- 2018-01-18 01:53:36
- ព័ត៌មាន
រៀនIT ទេ តែចេះច្នៃម៉ូតសម្លៀកបំពាក់លើតុក្កតាបានស្អាត គួរឲ្យភ្ញាក់ផ្អើល
- 2018-01-18 01:53:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀនIT ទេ តែចេះច្នៃម៉ូតសម្លៀកបំពាក់លើតុក្កតាបានស្អាត គួរឲ្យភ្ញាក់ផ្អើល
ចន្លោះមិនឃើញ
អ្នកជំនាញច្នៃម៉ូតសម្លៀកបំពាក់បុរាណខ្មែរលើរូបតុក្កតាស្រីបាប៊ី (Barbie Dolls) នឹងបង្ហាញស្នាដៃច្នៃប្រឌិតរបស់ខ្លួនសារជាថ្មីទៀត តាមរយៈការតុបតែងឈុតសម្លៀកបំពាក់តំណាងរាជធានីខេត្តទាំង ២៥នៃព្រះរាជាណាចក្រកម្ពុជា។
លោក ជៀប ស៊ីបូរ៉ា ដែលគេស្គាល់ថាជាអ្នកជំនាញច្នៃម៉ូតសម្លៀកបំពាក់អប្សរាលើតុក្កតាបាប៊ី ឲ្យSabay ដឹងថាការ បង្កើតស្នាដៃច្នៃប្រឌិតនេះដើម្បីបង្ហាញពីគំនិតច្នៃប្រឌិតបែបថ្មី ដែលបង្កប់នូវការអភិរក្ស។ ជាងនេះទៅទៀតលោកថាការធ្វើដូចនេះក៏ដើម្បីបណ្តុះទឹកចិត្តដល់យុវជនឲ្យមានគំនិតច្នៃប្រឌិតផងដែរ។
លោកឲ្យដឹងទៀតថា ពេលនេះលោកកំពុងតែច្នៃម៉ូតសម្លៀកបំពាក់បែបសហសម័យ ដែលជាការបូកបញ្ចូលនូវម៉ូតសម្លៀកបំពាក់ខ្មែរជាច្រើនសម័យកាលទៅលើរូបតុក្កតាតែមួយ ដើម្បីឲ្យក្លាយជាឈុតតំណាង រាជធានី ខេត្តនានារបស់កម្ពុជា។
លោកបញ្ជាក់ថាៈ «ប្រាកដណាស់បង បើយើងច្នៃម៉ូតសម្លៀកបំពាក់ខ្មែរទៅលើរូបតុក្កតាស្រីបរទេស វានឹងបង្ហាញឲ្យឃើញពីភាពលេចធ្លោនៃម៉ូតសម្លៀកបំពាក់ទាំងនោះ ជាពិសេសទៅទៀតយើងក៏ធ្វើឲ្យស្របទៅតាមអ្វីដែលខេត្តនីមួយៗមានដែរ។ ជាក់ស្ដែងដូចជាខេត្តសៀមរាបខ្ញុំបានបូកបញ្ចូលនូវម៉ូតសក់សម័យអង្គរ និងសម្លៀកបំពាក់សម័យអង្គរបញ្ចូលជាមួយសម័យចតុមុខ តុបតែងលើរូបតុក្កតាស្រីបាប៊ី ដើម្បីឲ្យមានភាពស្រស់ស្អាតតែម្ដង»។
សម្រាប់ខេត្តផ្សេងទៀត លោកថា លោកនឹងរៀបចំតុបតែងទៅតាមអ្វីដែលជាវត្ថុតំណាង ឬអ្វីដែលល្បីប្រចាំខេត្តទាំងនោះ។
ស្សិតរៀនផ្នែកព័ត៌មានវិទ្យា ដែលភ្ជាប់ខ្លួននឹងការច្នៃម៉ូតសម្លៀកបំពាក់លើតុក្កតារូបនេះឲ្យដឹងបន្ថែមថា រហូតមកដល់ពេលនេះលោកបានច្នៃម៉ូតសម្លៀកបំពាក់លើតុក្កតាតំណាងរាជធានី ខេត្តបានចំនួន ១៥រួចហើយ និងគ្រោងបញ្ចប់គម្រោងរបស់ខ្លួននៅចុងខែមករានេះ។
ទោះយ៉ាងណា លោកមិនទាន់មានគម្រោងនឹងបង្ហាញរូបតុក្កតាអប្សរា២៥ រាជធានី ខេត្តនេះនៅក្នុងព្រឹត្តិការណ៍ណាមួយនៅឡើយទេ ប៉ុន្ដែលោកនឹងបង្ហាញរូបទាំងនេះនៅលើ Facebook page របស់ លោកជាមុនសិន ហើយបើមានអ្នកទាក់ទង លោកនឹងនាំរូបទាំងនោះទៅបង្ហាញខ្លួនបន្តទៀត។
លោក ជៀប ស៊ីបូរ៉ា បានចាប់ផ្ដើមច្នៃម៉ូតសម្លៀកបំពាក់បុរាណខ្មែរលើរូបតុក្កតាស្រីបរទេស ឬ Barbie Dolls តាំងពីឆ្នាំ២០១១ មកម្ល៉េះ ដោយលោកបានឲ្យឈ្មោះទៅលើតុក្កតាស្រីដែលលោកគ្រងសម្លៀកបំពាក់បុរាណខ្មែរថាអប្សរាបាប៊ីដូល។ គិតរហូតមកដល់ពេលនេះលោកបានច្នៃម៉ូតសម្លៀកបំពាក់លើតុក្កតាបានជាង ១០០ម៉ូតហើយ៕