• 2018-05-15 02:43:10
  • ព័ត៌មាន

ផ្ទុះការរិះគន់អក្សរចិនលើស្លាកហាងគ្មានអក្សរខ្មែរ មន្ត្រីថាបានចុះណែនាំដែរ តែគេមិនស្តាប់

  • 2018-05-15 02:43:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណី​មហាជន​​រិះគន់ថា ស្លាក​យីហោ ឬ​ស្លាក​សញ្ញា​ហាង​លក់ដូរ​សរសេរ​អក្សរ​ចិន​, ថៃ ធំៗ​នៅលើ​អក្សរ​ខ្មែរ ឬ​កន្លែង​ខ្លះ​មិន​ទាំង​សរសេរ​អក្សរ​ខ្មែរ​នោះ មន្ត្រី​ប្រតិកម្ម​ថា ករណីនេះ​មន្ត្រី​បាន​ចុះ​អប់រំ ណែនាំ​ហើយ​មួយដង​ជា​២​ដង​ហើយ តែ​ម្ចាស់​ដាក់​ស្លាក​ទាំងនោះ មិន​ស្តាប់ មិន​អនុវត្តតាម​។​

​ប្រជាពលរដ្ឋ មន្ត្រីរាជការ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ឬ​និយាយ​យ​រួម​ថា មហាជន​នៅ​ក្រុង​ប៉ោយប៉ែត និង​ភ្ញៀវ​ទៅ​ទស្សនា​នៅ​ក្រុង​ប៉ោយប៉ែត​បានរ​ង្គា​ស​ចិត្ត ហើយ​សោកស្តាយ​យ៉ាងខ្លាំង​នឹង​ការដាក់​ស្លាក​យីហោ​នានា​ជា​អក្សរ​ចិន​, អក្សរ​ថៃ​ក្នុង​ទំហំ​ធំៗ ហើយ​នៅ​ពីលើ​អក្សរ​ខ្មែរ ឬ​ជួនកាល​សរសេរ​អក្សរ​បរទេស​នេះ អត់​ទាំង​អ​ក្សេ​រ​ខ្មែរ​តែម្តង​ផង​ទៀត​។​

​ស្លាក​ទាំងនោះ ដូចជា​ហាង​អាហារ ផ្ទះសំណាក់ សណ្ឋាគារ ហាង​កាហ្វេ ហាង​អ៊ី​ន​ធើណិ​ត បៀរ​ហ្គា​ដិ​ន ….​ទាំងនោះ​មាននៅ “​តំបន់​ប្លុក​កាស៊ីណូ និង​តាម​មាត់​អូរ​ព្រំដែន​កម្ពុជា ថៃ​”, នៅក្នុង​កាស៊ីណូ​ក្នុងភូមិ​ក្បាលស្ពាន​១​នៅ​ម្តុំ​ផ្លូវ​ផ្សារ​ដើម​ពុទ្រា និង​ជិត​ផ្សារ​ប៉ោយប៉ែត​ថ្មី ឬ​ផ្សារ​អគ្គ និង​នៅ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​បាលី​លេ​យ្យ​១ បាលី​លេ​យ្យ​២ ភូមិ​ប៉ោយប៉ែ​តនៃ​សង្កាត់​-​ក្រុង​ប៉ោយប៉ែត​។

​មហាជន​មានការ​មិនពេញចិត្ត ​ហើយ​បានចាត់ទុក​ការសរសេរ​អក្សរ​បរទេស លើ​បូរណភាព​ទឹកដី​កម្ពុជា​បែបនេះ ថា​ជាការ​មើលងាយ វាយ​បន្ថោក​តម្លៃ​ខ្មែរ​។​

​លោក យង់ តាំង​កួយ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តបន្ទាយមានជ័យ បាន​និយាយប្រាប់​សារព័ត៌មាន​ថា អាជ្ញាធរ​និង​ជំនាញ​មានច្បាប់​ស្តីពី​ការដាក់​ស្លាក​យីហោ​ជា​អក្សរ​ខ្មែរ​ឲ្យ​ធំ​ជាង និង​នៅ​ពីលើ​អក្សរ​បរទេស​។ តែ​ករណី​ថា​សរសេរ​ជា​អក្សរ​ចិន​, ថៃ អត់​អក្សរ​ខ្មែរ ឬ​មាន​ដែរ តែ​នៅ​ពីក្រោម​និង​តូច​ជាង​នៅ​តំបន់​ប៉ោយប៉ែត​នោះ ជំនាញ​ក៏ដូចជា​អាជ្ញាធរ​មិន​គាំទ្រ​ទេ​។​

​ចំណែក​លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត ធ្លាប់​និយាយ​កាលពី​ពិធី​ប្រកាស​ទទួលស្គាល់ និង​សម្ពោធ​ទីស្នាក់ការ​សមាគម​ពាណិជ្ជកម្ម​ចិន កម្ពុជា​នៅ​ក្រុង​ប៉ោយប៉ែត​ថា អាជ្ញាធរ​បាន​ណែនាំ ហាមឃាត់​ជនជាតិ​ចិន​ដែល​ប្រព្រឹត្តល្មើស​។ ឬ​ធ្វើ​ស្លាក​យីហោ​ខ្លួន​ជា​អក្សរ​ចិន គ្មាន​អក្សរ​ខ្មែរ​។ ប៉ុន្តែ​ពេល​មាន​ករណី​មានការ​រិះគន់ នាពេលនេះ អាជ្ញាធរ​បាន​ចុះ​ណែនាំ​ហើយ​តែ​ម្ចាស់​កន្លែង​នៅ​មិនទាន់​អនុវត្តតាម​។​

​ចំពោះ​លោក ឈឿន សេរី​វុ​ធ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ​វិញ​ប្រាប់​កាសែត​រស្មី​កម្ពុ​ជានា​ថ្ងៃទី​១៤​ខែឧសភា​ថា តាមច្បាប់​មួយ​របស់​ក្រសួងទេសចរណ៍ បាន​ចែងថា រាល់​ស្លាក​សញ្ញា យីហោ ទាំងឡាយ ឲ្យ​សេ​សេរ​អក្សរ​ខ្មែរ​ជួរ​ខាងលើ ហើយ​ធំៗ​។ បន្ទាប់មក​សរសេរ​អក្សរ​អង់គ្លេស​ពីក្រោម ហើយ​តូច​ជាង​ពាក់កណ្តាល និង​ទើប​អាច​សរសេរ​អក្សរ​បរទេស​ផ្សេងទៀត (​មាន​អក្សរ​ចិន ,​ជ​ប៉ុ​ន្ កូរ៉េ បារាំង​. ) បាន​ហើយ​តូច​ជាង​។

​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​រូបនេះ​បន្តថា ករណី​ស្លាក​សញ្ញា ស្លាក់​យីហោ​ដែល​សរសេរ​អក្សរ​ចិន​ធំៗ ពីលើ​អក្សរ​ខ្មែរ​នៅក្នុង​ទឹកដី​ខ្មែរ​នេះ​. មន្ទីរ​បាន​បញ្ជូន​មន្ត្រី​ទៅពិនិត្យ និង​ណែនាំ​អោយ​អ្នក​ម្ចាស់​ដកហូត​ឬ​លុបចោល​។ ប៉ុន្តែ​អាជីវករ​ឬ​ម្ចាស់​ទាំងនោះ មិន​សហការ និង​មិន​ដកហូត​ស្លាក​ទាំង​នោះឡើយ​។ ក្នុងនោះ ម្ចាស់​ខ្លះ បាន​ឌឺដង ព្រហើន​ដាក់​មន្ត្រី​សមត្ថកិច្ច និង​អាជ្ញាធរ​ថែមទៀត ដោយ​លើកឡើងថា ការសរសេរ​អក្សរ​បរទេស ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទស្សនា​ច្រើនឡើងៗ​។​

​សូមបញ្ជាក់ថា ជនជាតិ​ចិន​ក្នុង​អាយុ​ពី​២០​ទៅ​៥០​ឆ្នាំ បានមក​ស្នាក់នៅ​ក្រុង​ប៉ោយប៉ែត នាបច្ចុប្បន្ន​មាន​ពី ៣​ពាន់​-៥​ពាន់​នាក់​៕

ប្រភព ៖ រស្មីកម្ពុជា

មតិយោបល់
អត្ថបទថ្មី