- 2016-03-24 17:10:12
- សុខភាព
កុមារកម្ពុជាប្រមាណជា ៣២% កំពុងប្រឈមនឹងបញ្ហាក្រិសក្រិន
- 2016-03-24 17:10:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុមារកម្ពុជាប្រមាណជា ៣២% កំពុងប្រឈមនឹងបញ្ហាក្រិសក្រិន
ចន្លោះមិនឃើញ
កុមារកម្ពុជាប្រមាណជា ៣២ % កំពុងជួបប្រទះនឹងបញ្ហាក្រិសក្រិន ទោះបីជាប្រទេសកម្ពុជា មានសក្ដានុពលផ្នែកកសិកម្ម និង ស្បៀងអាហារគ្រប់គ្រាន់ ដែលធានាថា ប្រជាជនមានមានរបបអាហារប្រកបដោយជីវជាតិ។ ស្ថានភាពបញ្ហាកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃនៅកម្ពុជា នៅតែមានភាពប្រឈមខ្ពស់ និង ចាំបាច់ត្រូវការដំណោះស្រាយបន្ទាន់។ នេះបើផ្អែកសេចក្ដីប្រកាសព័ត៌មានរបស់អង្គការ World Vision។
លោក តែ ជីឡាយ មន្រ្តីសុខភាព និង អាហារូបត្ថម្ភទៅលើការកសាងគម្រោង ត្រួតពិនិត្យ និង វាយតម្លៃគម្រោងនៃអង្គការ World Vision បានប្រាប់ Sabay ថា កុមារក្រោមអាយុ ២ ឆ្នាំ ងាយប្រឈមនឹងបញ្ហាក្រិសក្រិន ដែលជំងឺនេះ ភាគច្រើនបណ្ដាលមកពីកង្វះអាហារូបត្ថម្ភ។
មនុស្សភាគច្រើនយល់ថា បញ្ហាក្រិសក្រិន ដែលភាគច្រើនបណ្ដាលមកពីកង្វះអាហារូបត្ថម្ភ គឺច្រើនកើតឡើងតែនៅតាមទីជនបទ ប៉ុន្តែ តាមពិតជំងឺនេះក៏កើតមានឡើងផងដែរ នៅតាមទីប្រជុំជន ជាពិសេសនៅជាយៗក្រុងជាដើម។ លោក តែ ជីឡាយ និយាយ។
លោក ជីឡាយ បានពន្យល់ថា ក្រិសក្រិន កើតមានឡើងពីរប្រភេទ គឺទី ១ អាចបណ្ដាលមកពីកង្វះអាហារូបត្ថម្ភ និង ទី ២ អាចបណ្ដាលមកពីជំងឺផ្សេងៗ។ ប្រសិនបើកុមារកើតក្រិសក្រិនហើយ គឺងាយនឹងឆ្លងជំងឺផ្សេងៗទៀត។
លោក បានលើកឡើងទៀតថា កុមារក្រោមអាយុ ២ ឆ្នាំ ដែលទទួលអាហារូបត្ថម្ភ មិនគ្រប់គ្រាន់ងាយនឹងកើតក្រិសក្រិន តែមិនមែនមានន័យថា អាណាព្យាបាលពុំមានលុយគ្រប់គ្រាន់ផ្ដល់អាហារនោះទេ អាចបណ្ដាលមកពីទម្លាប់ពុំត្រឹមត្រូវនៅក្នុងការផ្ដល់អាហារូបត្ថម្ភ។ អាហារូបត្ថម្ភល្អ គឺមិនមែនមាន ន័យថា ជាអាហារថ្លៃៗនោះទេ គឺមានត្រឹមបន្លែបង្ការ នៅជុំវិញផ្ទះ សាច់ និង ត្រី ជាដើម។
“មានម្ដាយខ្លះគាត់តែងឲ្យលុយកូនទៅទិញចំណីពេលព្រឹក ហើយក្មេងទិញតែនំ ធ្វើបែបនេះគឺក្មេងអត់ទទួលបានអាហារូបត្ថម្ភទេ ខ្ញុំថា ម្ដាយគួរតែទៅទិញជាបបរ ឬ ផ្ដល់អាហារឲ្យក្មេងល្អជាង ឲ្យលុយគាត់"។ លោក តែ ជីឡាយ បន្ថែម។
លោក តែ ជីឡាយ បានឲ្យដឹងដែរថា ក្នុងរយៈពេល ៥ ឆ្នាំនេះ ប្រទេសកម្ពុជាបានកាត់បន្ថយក្រិសក្រិនពី ៤០% មកនៅត្រឹម ៣២% នាពេលបច្ចុប្បន្ននេះ។
ដើម្បីចូលរួមកាត់បន្ថយការកើតមានឡើង បញ្ហាដែលធ្វើកុមារកម្ពុជាកើតជំងឺក្រិសក្រិន គឺ អង្គការទស្សនៈពិភពលោក World Vision និង អង្គការហេឡែន ខេលល័រ អន្ដរជាតិ បានសហការជាមួយនឹង សាលាជាតិកសិកម្មព្រែកលៀប រៀបចំវេទិកាយុវជននិស្សិត ដើម្បីផ្ដល់ជាវេទិកាពិភាក្សាអំពីការលើកកម្ពស់អាហារូបត្ថម្ភតាមរយៈវិស័យកសិកម្ម។
កញ្ញា ភឹម កណ្ណិកា មន្រ្តីសម្របសម្រួលផ្នែកយុទ្ធនាការអង្គការទស្សនៈពិភពលោកអន្តរជាតិ បានប្រាប់ Sabay ដែរថា ការកាត់បន្ថយក្រិសក្រិននៅកម្ពុជា គឺចាំបាច់ត្រូវមានការចូលរួមពីពហុវិស័យ ដូច្នេះ កិច្ចសហការជាមួយនិស្សិតកសិកម្ម គឺជាផ្នែកមួយសំខាន់នៅក្នុងការអប់រំ បង្កើនការដាំដុះ ប្រកបដោយអនាម័យ ដែលដាំបន្លែ តាមស្ដង់ដា មិនប្រើប្រាស់គីមី ហួសកំណត់ជាដើម។ ដូច្នេះ និស្សិតផ្នែកកសិកម្មដែលជាអ្នកដឹកនាំ នាពេលអនាគតនៃវិស័យនេះ ត្រូវបានលើកទឹកចិត្តក្នុងការធ្វើកិច្ចពិភាក្សាលើបញ្ហាប្រឈមរបស់អាហារូបត្ថម្ភ ហើយពួកគេក៏ជាកម្លាំងនៃការផ្លាស់ប្ដូរ មិនត្រឹមតែលើការជំរុញការអភិវឌ្ឍន៍ផ្នែកកសិកម្មនោះទេ ប៉ុន្តែ បង្កើតមាគ៌ា ជាជំនួយនៅក្នុងវិស័យកសិកម្ម ដើម្បីភាពប្រសើរនៃអាហារូបត្ថម្ភ នៅកម្ពុជា។
វេទិកាពិភាក្សាយុវនិស្សិត "ការលើកកម្ពស់អាហារូបត្ថម្ភតាមរយៈវិស័យកសិកម្ម" នឹងប្រព្រឹត្តទៅនៅសាលប្រជុំសាលាជាតិកសិកម្មព្រែកលៀប នៅ ថ្ងៃ ទី ២៤ ខែ មីនា វេលាម៉ោង ១ រសៀលថ្ងៃនេះ៕
ព័ត៌មានបន្ថែមអាចទាក់ទង៖
កញ្ញា ភឹម កណ្ណិកា មន្ត្រីសម្របសម្រួលផ្នែកយុទ្ធនាការអង្គការទស្សនៈពិភពលោក តាមរយៈទូរសព្ទ ០១២ ៨៦០ ៥៦១។
អត្ថបទ៖ ប៊ិន ប៊ុណ្ណា