• 2018-08-11 03:08:04
  • ព័ត៌មាន

ខេត្តកំពង់ធំនឹងប្ដូរនិមិត្តសញ្ញាខេត្ត ក្រោយល្បីរឿងអស្ចារ្យមួយ

  • 2018-08-11 03:08:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រដ្ឋបាល​ខេត្ត​កំពង់ធំ​ គ្រោង​នឹង​ផ្លាស់​ប្ដូរ​និមិត្តសញ្ញា​នៃ​ខេត្ត​កំពង់ធំ​ ​សម្រាប់​ប្រើប្រាស់​លើ​លិខិត​រដ្ឋបាល​ផ្លូវការ​​ក្រោយខេត្ត​បានមាន​ឈ្មោះ​បោះ​សម្លេង​យ៉ាង​ខ្លាំង​ក្នុង​កំឡុង​ពេលប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក។​

​​ ​ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បាន​អនុម័តជាឯកឆន្ទលើការផ្លាស់​ប្ដូរ​ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥១ កាល​ពី​ថ្មីៗនេះ។ ប៉ុន្តែរង់​ចាំ​ការសម្រេចជាផ្លូវការ​ពីក្រសួងមហាផ្ទៃ​។

​និមិត្តសញ្ញាថ្មីនេះ នឹង​​​បន្ថែម​​រូប​​ប្រាសាទ​សំបូរ​ព្រៃគុក រូប​បដិមា​តោ រូប​ដំរី​ជាន់​ខ្លា រូប​កួរស្រូវ និងដើមឈើ ដែលមាន​អត្ថន័យ​ដូចខាងក្រោម​៖

១. រូប​ប្រាសាទ​យាយ​ព័ន្ធ​ តួប៉ម​កណ្តាល (ក្រុម​ខាងត្បូង​នៃ​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក)៖ តំណាង​ឲ្យ​ភាព​រុងរឿង​នៃ​ស្ថាបត្យកម្ម​ខ្មែរ នា​សតវត្សរ៍​ទី៧ ដែលមាន​នៅក្នុង​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក នា​ទឹកដី​ខេត្ត​កំពង់ធំ ហើយ​តំណាង​ឲ្យ​ជំនឿ​របស់​ខ្មែរ​បុរាណ​ក្នុងការ​គោរព​ព្រហ្មញ្ញ​សាសនា។

២. រូប​បដិមា​តោ (មកពី​ប្រាសាទ​តោ​នៃ​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក)៖ តំណាង​ឲ្យ​ភាព​អស្ចារ្យ នៃ​សិល្បៈ​ខ្មែរ​នាចុង​សម័យ​ចេនឡា​ក្នុង​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក និង​តំណាង​ឲ្យ​អំណាច អនុភាព​ខ្លាំងក្លា ដើម្បី​ការពារ​សភាវៈ​អាក្រក់​ទាំងពួង ត្បិតតោ​ជា​ស្តេច​នៃ​សត្វ​ចតុបាទ។

៣. រូប​ដំរី​ជាន់​ខ្លា៖ រូប​សំណាក​តំណាង​ឲ្យ​ខេត្ត​កំពង់ធំ ដែលមាន​តាំង​ពី​ទសវត្ស​ឆ្នាំ​១៩៦០ ហើយឆ្លុះ​បញ្ចាំង​ពី​តថភាព​ធនធាន​ធម្មជាតិ​នៃ​ខេត្ត​កំពង់ធំ និង​តំណាងឲ្យ​ឈុតឆាក​មួយ​ក្នុង​រឿង​រាមកេរ្តិ៍។

៤. រូប​កួរស្រូវ៖ តំណាង​ឲ្យ​ភាព​សម្បូរ​សប្បាយ និង​ភាព​រុងរឿង​នៃ​វិស័យ​កសិកម្ម ពិសេស​គឺ​ភោគផល​នៃ​ដំណាំស្រូវ​នៃ​ខេត្ត​កំពង់ធំ។

៥. ដើមឈើ៖ តំណាង​ឲ្យ​ការ​រីក​ចម្រើន​លើ​វិស័យ​កសិ-ឧស្សាហកម្ម ដែល​ខេត្ត​កំពង់ធំ​សម្បូរ​ដោយដី​មាន​ជីវជាតិ អំណោយ​ផល​ដល់​ដំណាំ​កសិកម្ម និង​កសិ-ឧស្សាហកម្ម។ 

ចំណែក​ខ្សែបូរ​ខាងក្រោម​មាន​អក្សរ​ខេត្ត​កំពង់ធំ ពណ៌​ក្រហម​ក្រម៉ៅ​ដែល​តំណាង​ឲ្យ​ពណ៌វប្បធម៌ ចង់​បង្ហាញថា​ខេត្ត​កំពង់ធំ​ជាខេត្ត​នៃ​វប្បធម៌​ផងដែរ៕

ប្រភព៖ ​រដ្ឋបាល​ខេត្ត​កំពង់ធំ​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី