• 2024-05-06 09:38:32
  • ព័ត៌មាន

បុណ្យភ្នំ បាន​ផ្ដល់​តម្លៃ​ជា​ប្រវត្ដិសាស្ដ្រ​ថ្មីមួយ​ទៀត​សម្រាប់​កម្ពុជា

  • 2024-05-06 09:38:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

vKirirom Pine Resort បាន​ផ្ដល់​ទីតាំង និង​សម្រួល​លើ​ដំណើរការ​រៀបចំ​ពិធី​បុណ្យ​ភ្នំ​ជា​លើក​ដំបូង​នៅ​កម្ពុជា។ ពិធី​បុណ្យ​ដែល​ទើប​បញ្ចប់​ទៅ​ដោយ​រលូន​កាល​ពី​ថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ​២០២៤ បាន​បង្ហាញ​សកម្មភាព និងសារ​ជា​ច្រើន​ដល់​មហាជន​ឲ្យ​ចេះ​ស្រឡាញ់ ការពារ​ធនធាន​ធម្មជាតិ និង​សម្អាត​បរិស្ថាន ព្រម​ទាំង​រួមចំណែក​លើក​កម្ពស់​វិស័យ​ទេសចរ​ធម្មជាតិ​នៅ​កម្ពុជា។

ឯកឧត្ដម ហេង វុទ្ធី ស្ថាបនិក​ជាន់​ខ្ពស់ នៃvKirirom Pine Resort បាន​ចាត់​ទុក​ពិធី​បុណ្យ​ភ្នំ គឺ​ជា​ពិធី​បុណ្យ​ដ៏​សំខាន់ និង​មាន​អត្ថន័យ​ជា​ប្រវត្ដិសាស្ដ្រ​ថ្មី​មួយ​ទៀត​សម្រាប់​កម្ពុជា​ដែល​យើង​អាច​ធ្វើ​បាន ដោយ​មាន​ការ​ចូល​រួម​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​ក្រសួង​ទេសចរណ៍ ក្រសួង​បរិស្ថាន អាជ្ញាធរ​ខេត្ដ​កំពង់​ស្ពឺ និង​ដៃគូ​ពាក់ព័ន្ធ។

ដៃម្ខាង​កាន់​បដា​ពាក្យស្លោក "យើង​រួម​កម្លាំង​គ្នា ការពារ បរិស្ថាន​កម្ពុជា" ហើយ​ដៃ​ម្ខាង​ទៀត​កាន់​ដង្កៀប​ចាប់​សំរាម ដោយ​មាន​អ្នក​កាន់​ថង់​ខ្មៅ​ធំ​យួរ​តាម​ក្រោយ​សម្រាប់​ចាំ​ទទួល​សំរាម ឯកឧត្ដម ហេង វុទ្ធី បាន​បង្ហាញ​ទីតាំង​ដែល​សម្ដេច​បវរធិបតី ហ៊ុន ម៉ាណែត និង​គ្រួសារ​ធ្លាប់​មក​ជិះ​ខ្សែរ៉ត និង​សកម្មភាព​កម្សាន្ដ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​រណីយដ្ឋាន វីគិរីរម្យ។

បើ​តាម​ឯកឧត្ដម ហេង វុទ្ធី សម្ដេច​នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត នឹង​អញ្ជើញ​មក​កាន់​ឧទ្យានជាតិ​គិរីរម្យ​ជាថ្មី​នា​ចុង​ខែ​ឧសភា ឆ្នាំ​២០២៤ ដើម្បី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល​មួយ​ចំនួន។ ទន្ទឹម​គ្នា​នេះ​ប្រជា​សហគមន៍ បុគ្គលិក​វិស័យ​ឯកជន ព្រម​ទាំង​ភ្ញៀវ​ទេស​ចរ​ផ្ទាល់ ក៏​អាច​យល់​កាន់​តែ​ច្បាស់​ពី​សម្បត្ដិធនធាន​ធម្មជាតិ ហើយ​អាច​នឹង​មាន​ស្មារតី​ទទួល​ខុសត្រូវ​​កាន់​តែ​ខ្ពស់​ចំពោះ​សំរាម​របស់​ខ្លួន តាម​រយៈ​សារ​ជា​ច្រើន និង​បញ្ចេញ​ព្រមៗ​គ្នា​ក្នុង​ឱកាស​បុណ្យ​ភ្នំ​នេះ។

ចំណែក​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោកជំទាវ ម៉ុម ថានី ក្នុង​ឱកាស​ចូល​រួម​អបអរសាទរ​ពិធី​បុណ្យភ្នំ​ដែល​ធ្វើ​ឡើង​នៅ​រណីយដ្ឋាន​វីគិរីរម្យ ផាញរីស៊ត ស្ថិតនៅ​ក្នុង​ឧទ្យានជាតិ​ព្រះសុរាម្រិត កុសុមៈ​គិរីរម្យ កាល​ពី​ថ្ងៃ​ទី៤ និង​ទី៥ ខែ​ឧសភា បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា ភ្នំ​បាន​ផ្ដល់​សារប្រយោជន៍​ច្រើន​ដល់​ជីវិត​មនុស្ស សត្វ និង​រុក្ខជាតិ។ លោក​ជំទាវ​ថា សម្ដេច​នាយករដ្ឋមន្ដ្រី​ធ្លាប់​ណែនាំ​ថា ក្រៅ​ពី​បុណ្យ​ទន្លេ ឬ​បុណ្យ​សមុទ្រ យើង​គួរ​មាន​បុណ្យ​ភ្នំ​មួយ​ទៀត។ ដូច្នេះ​ក្រសួង និង​ដៃគូ​ពាក់ព័ន្ធ​ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល ក៏​សម្រេច​រៀបចំ​ពិធី​បុណ្យ​នេះ​ឡើង ក្នុង​គោលបំណង​ធំ​បង្ហាញ​ពី​សក្ដានុពល​ទេសចរ សម្បត្ដិធម្មជាតិ ហើយ​ក៏​ចង់​ឲ្យ​គ្រប់​គ្នា​ឈ្វេងយល់​កាន់​តែ​ច្បាស់​អំពី​ភ្នំ។

បើ​តាម​រដ្ឋលេខាធិការ​រូប​នេះ តំបន់​ការ​ពារ​ធម្មជាតិ​ដែល​ជា​តំបន់​កំពុង​មាន​សក្ដានុពល​ទេសចរ​នា​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អគត គឺ​មាន​រហូត​ទៅ​ដល់ ៧លាន​ហិកតា ឬ​ស្មើ​ប្រមាណ ៤០% នៃ​ផ្ទៃដី​ព្រៃ​កម្ពុជា​ទាំង​មូល។ តំបន់​ការពារធម្មជាតិ ឬ​តំបន់​អេកូទេសចរ គឺ​ជា​គម្រប​ព្រៃឈើ ជង្រុក នៃ​ជីវៈចម្រុះ ព្រម​ទាំង​ជា​កន្លែង​ទាក់ទាញ​ប្រភព​ទឹក​សម្រាប់​ជីវិត​មនុស្ស សត្វ និង​រុក្ខជាតិ​ទៀត​ផង។

បើ​និយាយ​ពី​វិស័យ​ទេសចរ​វិញ​ក៏​សំខាន់​ណាស់​ដែរ ក្នុង​ការ​បង្កើត​ពិធី​បុណ្យ​ភ្នំ​នេះ​ឡើង។ រដ្ឋលេខាធិការ ក្រសួង​ទេសចរណ៍ ឯកឧត្ដម គុជ បញ្ញាសា ឲ្យ​ដឹង​ថា នៅ​អំឡុង​ពេល​កូវីដ-១៩ និង​ក្រោយ​វិបត្ដិ​ដ៏​ធំ​នេះ​ភ្លាមៗ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ​ចាប់​ផ្ដើម​ងាក​ទៅ​រក​ការ​កម្សាន្ដ​បែប​ធម្មជាតិ ឬ​កន្លែង​ស្ងប់ស្ងាត់។ បើ​ទោះ​បី​តួលេខ​ឆ្នាំ​២០២៣ ចំនួន​ភ្ញៀវ​ទេស​ចរ​ទៅ​កាន់​តំបន់​ការពារ​ធម្មជាតិ​ថយ​ចុះ​បន្ដិច ប៉ុន្ដែ​ឯកឧត្ដម​សង្កេត​ឃើញ​ទំនោរ​ដើរ​លេង​បែប​នេះ ហាក់​កើន​ឡើង​វិញ​នៅ​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ​២០២៤ ខណៈ​តួលេខ​ឆ្នាំ​២០២១ និង២២ បាន​ហក់​ឡើង​ខ្លាំង។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ដែល​Sabay ទទួល​បាន​នៅ​ថ្ងៃ​ទី៦ ខែ​ឧសភា ឆ្នាំ​២០២៤ ឲ្យដឹង​ថា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ​សរុប ៤៤៣,០៥២​នាក់ បាន​ចេញ​ទៅ​កម្សាន្ដ​តាម​គោលដៅ​ទេសចរណ៍​ធម្មជាតិ ឬ​អេកូទេសចរ​ក្នុង​ឆ្នាំ​២០២១។ រីឯ​ឆ្នាំ​២០២២ បាន​បន្ដ​កើន​ដល់ ៦៧៤,៣០២នាក់ ប៉ុន្ដែ​រយៈ​ពេល​១​ឆ្នាំ​ពេញ​ក្នុង​ឆ្នាំ​២០២៣ បាន​ធ្លាក់​ចុះ​បន្ដិច​វិញ គឺ​មាន​ចំនួន ៥៧៧,០៤៥នាក់៕

ជិន សុភ័ក្ដ្រ

មតិយោបល់