- 2018-07-14 03:17:24
- ព័ត៌មាន
រកឃើញកន្លែងញ៉ាំអីបែបធម្មជាតិសុទ្ធគ្មានគីមី ៣កន្លែង ទេសភាពស្អាតកប់ហើយថោកទៀត
- 2018-07-14 03:17:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញកន្លែងញ៉ាំអីបែបធម្មជាតិសុទ្ធគ្មានគីមី ៣កន្លែង ទេសភាពស្អាតកប់ហើយថោកទៀត
ចន្លោះមិនឃើញ
ពេលទំនេរពីការងារ និងការសិក្សាមនុស្សម្នាក់ៗតែងរៀបចំគម្រោងដើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍នានា នៅតាមបណ្ដាខេត្តនានា។ ប្រសិនបើប្រិយមិត្តមានឱកាសទៅកម្សាន្តនៅតាមបណ្ដាខេត្តដូចខាងក្រោមនេះ កុំភ្លេចឆៀងចូលភ្លក់ម្ហូបអាហារបែបស្រុកស្រែ បន្លែធម្មជាតិគ្មានគីមីដូចខាងក្រោមនេះ មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានទេសភាពដ៏ស្រស់បំព្រងទៀតផង។
១. ភោជនីយដ្ឋានគ្រួសាររីករាយដាំបន្លែខ្លួនឯងធ្វើម្ហូបជូនភ្ញៀវ
ប្រិយមិត្តដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៦ កាត់តាមខេត្តកំពង់ធំ ត្រង់ចំណុចថ្នល់បំបែក ក្នុងសង្កាត់អាចារ្យលក្ខ ក្រុងស្ទឹងសែន កម្ររំលងភោជនីយដ្ឋាន គ្រួសាររីករាយណាស់ ព្រោះមានចំណុចគួរឲ្យចាប់អារម្មណ៍ជាច្រើន។ ក្នុងបរិយាកាសស្ងប់ស្ងាត់ ខ្យល់អាកាសបរិសុទ្ធ ហ៊ុមព័ទ្ធដោយបន្លែចម្រុះពណ៌បៃតងខ្ចី ភោជនីយដ្ឋានគ្រួសាររីករាយចាប់ផ្ដើមដំណើរជាង១០ឆ្នាំមកហើយ និងមានភ្ញៀវចេញចូលមិនដាច់ ព្រោះជាប់ចិត្តនឹងសម្លខ្មែរ គ្រប់មុខជាពិសេសបន្លែគ្មានជាតិគីមីតែម្ដង។
ម៉ូលីកា ជាកូនស្រីម្ចាស់ភោជនីយដ្ឋាននេះ ប្រាប់ក្រុមការងារ Sabay ដែលទៅញ៉ាំបាយថ្ងៃត្រង់នៅទីនោះថា បន្លែជាច្រើនប្រភេទ គឺដាំដោយគ្រួសារផ្ទាល់ ប្រើជីធម្មជាតិ ហើយអាចផ្គត់ផ្គង់បានស្ទើរទាំងស្រុង (៩០%) នាំបន្លែមកពីទីផ្សារតិចតួចបំផុត។ បន្លែទាំងនោះមានដូចជា៖ ត្រកួន ស្ពៃខ្មៅ ស្ពៃតឿ ស្ពៃចង្កឹះ ជី ស្បៃរឿង ប៉េងប៉ោះ ត្រប់វែង ពោតបារាំង ត្រសក់ ម្ទេស។ល។
ម៉ូលីកា ប្រាប់ទៀតថា ចំពោះមុខម្ហូបដ៏ពេញនិយមបំផុត សម្រាប់ភ្ញៀវដែលអញ្ជើញទៅពិសានៅទីនោះមានដូចជា៖ ទឹកគ្រឿងអន្លក់ខ្ចីស្រស់ៗ សម្លកកូរ ត្រីស្រែអាំងគ្រប់ប្រភេទ ផ្អក ម្ជូរស្រែ ម្ជូរគ្រឿង ម្ជូរក្ដាត និងសម្លខ្មែរជាច្រើនមុខទៀត។ ចំណែកមាន់វិញ លុះត្រាតែមាន់ស្រែទើបលក់ឲ្យភ្ញៀវ បើមិនមានទេ គឺមិនលក់ឡើយ រង់ចាំទាល់តែទិញបានពីអ្នកស្រុក។ រីឯតម្លៃវិញចាប់ពី ១ម៉ឺន២ពាន់រៀលឡើងទៅ អាស្រ័យលើមុខម្ហូប។
ចង់ញ៉ាំមាន់ស្រែបន្លែស្រស់ កុំភ្លេចឆៀងចូល គ្រួសាររីករាយ។
២. អាហារដ្ឋានចម្ការត្រាវ
អាហារដ្ឋានចម្ការត្រាវ គឺជាកន្លែងសម្រាកលម្ហែកាយដ៏ល្អបំផុត សម្រាប់អ្នកចូលចិត្តទេសភាពបែបស្រុកស្រែ និងស្ងប់ស្ងាត់។ រមណីយដ្ឋានកែច្នៃបែបធម្មជាតិមួយនេះ កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនឲ្យទៅលេងកម្សាន្តនៅទីនោះ។ ក្រៅពីមានទេសភាពដ៏ស្រស់បំព្រង មានទាំងវាលស្រែ ស្រះទឹកធំៗដ៏ថ្លាឈ្វេងព្រមទាំងផ្កាឈូកកំពុងរីកក្រពុំ និងខ្យល់អាកាសដ៏បរិសុទ្ធ ជះក្លិនក្រអូបប្រហើរនៃក្លិនស្រូវ រុក្ខជាតិតូចធំហើយនោះ គឺម្ហូបអាហារគួរឲ្យចាប់អារម្មណ៍បំផុត។
បើតាមការរៀបរាប់ពី លោក យ៉ាន វិវឌ្ឍន៍ ជាម្ចាស់អភិវឌ្ឍរមណីដ្ឋានមួយនេះ ប្រាប់ថា ម្ហូបអាហារបែបស្រុកស្រែជាច្រើនមុខដូចជាសម្លម្ជូរត្រាវកូនត្រី ម្ជូរពងត្រី ម្ជូរស្រុកស្រែ សម្លកកូរ ប្រហើរ ម្ជូរគ្រឿង ត្រីអាំងត្រីបំពង មាន់អាំង មានស្ងោ និងម្ហូបជាច្រើនមុខទៀត សុទ្ធតែបែបធម្មជាតិទាំងអស់ដោយទិញពីអ្នកភូមិផ្ទាល់គ្មានជាតិគីមី ទាំងសាច់ ត្រី និងបន្លែគ្រប់ប្រភេទស្រស់យកមកចម្អិនភ្លាមៗ ជូនពិសាក្ដៅៗយ៉ាងឈ្ងុយឆ្ងាញ់។
ដូច្នេះប្រសិនបើចង់ភ្លក់រសជាតិម្ហូបខ្មែរគ្រប់មុខដ៏ឈ្ងុយឆ្ងាញ់ និងសម្រាកលម្ហែកាយក្រវាត់ចោលភាពស្មុគស្មាញទាំងឡាយអាចទៅទីនោះបាន ដោយស្ថិតនៅតាមផ្លូវជាតិលេខ៦ ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។
៣. រមណីយដ្ឋានធម្មជាតិភ្នំក្រោម
ក្រៅពីរមណីយដ្ឋានខាងលើ ភ្នំក្រោម ក៏ជាកន្លែងលេងកម្សាន្តបែបស្រុកស្រែដ៏ល្បីល្បាញមួយដែរ។ ចំពោះអ្នកមិនចង់ទៅកន្លែងថ្លង់អ៊ូអរ ចូលចិត្តបែបស្ងប់ស្ងាត់ រ៉ូមែនទិក ជាមួយគូស្នេហ៍ ឫជាលក្ខណៈគ្រួសារ គឺមិនខកបំណងឡើយ។ រមណីយដ្ឋានធម្មជាតិភ្នំក្រោម មានទេសភាពស្អាតលម្អដោយសួនផ្កាដ៏ស្រស់បំព្រង ស្រះទឹកដ៏ថ្លាឈ្វេងមានដាំដើមឈូក និងខ្ទូសសាងសង់លើទឹកជាច្រើនច្រើនកន្លែងទៀតផង ហើយប្រិយមិត្តក៏អាចជិះទូកលេងកម្សាន្តបានដែរ។
ជាពិសេសនោះ គឺល្បីថាម្ហូបអាហារបែបស្រុកស្រែគ្រប់មុខសុទ្ធតែឆ្ងាញ់ចង់ញ៉ាំអ្វីក៏មានតាមតម្រូវការ ហើយតម្លៃក៏សមរម្យសេវាក៏រហ័សទាន់ចិត្ត។
រមណីយដ្ឋានភ្នំក្រោមមានទីតាំងនៅភូមិក្រសាំងរលើង ស្រុកសៀមរាប ជិតភ្នំក្រោម ខេត្តសៀមរាប៕