- 2018-02-12 10:36:57
- ព័ត៌មាន
ហេតុផលពីរយ៉ាង ជំរុញឲ្យនិស្សិតជប៉ុនមួយក្រុមខំហោះ មកជួយសាងសង់ផ្ទះជូនពលរដ្ឋក្រីក្រខ្មែរ
- 2018-02-12 10:36:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលពីរយ៉ាង ជំរុញឲ្យនិស្សិតជប៉ុនមួយក្រុមខំហោះ មកជួយសាងសង់ផ្ទះជូនពលរដ្ឋក្រីក្រខ្មែរ
ចន្លោះមិនឃើញ
«ពួកយើងបានមកដល់កម្ពុជាតាំងពីថ្ងៃទី៤ ខែកុម្ភៈ មកម្ល៉េះ ដើម្បីជួយសាងសង់ផ្ទះជូនប្រជាជនខ្មែរ...ប្រវត្តិសាស្ដ្រដ៏ជូរចត់របស់កម្ពុជា និងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ជប៉ុន ជាកត្តាដ៏សំខាន់ជំរុញឲ្យយើងខ្ញុំមកទីនេះដោយស្ម័គ្រចិត្ត»។ នេះជាការលើកឡើងរបស់លោក Keiji Takahashi ប្រធានក្រុមនិស្សិតស្ម័គ្រចិត្តសាកលវិទ្យាល័យ Kwansei Gakuin របស់ប្រទេសជប៉ុន ក្នុងអំឡុងពេលកំពុងសាងសង់ផ្ទះ ជូនប្រជាជនខ្មែរក្រីក្រក្នុងទឹកដីខេត្តសៀមរាប។
លោក Takahashi បានឲ្យដឹងថា ក្រុមនិស្សិតស្ម័គ្រចិត្តរបស់លោកធ្លាប់បានមកកម្ពុជាម្ដងរួចមកហើយកាលពី៤ឆ្នាំមុន។ ចំពោះបេសកកម្មមកកាន់កម្ពុជាលើកនេះ ក្រុមនិស្សិតស្ម័គ្រចិត្តរបស់លោកមានសមាជិក ១៣នាក់ និងចំណាយពេលចំនួន១៣ថ្ងៃ ដោយបានសហការជាមួយអង្គការលំនៅដ្ឋានអន្តរជាតិ Habitat។
លោកបញ្ជាក់ពីមូលហេតុដែលជំរុញឲ្យក្រុមរបស់លោកមកកម្ពុជាថាៈ «កម្ពុជាជាប្រទេសមួយដែលមានរឿងរ៉ាវប្រវត្តិសាស្ដ្រជាច្រើន ជាពិសេសគឺរបបខ្មែរក្រហមដែលយើងធ្លាប់បានសិក្សា របបនេះថ្វីបើដួលរលំទៅហើយក្ដី ក៏ប៉ុន្ដែវាក៏នៅតែបង្កផលប៉ះពាល់ដល់សតិអារម្មណ៍ និងជីវភាពរបស់ប្រជាជនកម្ពុជា...ម្យ៉ាងទៀតបច្ចុប្បន្នទំនាក់ទំនងរវាងរដ្ឋាភិបាលជប៉ុន និងកម្ពុជា មានភាពល្អប្រសើរណាស់ ទាំងនេះជាហេតុផលដ៏សំខាន់មួយជំរុញឲ្យពួកយើងស្ម័គ្រមកទីនេះម្ដងហើយម្ដងទៀត»។
សម្រាប់ការស្ម័គចិត្តសង់ផ្ទះនេះ លោក Takahashi បញ្ជាក់ថាពួកលោកបានត្រឹមជួយជាកម្លាំងក្នុងការសាងសង់ប៉ុណ្ណោះ។
សម្រាប់ការសាងសង់នេះគឺស្ថិតក្នុងគម្រោងរបស់អង្គការលំនៅដ្ឋានអន្តរជាតិ Habitat ដែលគម្រោងនេះមានរយៈពេលប្រាំឆ្នាំ សង់ផ្ទះជូនជនក្រីក្រជិត១ ០០០ខ្នង នៅខេត្តបាត់ដំបង សៀមរាប និងភ្នំពេញ។
លោក Takahashi ឲ្យដឹងបន្ថែមផងដែរថា ប្រជាជនកម្ពុជាពិតជាមានភាពរួសរាយរាក់ទាក់ចំពោះជនបរទេសណាស់ ហើយនេះក៏ជាបទពិសោធន៍មួយដែលក្រុមរបស់លោកមិនអាចបំភ្លេចបានឡើយ។
ក្រៅពីនេះក្រុមនិស្សិតស្ម័គ្រចិត្តជប៉ុនទាំង១៣នាក់ ក៏បានសិក្សាស្វែងយល់អំពីវប្បធម៌ និងរបៀបរបបរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ។ អ្នកទាំង១៣នាក់នឹងត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។