- 2016-11-30 00:56:46
- ជំនឿ
ទួលបារាយណ៍អណ្ដែត អ្នកធំភាគច្រើនបន់ឲ្យឡើងតំណែងបានដូចបំណង
- 2016-11-30 00:56:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទួលបារាយណ៍អណ្ដែត អ្នកធំភាគច្រើនបន់ឲ្យឡើងតំណែងបានដូចបំណង
ចន្លោះមិនឃើញ
ទួលបារាយណ៍អណ្ដែត ឬទួលអស់លោក នៅស្រុកកំពង់លាវ ខេត្តព្រៃវែង ជាកន្លែងដ៏ស័ក្ដិសិទ្ធិមួយ ដែលល្បីថាអ្នកបន់ស្រន់សុំឡើងតំណែងតែងសម្រេចដូចបំណង ហើយអ្នកធំភាគច្រើននាំគ្នាទៅលាបំណន់វិញ ក្រោយពេលជោគជ័យតាមសេចក្ដីប្រាថ្នា។
លោក ចន ស៊ា ជាមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង និងជាអ្នកគ្រប់គ្រងម្នាក់នៅទួលបារាយណ៍អណ្ដែត បានអះអាងថា ប្រជាជនជាច្រើនមានជំនឿលើទួលនេះ ដោយសារពេលបន់ស្រន់សុំអ្វីមួយ តែងសម្រេចដូចបំណង ហើយអ្នកឈឺថ្កាត់ ក៏បានជាវិញ ចំណែកអ្នកបន់ស្រន់ឲ្យឡើងស័ក្ដិ(តំណែង)ក៏បានជោគជ័យ។
លោក ចន ស៊ា បាននិយាយថា៖ "ប្រជាជន អ្នកតូច អ្នកធំ តែងតែបែរបន់សុំសេចក្ដីសុខក្នុងភូមិ បានជោគ បានជ័យ... គាត់ឈឺ មានតែស្លាធម៌ដូងមួយគូបានជាទៅ... ចំណែកអ្នកធំ មានឫទ្ធិអំណាច ត្រឹមចៅហ្វាយខេត្ត បើគាត់ឡើងបុណ្យ ឡើងសក្ដិហើយ គាត់តែងមកគោរពបូជានៅកន្លែងហ្នឹង ធ្វើពិធី។ មេទាហាន មេអីហ្នឹង ដាច់ឆ្នាំគេមកជប់លៀងម្ដង ហើយស្នងការ និងមន្ទីរជុំវិញខេត្ត បានឡើងបុណ្យសក្ដិ ក៏គេមិនភ្លេចដែរ ត្រូវតែមកគោរព លាមាត់លាពាក្យពីថ្ងៃមុន"។
លោក ចន ស៊ា មិនបានដឹងច្បាស់ពីប្រវត្តិនៃទួលបារាយណ៍អណ្ដែតនេះទេ ព្រោះជាទួលបុរាណដែលល្បីតគ្នាយូរមកហើយ ប៉ុន្តែលោកបានបញ្ជាក់ថា តាំងពីដឹងក្ដីមកមិនដែលឃើញទួលនេះមិនលិចទឹកឡើយ បើទោះបីតំបន់ជុំវិញកប់បាត់ក្រោមទឹក ឬទឹកឡើងធំយ៉ាងណាក៏ដោយ។
ក្រៅពីរូបសំណាកអ្នកតាបារាយណ៍អណ្ដែត នៅលើទួលបុរាណនេះ ក៏មានសេនាហែហមច្រើនទៀតដូចជា អ្នកតាដំបងដែក អ្នកតាខ្លោងទ្វារ អ្នកតាសំរឹទ្ធិ អ្នកតាមេទ័ព លោកយាយទេព លោកយាយម៉ៅ និងលោកយាយអាកាស ដែលត្រូវអន្ទងហៅឲ្យមកសណ្ឋិតនៅលើទីទួលជុំគ្នា។
បច្ចុប្បន្ន ទួលបារាយណ៍អណ្ដែត មិនត្រឹមតែជាកន្លែងបន់ស្រន់ប៉ុណ្ណោះទេ វាក៏បានក្លាយជាទីសម្រាកលម្ហែកាយរបស់សាធារណៈជនផងដែរ ព្រោះមានខ្យល់អាកាសបរិសុទ្ធ ព័ទ្ធដោយទឹក និងដើមឈើធំៗ ដែលនាំឲ្យរសាយអស់ទុក្ខកង្វល់៕
ស្ដាប់ការរៀបរាប់របស់លោក ចន ស៊ា៖