• 2018-07-13 05:11:48
  • ព័ត៌មាន

ទារកអភ័ព្វ! កើតមក​កាយ​សម្បទា​មិនគ្រប់គ្រាន់ហើយ ត្រូវ​ម្តាយ​ឪពុក​បោះ​បង់ចោល​ទៀត​

  • 2018-07-13 05:11:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទារក​ម្នាក់​កំពុង​ត្រូវបាន​ក្រុម​គ្រូពេទ្យ​មើល​ថែ និង​មាន​សប្បុរសជន​មួយ​ចំនួន​កំពុង​រៃអង្គាស​ប្រាក់​សម្រាប់​ជួយ​ឧបត្ថម្ភ​ក្នុង​ការ​ព្យាបាលក​ជំងឺ និង​ថែទាំ​សុខភាព ខណៈម្តាយ​ឪពុកទារក​រូបនេះ​ខកខាន​មិនបាន​មក​មើល​ថែ​ជាង​មួយ​ខែ​មក​ហើយ។

(លោកប៉ាវ ផ្លយ កំពុង​Live វីដេអូ​នៅ​មន្ទីរកុមារជាតិ/រូបភាព៖ ប៉ាវ ផ្លយ)

តារាចម្រៀង លោក ប៉ាវ ផ្លយ ដែលបាន​ធ្វើ​វីដេអូLive ពី​ទារកនេះ បាន​ប្រាប់Sabay ថាទារកខាងលើ​មានជំងឺ​សើស្បែក ភ្នែកទាំងសងខាង​មិនអាច​មើល​ឃើញ និង​មាន​មាត់​ឆែប​ទៀត​ផង។ លោក​បន្តថា​ការ​Live វីដេអូ​នៅព្រឹក​នេះ​គឺ​ដើម្បី​រៃ​អង្គាស​ថវិកា​សម្រាប់​ជួយ​ទារក​នោះ។

តារាចម្រៀង ម្ចាស់បទ​ «អតីត» រូប​នេះ​បន្ត​ថា​តាម​អ្វី​ដែល​លោកបាន​​ដឹង​ពីក្រុម​គ្រូពេទ្យ​ទារកនេះ​មាន​អាយុ​ប្រហែល​បួន​ខែ ហើយ​ម្តាយ​ឪពុក​បាន​យក​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​កាលពី​ពីរ​ខែ​មុន។ លោក​ឲ្យ​ដឹងទៀតថា ឪពុក​ម្តាយ​ទារកខាង​លើ​បាន​មើល​ថែទារក​នេះ​តែប្រហែល​មួយ​សប្តាហ៍​ប៉ុណ្ណោះ​រួច​ក៏​បាត់​ដំណឹង​។ លោក​បន្ថែមថា៖ «បងអើយ​ឃើញ​ហើយ​ខ្ញុំទប់ទឹក​ភ្នែក​មិនបាន និយាយ​ត្រង់ខ្ញុំយំ បន់​ឲ្យតែឆាប់​ភ្លឺ​នឹងបាន​ទៅ​ជួបទារក​ហ្នឹង»។​

លោក​បន្តថា​ជាងមួយ​ខែ​ចុង​ក្រោយ​នេះ​ក្រុម​គ្រូពេទ្យ និង​អ្នក​ថែអ្នកជំងឺ​នៅ​ក្បែរ​នោះ​​ជាអ្នកជួយ​មើល​ថែ​ទារក​នេះ។ លោក​ថា៖ «គ្រូ​ពេទ្យ​បាន​ប្រមូល​លុយ​គ្នា​ទិញ​ទឹកដោះគោ និង​សម្ភារៈមួយ​ចំនួន​សម្រាប់​ក្មេង...​គ្រូពេទ្យ​ជួល​អ្នក​មើល​ថែ​មួយ​យប់​ពីរ​ម៉ឺនរៀល...​ឥឡូវ​ខ្ញុំ​បាន​ប្រមូល​ថវិកាបាន(ខ្លះ)​...​ប្រគល់​ឲ្យ​ទៅ​ក្រុម​គ្រូ​ពេទ្យ ព្រោះ​អត់មាន​ឪពុក​ម្តាយ​ទទួល»។

មន្ទីរ​ពេទ្យ​កុមារ​ជាតិ​បាន​សរសេរ​នៅលើ​ហ្វេស​ប៊ុក​ផេក​របស់ខ្លួននៅព្រឹកនេះ​ដែរថា​ទារក​ខាង​លើ​ត្រូវ​ម្តាយ​ឪពុក​ទុក​ចោល​នៅមន្ទីរពេទ្យ ហើយ​ពេលនេះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​មើល​ថែ​របស់​ក្រុមគ្រូ​ពេទ្យ។ ខាង​មន្ទីរពេទ្យ​ឲ្យ​ដឹង​ដែរថា​ក៏មាន​ដែរ​សម្បុរជន​បាន​ជួយ​ឧបត្ថម្ភ​ថវិកា និង​សម្ភារៈ សម្រាប់​ការ​ព្យាបាល និង​មើល​ថែ​ទាំង​ទារ​ក​នេះ​៕​

អត្ថបទ៖ ទូច សុខា

មតិយោបល់