• 2018-01-17 10:19:21
  • ព័ត៌មាន

អ្នកទៅលេងអង្គវត្ត នឹង​ប្លែកភ្នែក ដោយសារ​ការកែលម្អថ្មី​មួយនេះ

  • 2018-01-17 10:19:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រោង​ទង​កូរ​សមុទ្រ​ទឹក​ដោះ​នៃ​ប្រាសា​ទ​អង្គរ​វត្ត​ នឹង​ត្រូវ​បំពាក់​ពិតាន​ឈើ​ឡើង​វិញ​ ដើម្បី​បង្ហាញ​ពីសិល្បៈ​តុប​តែង​ក្នុង​ស្ថាបត្យ​កម្ម​ដ៏​កំពូល​របស់​ខ្មែរនា​សម័យ​អង្គរ​។

ការ​បំពាក់​ពិតាន​ឈើ​នៅ​លើ​រោង​ទង​កូរ​សមុទ្រ​ទឹក​ដោះ​នៅ​​ប្រាសា​ទ​​អង្គរ​វត្ត​នេះ ជា​គម្រោង​សហការ​នៃអាជ្ញាធរ​ជាតិ​អប្សរា ​និង​អង្គការ​មូល​និធិ​ប្រាសាទ​បុរាណ​ពិភព​លោក​ (World Monument Fund-WMF) របស់​សហរដ្ឋអា​មេរិក​។

(ពិតានដែល​ដាក់​នៅ​លើ​រោងទង​កូរសមុទ្រទឹកដោះ)

អ្នក​សម្រប​សម្រួល​និង​អនុវត្ដ​គម្រោង​នៃ​អង្គការ​មូលនិធិ​ប្រាសាទ​បុរាណ​ពិភពលោក ​អ្នក​ស្រី ជាម ផល្លី ​ឲ្យ​ដឹង​ថា គម្រោង​នេះ​បានចាប់​ផ្ដើម​សាក​ល្បង​ហើយ ប៉ុន្ដែ​មិន​ដឹង​បញ្ចប់​នៅ​ពេល​ណា​បាន​ទេ ​ព្រោះ​ពិតាន​ឈើ​ថ្មី​ទាំង​នេះ​ឆ្លាក់តែ​ជាងចម្លាក់​ម្នាក់​គត់។ 

តាម​ការ​រៀប​រាប់​របស់​អ្នកស្រី​ ពិតាន​ឈើ​ទាំង​អស់​ត្រូវ​ឆ្លាក់​តាម​ទម្រង់​ដើម ដែល​មាន​បន្សល់​ទុក​តាំង​បុរាណ​កាលមក​។  ម្យ៉ាង​ទៀត ទាំង​សមត្ថភាព​ឆ្លាក់​និង​គុណភាព​រូប​ចម្លាក់​ក៏ត្រូវ​​ទទួល​ស្គាល់​ដោយ​គណៈកម្មការ​អាយ​ស៊ីស៊ី-អង្គរ​ដែរ ហើយ​ឈើដែល​ត្រូវ​យក​មក​ឆ្លាក់​ធ្វើ​ជា​ពិ​តាន​គឺ​ប្រភេទ​​ឈើគគីរ​។

អ្នក​ស្រី​បញ្ជាក់ថាៈ «​ហេតុ​ផល​ដែល​ជ្រើស​រើស​ឈើគគីរ ព្រោះ​ថា​ឈើ​ពិតា​នដែល​បន្សល់​​ពី​បុរាណ​និ​ងរក្សា​ទុក​នៅ​សារមន្ទីរ​ជាតិភ្នំពេញ​ និង​សារមន្ទីរ​នៅ​ប្រទេស​បារាំង​ ក៏​ជា​ប្រភេទ​ឈើ​គគីរដែរ...សាច់​ឈើ​គគីរ​ធន់​នឹង​​ទឹក​ហើយ​គម្រោង​នេះ​ត្រូវ​ការ​ឈើ​គគីរ​ប្រមាណ​ជាង ១០​ម៉ែ​ត្រ​​គីប​​ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នៅ​ពេល​នេះ ​គឺកង្វះ​ឈើ​ដែល​ធ្វើ​ឱ្យ​គម្រោង​មាន​ភាព​យឺត​យ៉ាវ»។

(មន្ត្រីជំនាញ​កំពុង​សាកល្បង​ដាក់​ពិតាននៅរោងទង​កូរសមុទ្រ​ទឹក​ដោះ)

ពិតាន​ឈើ​ថ្មី​ដែល​នឹង​ត្រូវ​យក​ទៅ​បំពាក់​លើ​ថែវ​កូរ​សមុទ្រ​ទឹក​ដោះ​នេះ​ គឺ​មាន​ឆ្លាក់​ចម្លាក់​ក្បាច់ ធ្វើ​តាមសំណល់​បុរាណ​​ដោយ​មាន​ក្បាច់​ចំនួន១០​ប្រភេទ គឺ ក្បាច់​ផ្កា​ចាន់​ ក្បាច់​ផ្កា​ពង​ត្រី​ ក្បាច់​ត្រឡាច​បំបែក​ ក្បាច់​ពេជ្រក្តារ​ ក្បាច់​ចែង​អង្គរ​ ក្បាច់​ស្នឹង​ព័ទ្ធ ក្បាច់​សន្លឹក​ឈូក​បំបែក​ ក្បាច់​ពង​ត្រី​រង្វង់ ក្បាច់​កេសរ​ និង​ក្បាច់​ផ្លែ​ឈូក​។

អ្នកស្រី ឲ្យដឹងទៀតថាៈ «ការ​ឆ្លាក់​ទំហំ​ពិដាន​ឲ្យ​ឆ្លាស់​គ្នា​នេះ​គឺ​យើង​ត្រូវ​ធ្វើ​ឲ្យ​ដូច​ទម្រង់​ដើម ហើយ​តាម​ការ​សិក្សា​លើ​សំណល់​ពិតាន​បាន​បង្ហាញ​ឲ្យឃើញ​ថា​ដូនតា​យើង​មិន​បាន​​កំណត់​ទំហំ​ពិតាន​ដូច​គ្នា​នោះ​ទេ​»។

អ្នកស្រី ជាម ផល្លី ឲ្យដឹង​បន្ថែម​ថា ការ​ដាក់​ពិតាន​ឈើ​នៅ​រោង​ទង​កូរ​សមុទ្រ​ទឹក​ដោះ​នៅ​ប្រាសាទ​អង្គរ​វត្ត​ក៏​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​អំពី​​សិល្បៈ​នៃ​ការតុប​តែង​របស់​បុព្វ​បុរស​ខ្មែរ​ជំនាន់​នោះ​ ដែល​​ឡើង​​​ដល់​កម្រិត​កំពូល​។ ម្យ៉ាង​វិញ​ទៀត គម្រោង​នេះ​ក៏​ជាការ​បង្ហាញ​ឲ្យកូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​សិក្សា​ស្វែង​យល់​បន្ថែម​ទៀត​ផង​ដែរ​៕

អត្ថបទដោយ៖ រស់ សុជាតិ​

មតិយោបល់