គ្រូពេទ្យរូបនោះ។
រូបតំណាង
ហួសចិត្តជាងដេតដល់ទៅ ១០ ដងទៅទៀត គឺ ដារ៉ា បុគ្គលិកនៅក្រុមហ៊ុនឯកជនមួយ ក៏ធ្លាប់ជួបរឿងស្រដៀងគ្នានេះដែរ កាលពីបីឆ្នាំមុន ។ យុវជនរូបនេះប្រាប់ថា ចំពោះដំណើររឿងដូចគ្នា ១០០% នឹងករណីខាងលើ តែធ្ងន់ត្រង់ថា អស់លុយរាប់ម៉ឺន មុនដឹងថាខ្លួនកើតអីឱ្យប្រាកដ។
"នឹកឃើញរឿងហ្នឹង ខ្ញុំចង់តែជេរពួកនោះទេ។ ខ្ញុំកើតរបេងកូនកណ្ដុរត្រង់ករ ទៅពេទ្យរបេងខាងត្បូងវិទ្យាល័យយុគន្ធរ មិនទាន់ចូលផង ពូម៉ូតូឌុបសួរថា អូនមកពេទ្យអ្ហេស? បាទខ្ញុំមកពេទ្យពូ! អើគេអត់ទាន់ធ្វើការទេ តោះ ខ្ញុំជូនទៅផ្ទះពេទ្យ! ខ្ញុំសួរថា ពេទ្យហ្នឹងធ្វើការនៅណាពូ? គាត់ធ្វើការនៅហ្នឹងដែរ។ ខ្ញុំក៏ទៅជាមួយគាត់ ដោយគាត់សុំខ្ញុំ ១០០០រៀល ទិញបារីជក់"។
អ្នកខេត្តកំពង់ចាមបន្តថា ក្រោយប្រាប់ពីអាការរោគ គ្រូពេទ្យ (មិនចាំគ្លីនិក) ក៏នាំលោកថតសួត និងឱ្យថ្នាំលេប ដោយមួយអាទិត្យៗ អស់មិនចេះតិចម៉ឺនទេ។ តែយ៉ាងណាពេទ្យមិនបានប្រាប់ពីមូលហេតុពិតនៃជំងឺច្បាស់ទេ ទោះបីជាអតីតអ្នកជំងឺកម្សត់រូបនេះ ព្យាយាមសួរ ដោយគ្រូពេទ្យនោះប្រាប់ថា លេបថ្នាំនឹងទៅបាត់បន្តិចម្ដងៗហើយ។ មួយអាទិត្យពីរអាទិត្យ អាការរោគរបស់ដារ៉ា មិនថមថយឡើយ។
យុវជនវ័យជាង ២០ ឆ្នាំបញ្ជាក់ទាំងអារម្មណ៍ខឹងថា "មួយអាទិត្យ! មួយអាទិត្យ! ខ្ញុំឃើញថ្នាំចង់ក្អួត នៅក្បែរគេធំក្លិនថ្នាំពេទ្យង៉ោង។ មានថ្នាំកូនកណ្ដុរស្រក អស់ថ្នាំកណ្ដុរហ្នឹងឡើងមកវិញ។ អត់មានបាត់អីសោះ!"។
ដារ៉ា បានប្រាប់ថា ពេលនោះរូបគេពិតជាអស់សង្ឃឹម និងលែងទុកចិត្តពេទ្យខ្មែរ ដោយលោកលើកឡើងថា "គ្រូពេទ្យខ្មែរមិនមែនព្យាបាលជំងឺទេ គឺចិញ្ចឹមជំងឺក្នុងខ្លួនអ្នកជំងឺ ព្យាបាលយកលុយ"។ សភាពជំងឺមិនជាសះស្បើយ ដារ៉ា ទទួលបានការណែនាំពី អ្នកគ្រប់គ្រងរបស់ខ្លួនឈ្មោះ ខន សុវៀត។
"បងវៀតគាត់ប្រាប់ថា ខ្ញុំកើតរបេងកូនកណ្ដុរ ព្រោះគាត់បានប្រាប់អាការរបស់ខ្ញុំ ទៅឪពុក និងប្អូនរបស់គាត់ជាគ្រូពេទ្យ។ គាត់ឱ្យខ្ញុំទៅពេទ្យរបេងម្ដងទៀត ដោយត្រូវជួបជាមួយគ្រូពេទ្យជំនាញផ្ទាល់។ ខ្ញុំបានជួបគ្រូពេទ្យរដ្ឋមែន (មិនចាំឈ្មោះ) គាត់ប្រាប់ថាខ្ញុំកើតជំងឺរបេងកូនកណ្ដុរពិតមែន...ខ្ញុំអរណាស់ពេលដឹងពីជំងឺពិតប្រាកដ"។
ប៉ុន្តែអ្វីធ្វើឱ្យយុវជននេះខ្លោចចិត្តជាថ្មីនោះ គឺគ្រូពេទ្យនោះប្រាប់ថា ថ្នាំថ្លៃណាស់ តម្រូវឱ្យដារ៉ាបង់ ២០ ដុល្លារក្នុងមួយខែ ហើយលេបត្រូវលេប ៦ ខែ (អស់ ១២០ ដុល្លារ)។ យុវជនរូបនេះប្រាប់វិញថា លោកគ្មានលុយទេ ព្រោះលោកជាកម្មករសំណង់។
"ពេលខ្ញុំប្រាប់គាត់អ៊ីចឹង គាត់ឆ្លើយថា បើអត់ចង់រស់ ខ្ញុំមិនដឹងធ្វើម៉េចទេ។ ឳ...ពេទ្យស្រុករំដួលអើយ! តើលោកអ្នកមានគិតពីទុក្ខលំបាករបស់អ្នកជំងឺឈាមជ័រ ជាខ្មែរដូចអ្នកអត់? ខ្ញុំប្រាប់គាត់ថា ខ្ញុំសុំពេលពិភាក្សាជាមួយអ្នកផ្ទះសិន។ គាត់តបថា មិនដឹងធ្វើម៉េចទេចឹង។ តែយ៉ាងខ្ញុំសូមអរគុណគាត់ ដែលមានចិត្តប្រាប់ខ្ញុំថា ខ្ញុំកើតជំងឺនេះមែន"។
បន្ទាប់ដឹងពីជំងឺ ដារ៉ា បានហៅទូរសព្ទទៅអ្នកផ្ទះ ដោយអ្នកផ្ទះប្រាប់មកវិញថា ឱ្យទៅស្រុកព្រោះមណ្ឌលសុខភាពស្រុក មានថ្នាំរបេង។ លោកបន្ថែមថា ពេលទៅដល់ហើយនោះ ពេទ្យបានពិនិត្យកំហាក […] ធ្វើរោគវិនិច្ឆ័យ ថាលោកកើតរបេងមែន ហើយមណ្ឌលសុខភាព ក៏ឱ្យថ្នាំលេបរយៈពេល៦ ខែ និងតមស្រាអីជាដើម។ តាំងពីពេលនោះមក ជំងឺរបស់រូបគេ ក៏បានជាសះស្បើយ រហូតដល់បច្ចុប្បន្ន។
ជាចុងក្រោយ ដារ៉ា ថ្លែងថា "ខ្ញុំសូមផ្ដាំទៅបងប្អូនខ្មែរទាំងអស់ ឱ្យប្រុងប្រយ័ត្នចំពោះករណីព្យាបាល គាបស៊ី របស់គ្រូពេទ្យខិលខូចមួយចំនួនប៉ុណ្ណោះ ឯពេទ្យល្អៗខ្ញុំមិនថាទេ ហើយខ្ញុំសូមអរគុណដល់បង វៀត ដែលណែនាំខ្ញុំទៅកាន់តែកន្លែងត្រឹមត្រូវ។ អរគុណបង!"៕
ចុចអាន៖ ចង្កឹះខ្មែរស្នាដៃខ្មែរ គ្មានជាតិគីមី ១០០%!
អត្ថបទ៖ អ៊ុំ សុភក្តិ