- 2018-09-25 03:10:19
- ព័ត៌មាន
ទម្លាយល្បិច៤ស្នៀត របស់អ្នកលក់ក្នុងផ្សារក្ដាមនៅកែប ប្រយ័ត្នយកលុយចោលទទេៗ
- 2018-09-25 03:10:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាយល្បិច៤ស្នៀត របស់អ្នកលក់ក្នុងផ្សារក្ដាមនៅកែប ប្រយ័ត្នយកលុយចោលទទេៗ
ចន្លោះមិនឃើញ
ភ្ញៀវទេសចរដែលធ្វើដំណើរទៅកម្សាន្តកាន់ខេត្តកែប មិនដែលរំលងផ្សារក្ដាមឡើយ ជាជង្រុកកន្លែងគ្រឿងសមុទ្រស្រស់ៗគ្រប់ប្រភេទ។ ប៉ុន្តែក៏មានភ្ញៀវទេសចរមិនតិចនាក់ឡើយ ហាក់មិនសប្បាយចិត្តក្រោយពេលចំណាយលុយទិញអស់ទាំងម៉ឺនៗ តែបែរជាទិញចំរបស់មិនល្អ ហូបមិនកើត។
បើតាមអ្នកលក់ត្រីសាបាក់ម្នាក់ នៅក្នុងផ្សារក្ដាម បានលួចខ្សឹបប្រាប់ក្រុមការងារ Sabay ថាបើចង់មកទិញគ្រឿងសមុទ្រនៅផ្សារក្ដាម ត្រូវដឹងពីល្បិចអ្នកលក់ កុំឲ្យទិញហើយខកចិត្ត អស់ទាំងលុយ អស់ទាំងថ្លៃសាំង។ តទៅនេះ គឺជារឿងសំខាន់បំផុតត្រូវដឹង៖
១. អ្នកលក់ខ្លះយករបស់ចិញ្ចឹមមកបន្លំជាមួយរបស់ធម្មជាតិ
ពេលដែលកំណើនភ្ញៀវទេសចរទៅទិញកាន់តែច្រើន ធ្វើឲ្យការផ្គត់ផ្គង់មិនទាន់តម្រូវការធ្វើឲ្យអ្នកលក់ឆ្លៀតរត់ទៅទិញគ្រឿងសមុទ្រចិញ្ចឹមតម្លៃធូរៗយកមកលក់។ អ្នកលក់ខ្លះទៀត ទិញរបស់ចិញ្ចឹមយកមកលក់តែម្ដងព្រោះចង់ចំណេញច្រើន។ អ្នកលក់ម្នាក់ក្នុងផ្សារនេះ លួចប្រាប់ហាក់គ្មានខ្លាចបែកធ្លាយថា អ្នកទិញត្រូវចេះមើល ថាតើរបស់ណាធម្មជាតិ និងរបស់ណាចិញ្ចឹម។ ជាក់ស្ដែងបង្គាត្រូវបានអ្នកលក់បន្លំច្រើនជាងគេបំផុត។
អ្នកលក់សុំលាក់ឈ្មោះមិនបញ្ចេញត្រកូលខាងលើនេះបន្តថា បើបង្គាធម្មជាតិ មានតូចមានធំលាយគ្នា មិនមានទំហំប៉ុនគ្នាស្មើត្រឹបឡើយ ហើយជើងរបស់វាពណ៌ក្រហមៗ។ ចំណែកឯដងខ្លួនបង្គាទាំងមូលមានពណ៌ក្រហមតិច ក្លេងក្លោង។ រីឯបង្គាចិញ្ចឹមវិញ មានសម្បុររៀងក្រម៉ៅ ឬសថ្លា ជើងរបស់វាពណ៌ស ហើយមានទំហំប៉ុនៗគ្នាល្អណាស់ និងថ្លោសៗល្អ។ ដូច្នេះហើយត្រូវសម្គាល់ឲ្យច្បាស់ ប្រយ័ត្នធ្វើដំណើរដល់ខេត្តកែប តែបានត្រឹមហូបបង្គាចិញ្ចឹមក្នុងអាង។
ចំណែកឯក្ដាមសមុទ្រវិញក៏មានការបន្លឺដូចគ្នា ដើម្បីមើលថាតាមជាក្ដាមធម្មជាតិឬក៏អត់ អាជីវករក្នុងផ្សារក្ដាម ប្រាប់ថា គេអាចសម្គាល់ត្រង់ការចងកៅស៊ូ។ បើក្ដាមចិញ្ចឹម កៅស៊ូដែលចងនោះ មានពណ៌ចម្រុះ លឿង ក្រហម តែក្ដាមអ្នកនេសាទ មានចងកៅស៊ូតែ១ពណ៌ប៉ុណ្ណោះ គឺពណ៌លឿង។
២. ជៀសវាងដាច់ខាតឲ្យអ្នកលក់រើសឲ្យ
អ្នកលក់មួយចំនួនធំ ពេលដែលអតិថិជនទិញហើយ កាន់តែស្រវេស្រវារើសឲ្យ ហើយប្រាប់ថា ចាំខ្ញុំរើសអាល្អៗឲ្យ។ ក្នុងនោះក្ដាមសេះ ត្រូវបានអ្នកលក់បន្លំច្រើនជាងគេ ដោយយកក្ដាមស្គមៗ អត់មានសាច់ នៅសល់យូរថ្ងៃ បន្លំជាមួយរបស់ល្អ។ អ្នកលក់ប្រញាប់រើកកាយឲ្យ ព្រោះចង់ចាប់យកក្ដាមស្គមសកៗលក់ឲ្យឆាប់អស់។ ដូច្នេះអ្នកទិញត្រូវរើសខ្លួនឯង ក្ដាមធាត់ល្អ មានសាច់ គេសម្គាល់ត្រង់ថា៖ ពោះរបស់វារឹងល្អ យកដៃចុចទៅមិនទន់ ជាក្ដាមញី រាងប៉ោងៗមូលៗ ហើយសម្បុរក្រហមៗ។ រីឯក្ដាមដែលអ្នកលក់បន់ឲ្យឆាប់អស់គឺ ក្ដាមឈ្មោលៗ រាងវែងៗ សម្បុរសៗដូចលាបឡេ ខ្លួនវាទន់ៗ ពេលយកទៅស្រុះហើយបានត្រឹមជញ្ជក់យកជាតិ តែមិនមានសាច់ហូបឡើយ។
៣. តម្លៃកាត់ថ្លៃញាក់សាច់
បើតាមសម្ដីបុរសម្នាក់ ជាអ្នកទទួលចម្អិនម្ហូបក្នុងផ្សារក្ដាមដែរនោះ ប្រាប់ថា រឿងដែលត្រូវប្រយ័ត្នមួយទៀត គឺតម្លៃ។ ជាធម្មតាក្ដាមសេះដែលយកពីទូកអ្នកនេសាទ តម្លៃត្រឹម១ ៥០០០រៀល ក្នុង១គីឡូក្រាម ចំពោះក្ដាមមាឌតូចល្អិត និង ២០ ០០០រៀល ចំពោះក្ដាមទំហំធំល្មម។ ប៉ុន្តែអ្នកលក់ អាចកាត់ថ្លៃក្ដាមសេះ មើលទៅគ្រាន់ធំនោះ រហូតដល់៤ម៉ឺនរៀល ឬ៥ម៉ឺនរៀលក្នុង១គីឡូក្រាម។ ឯក្ដាមតូចៗ អាចកាត់ដល់ ៣៨ ០០០រៀល។
ដូច្នេះអ្នកទិញត្រូវចេះតថ្លៃ ប្រសិនបើកាត់ដល់១គីឡូ៥ម៉ឺន ឬ៤ម៉ឺន ត្រូវឲ្យតម្លៃត្រឹម ២៥ ០០០ ឬ៣ម៉ឺនរៀល បានហើយ។ ចំពោះក្ដាមៗតូច ថ្លៃបំផុតត្រឹម២ម៉ឺនរៀល ទៅ២ម៉ឺន៥ពាន់រៀល។ ប្រសិនបើអ្នកលក់ថាលក់អត់បាន សូមកុំរួញរា ត្រូវប្រញាប់ទៅតថ្លៃកន្លែងផ្សេង នោះប្រាកដជាអ្នកលក់ស្រែកថា៖ «តោះ! ឥឡូវបងឯងយកប៉ុន្មានគីឡូ?»
៤. ប្រយ័ត្នបំផុតការថ្លឹងមិនគ្រប់
ជាបទពិសោធន៍របស់យុវជនម្នាក់ មកពីភ្នំពេញ ទៅទិញបង្គានៅផ្សារក្ដាម កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៨ ត្រូវបានអ្នកលក់បន្លំភ្នែកជញ្ជីង ទិញ៣គីឡូ តែបានត្រឹម២គីឡូកន្លះ។ មូលហេតុឈានដល់ទម្លាយល្បិចអ្នកលក់ស្រស់ៗទាន់នឹងភ្នែក គឺរូបគេទិញហើយយកទៅសាកជញ្ជីងផ្សេងដល់ទៅ២កន្លែង សាកកន្លែងទី១បាត់១ខាំ តែសាកកន្លែងទី២បាត់រហូតដល់៥ខាំ។ អ្នកលក់បង្គាដែលត្រូវបានគេតាមទាន់នោះ បានដើរទៅមើលយុវជនខាងលើថ្លឹងសាកល្បងដែរ ហើយបានត្រៀមថែមបង្គាកន្លះគីឡូរួចជាស្រេចទុកមកថែមឲ្យ។
នេះជាហេតុការណ៍ ដែលអ្នកសារព័ត៌មាន Sabay បានជួបស្ដែងៗកាលពីម្សិលមិញនេះ៕