• 2017-12-21 13:19:24
  • ព័ត៌មាន

បុណ្យសមុទ្រពិតជាប្លែកបំផុតនៅកម្ពុជា តែបើដឹងពីអត្ថន័យទៀតកាន់តែអស្ចារ្យ

  • 2017-12-21 13:19:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យសមុទ្រ ជាពិធីបុណ្យដ៏ប្លែកមួយនៅក្នុងប្រទេសកម្ពុជា ក្នុងចំណោមបុណ្យជាតិនានា។ ប៉ុន្តែចំពោះអត្ថន័យ នៃពិធីបុណ្យដ៏អស្ចារ្យនេះកាន់តែពិសេសថែមទៀត។ បើតាមការរៀបរាប់របស់ ឯកឧត្ដម កែន សត្ថា អភិបាលខេត្តកែប ការប្រារព្ធពិធីនេះឡើង គឺដើម្បីជាការដឹងគុណដល់ទឹកសមុទ្រ ដែលបានផ្ដល់ផលប្រយោជន៍ជាច្រើនឥតគណនា ដល់ប្រជាជនខ្មែរ។ ក្នុងនោះសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា អាចទាក់ទាញភ្ញៀវទេសចរមកជុំវិញពិភពលោកឲ្យមកទស្សនា ហើយប្រជាជនខ្មែរអាចទាញប្រាក់ចំណួលតាមរយៈការផ្ដល់សេវាស្នាក់នៅ ម្ហូបអាហារ លក់ផលិតផលក្នុងស្រុកជាដើម ដើម្បីកែប្រែជីវភាពឲ្យកាន់តែល្អប្រសើរឡើង។

ឯកឧត្ដម កែន សត្ថា អភិបាលខេត្តកែប

ក្រៅពីនោះសមុទ្រកម្ពុជា មានងារជាតារារះនាទិសនារតី បានផ្ដល់នូវសម្បត្តិធម្មជាតិជាច្រើន អាចកែច្នៃយកទៅបម្រើក្នុងវិស័យម្ហូបអាហារដ៏សម្បូរបែបដល់មនុស្សជាតិ និងសម្បុកសម្បត្តិធម្មជាតិមានតម្លៃជាច្រើនរាប់មិនអស់ អាចផ្ដល់ផលប្រយោជន៍ក្នុងបច្ចុប្បន្ន និងបន្តទៅអនាគតទៀត។

ឯកឧត្ដម ថោង ខុន អញ្ជើញត្រួតពិនិត្យការហាត់សមមួយចំនួន

អភិបាលខេត្តកែប បន្តទៀតថា បុណ្យសមុទ្រគឺជាការដាស់តឿនស្មារតីដល់ពលរដ្ឋខ្មែរ គ្រប់រូបឲ្យចេះស្រឡាញ់ និងថែរក្សាការពារសម្បត្តិធម្មជាតិដ៏មានតម្លៃ មិនអាចកាត់ថ្លៃនេះតដល់កូនចៅជំនាន់ក្រោយទៀតរាប់ពាន់រាប់ម៉ឺនឆ្នាំទៀត។ ដូច្នេះប្រជាពលរដ្ឋខ្មែរមានកាតព្វកិច្ចដ៏សំខាន់ការពារសមុទ្រកុំឲ្យមានការបំពុល រក្សាឲ្យបាននៅពណ៌ខៀវស្រងាត់ជារៀងរហូតទៅ។ ជាក់ស្ដែងប្រធានបទឆ្នាំនេះគឺ មានទឹកសមុទ្រពណ៌ខៀវ គឺអនាគត និងបច្ចុប្បន្ន។

ពិធីបុណ្យសមុទ្រលើកទី ៦នេះ គឺប្រព្រឹត្តិទៅមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ២២ ខែធ្នូ ដល់ថ្ងៃទី ២៤ខែធ្នូ ឆ្នាំ២០១៧ នៅលើទឹកដីខេត្តកែប។ បុណ្យដ៏ពិសេសនេះ មានកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជា ការប្រកួតកីឡាដល់ទៅ១០ប្រភេទទាំងលើគោក និងក្នុងទឹក ការប្រគុំតន្រ្តីបុរាណសម័យ មានរបាំ យីកេ ល្ខោនបាសាក់ និងជាពិសេសនោះភ្ញៀវទេសចរនឹងរីករាយនូកការដើរទិញទំនិញរាប់រយប្រភេទរហូតទៅដល់ជាង ១០០០តង់ឯណោះ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់