• 2018-07-05 10:33:16
  • ព័ត៌មាន

រាជរដ្ឋាភិបាល​ចេញ​សារាចរ​ ៨ចំណុច ដើម្បី​ត្រៀម​រៀប​ចំ​ខួប​ប្រាសាទ​ព្រះវិហារ និង​ប្រាសាទ​សំបូរព្រៃគុក

  • 2018-07-05 10:33:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

២០០៨-២០១៨ គឺ​មាន​រយៈ​ពេល​១០​ឆ្នាំ​គត់ ដែល​អង្គការ​ UNESCO បាន​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ ២០១៧-២០១៨ គឺជា​ខួប​លើក​ទី១ នៃ​ប្រាសាទ​សំបូរ​ព្រៃគុក ក្នុង​ខេត្ត​កំពង់ធំ បាន​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ ម៉្លោះ​ហើយ រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​រៀប​ចំ​ព្រឹត្តិការណ៍​ទាំងពីរ​បញ្ចូល​គ្នា​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក នា​ថ្ងៃ​ទី ១៥ ខែ​កក្កដា ឆ្នាំ ២០១៨ វេលាល្ងាច។

ចុចអាន៖ វត្តអារាម​ជិត ៥ ០០០ទូទាំងប្រទេសកម្ពុជា នឹង​ទូងស្គរ​ព្រមៗ​គ្នា នៅ​ព្រឹកថ្ងៃ​ទី ១៥ ខែកក្កដា ២០១៨

ប្រាសាទព្រះវិហារ (រូបភាព Print-Screent ចេញពីវីដេអូ​ស្ពត របស់​ក្រសួង​វប្បធម៌)

ដើម្បី​ឲ្យ​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​វប្បធម៌​ជាតិ​ ​អបអរសាទរ​ខួប​លើក​ទី ១០ ឆ្នាំ នៃ​ប្រាសាទ​ព្រះវិហារ​ និង​ខួប​លើក​ទី ១ នៃ​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ដែល​បាន​ចុះ​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក ប្រព្រឹត្តិ​ទៅ​ដោយ​ជោគជ័យ​រាជរដ្ឋាភិបាល​ បាន​​ចេញ​សារាចរ​ណែនាំ​​មួយ​ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី ១២ មិថុនា កន្លង​ទៅ ដែល​មាន​ ៨ចំណុច​ ដូច​ខាង​ក្រោម៖

រូបភាពប្រាសាទព្រះវិហារ និង​ប្រាសាទ​សំបូរព្រៃគុក

១. អនុញ្ញាត​ឲ្យ​ស្ថាប័ន​វប្បធម៌​ (ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ និង​អាជ្ញាធរ​ជាតិ​ព្រះវិហារ) និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ (ស.ស.យ.ក) រួមគ្នា​ធ្វើ​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​រៀប​ចំ​ពិធី​នេះ។

២. ត្រូវ​សហការ​ជាមួយ​ក្រសួង​ ស្ថាប័ន​ អាជ្ញាធរ​ដែន​ដី ដែល​ជា​សមាជិក​គណៈកម្មការ​អន្ដរ​ក្រសួង​រៀប​ចំ​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​វប្បធម៌​ជាតិ ដើម្បី​អបអរ​សាទរ​ខួប​លើក​ទី ១០ នៃ​ប្រាសាទ​ព្រះវិហារ និង​ខួប​លើក​ទី១ នៃ​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​ ដែល​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​បណ្ដា​អង្គការ​ជាតិ អង្គការ​អន្តរជាតិ​ រៀប​ចំ​ព្រឹត្តិការណ៍​នេះ​ឲ្យ​បាន​អធិកអធម​ ដោយ​នៅ​តាម​ក្រសួង​ ស្ថាប័ន​ រោង​ចក្រ​សហគ្រាស និង​គ្រប់​លំនៅឋាន​ប្រជាពលរដ្ឋ​ត្រូវ​លើក​ទង់ជាតិ​ ទង់ជ្វាលា បដា​ពាក្យ​ស្លោក បិទ​គំនូរ​ផ្សាយ​ តាម​ដង​ផ្លូវ​សាធារណៈ ទី​លាន​សាធារណៈ ចាប់​ពី​ថ្ងៃ​ទី ១៤ ដល់​ថ្ងៃ​ទី ១៥ ខែ​កក្កដា ២០១៨។

ប្រាសាទព្រះវិហារ

៣. ក្រសួង​ធម្មការ​ និង​សាសនា ត្រូវ​បំផុស​ចលនា​ព្រះសង្ឃ​នៅ​គ្រប់​ទី​អារាម​ទូទាំង​ប្រទេស​ ឲ្យ​រៀប​ចំ​កម្មវិធី​ទូងស្គរ​ជ័យ​នៅ​ថ្ងៃ​អាទិត្យ​ ៣កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី ១៥ ខែកក្កដា ឆ្នាំ ២០១៨ វេលា​ម៉ោង ៩ព្រឹក ដើម្បី​ចូលរួម​អបអរសាទរ​ព្រឹត្តិការណ៍​វប្បធម៌​ជាតិ​ដ៏​មាន​សារសំខាន់​នេះ​ឲ្យ​កាន់តែ​អធិកអធម​ ក៏ដូចជា​ការ​ផ្សព្វផ្សាយ​ និង​ជូន​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស​នៅ​គ្រប់​មជ្ឈដ្ឋាន​គ្រប់​ទីកន្លែង បាន​ដឹង​ព្រឹត្តិការណ៍​នេះ។

៤. ក្រសួង​ព័ត៌មាន​ ត្រូវ​រៀប​ចំ​កម្មវិធី​ផ្សាយ​ ឲ្យ​បាន​ទូលំទូលាយ​តាម​បណ្ដាញ​សារព័ត៌មាន​ជាតិ និង​ឯកជន រួមមាន​វិទ្យុ​ ទូរទស្សន៍​ កាសែត និង​ទស្សនាវដ្ដី នូវ​ខ្លឹមសារ​នៃ​ព្រឹត្តិការណ៍​វប្បធម៌​ជាតិ ដើម្បី​អបអរ​សាទរ​ខួប​លើក​ទី ១០ នៃ​ប្រាសាទ​ព្រះវិហារ​ និង​ខួប​លើក​ទី១ នៃ​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក​ ដែល​បាន​ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ព្រម​ទាំង​​ឯកសារ​ពាក់ព័ន្ធ​នានា ដើម្បី​បំផុស​ឲ្យ​សាធារណជន​យល់​ដឹង និង​ចូលរួម​កាន់តែ​សកម្ម​ថែម​ទៀត​ ក្នុង​ការ​ថែរក្សា​ ការពារ និង​លើក​ស្ទួយ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ។

៥. ក្រសួង​​ទេសចរណ៍​ ត្រូវ​ធ្វើ​ការ​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​ទេសចរណ៍​វប្បធម៌ ឲ្យ​បាន​ទូលំទូលាយ​ តាម​គ្រប់​រូបភាព​ជាពិសេស​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ តាមរយៈ​ទី​ភ្នាក់​ងារ​ទេសចរណ៍ និង​ប្រតិបត្តិ​ការ ទេសចរណ៍​គ្រប់​ប្រភេទ សំដៅ​បង្កើន​ការ​ទាក់ទាញ។

៦. អាជ្ញាធរ​ជាតិ​ព្រះវិហារ អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃគុក ត្រូវ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញាធរ​ដែន​ដី​ខេត្ត​រៀងៗ​ខ្លួន និង​រំលេច​ឡើង​នូវ​ខ្លឹម​សារ​ការងារ​ដ៏ជោគជ័យ​របស់​អាជ្ញាធរ​នីមួយៗ​ក្នុង​ការ​ថែរក្សា​ ការពារ និង​លើក​តម្កើង​តម្លៃ​បេតិកភណ្ឌ​វប្បធម៌​ជាតិ ដ៏​វិសេស​វិសាល​ឲ្យ​បាន​គង់វង្ស ប្រកបដោយ​ទិដ្ឋភាព​រស់រវើក​ និង​មាន​តម្លៃ​លេចធ្លោ​ជា​សកល ក្នុង​ការ​រៀប​ចំ​ព្រឹត្តិការណ៍​វប្បធម៌​ជាតិ​ជា​ប្រវត្តិសាស្ត្រ​នេះ​ឲ្យ​កាន់តែ​អធិកអធម​ក្រៃលែង។

៧. ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​ការពារ​ជាតិ​​ ត្រូវ​មាន​ការ​ណែនាំ​បែងចែក​កង​កម្លាំង​ សហការ​ការពារ​ សន្តិសុខ សណ្ដាប់​ធ្នាប់​សាធារណៈ​នៅ​តាម​ទី​កន្លែង​ប្រារព្ធ​ព្រឹត្តិការណ៍​វប្បធម៌​ជាតិ​ ដើម្បី​អបអរ​សាទរ​ខួប​លើក​ទី ១០ នៃ​ប្រាសាទ​ព្រះវិហារ​​ និង​ខួប​លើកទី១ នៃ​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ដែល​បាន​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ឲ្យ​មាន​ប្រសិទ្ធភាព​ និង​ស្មារតី ​ទទួល​ខុសត្រូវ​ខ្ពស់។

៨. ស្ថាប័ន​វប្បធម៌​ (ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​អាជ្ញាធរ​ជាតិ​ព្រះវិហារ​) ត្រូវ​ធ្វើ​ជា​លេខាធិការដ្ឋាន​ក្នុង​ការ​រៀប​ចំ​ឯកសារ​ឃោសនា​ផ្សព្វផ្សាយ​នានា បម្រើ​ឲ្យ​ខ្លឹមសារ​ព្រឹត្តិការណ៍​វប្បធម៌​ជាតិ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​ និង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់