• 2018-12-04 03:16:01
  • ព័ត៌មាន

មិនបាច់​ទៅណាឆ្ងាយក៏បាន! ៤កន្លែងមិនឆ្ងាយប៉ុន្មានពីភ្នំពេញ ទេសភាពស្អាតខ្លាំង!

  • 2018-12-04 03:16:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់​ទេសចរណ៍​នៅ​កម្ពុជា មាន​ច្រើន​អនេក ទាំង​តំបន់​ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ តែ​ឲ្យ​តែ​ពេល​ចង់​ដើរ​លេង​ម្ដងៗ ច្រើន​ពិបាក​សម្រេច​ចិត្ត​ថា​ចង់​ទៅ​លេង​ឯណា។ ថ្ងៃ​នេះ Sabay សូម​បង្ហាញ​កន្លែង​ដើរ​លេង​បែប​ធម្មជាតិ​៤​កន្លែង មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភ្នំពេញ​ឡើយ សុទ្ធ​តែ​ស្អាតៗ​ខ្លាំង​ដូចគ្នា៖

១. ទឹក​ជ្រោះ​ចំបក់

សហគមន៍​​អេកូ​ធម្មជាតិ ចំបក់ ជា​រមណីយដ្ឋាន​ធម្មជាតិ​ទាក់​ទាញ​មួយ​​​ក្នុង​ខេត្ត កំពង់​ស្ពឺ​នៅ​ទី​នេះ​មាន​ទេសភាព​ដ៏​ស្រស់​ស្អាត​ដូច​ជា ​ព្រៃ​​ភ្នំ ទឹក​ជ្រោះ​ជា​ច្រើន​កន្លែង នឹង រូង​ប្រជៀវ​ជា​ដើម។ សម្រស់​ធម្មជាតិ​ទាំង​អស់​នេះ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ដែល​មក​កម្សាន្ត ដក់​ជាប់​អារម្មណ៍​ជា​និច្ច។

ចំបក់ ស្ថិត​ក្នុង​ទឹក​ដី ភូមិ​ចំបក ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត កំពង់ស្ពឺ ​ជាប់​ព្រំដែន​ឧទ្យាន​ជាតិ​គិរី​រម្យ។ ភ្ញៀវ​ទេសចរ ​អាច​ធ្វើ​​ដំណើរ​ពី​រាជធានី​ភ្នំពេញ តាម​បណ្ដោយ​​​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ១៨៥ បទ​ស្ដាំ​ត្រង់​​ត្រែងត្រយឹង ផ្លូវ​ចូល​គិរីរម្យ ​​មាន​ចម្ងាយ​​ប្រហែល​​២០​គីឡូម៉ែត្រ លុះ​ដល់​​ជើងភ្នំ​គិរី​រម្យ​បត់​​ស្កាំ​តាម​ផ្លូវ​ក្រួស​ក្រហម​​ចម្ងាយ​ប្រហែល៨ គីឡូម៉ែត្រ នោះ​យើង​នឹង​ទៅ​ដល់​សហគមន៍​​អេកូ​ធម្មជាតិ ចំបក់ ។

មុន​ចូល​​ទៅ​ដល់​ទៅ​ដល់​កន្លែង​​​ទឹក​ធ្លាក់ ភ្ញៀវ​ទេសចរណ៍ ត្រូវ​ជិះ​រទេះគោ ឬ​ម៉ូតូ​ឌុប ចម្ងាយ​ប្រហែល​ជាង២គីឡូម៉ត្រ បន្ទាប់​មក​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ឡើង​លើ​ភ្នំ ជា​ច្រើន​គីឡូម៉ែត្រ​ទៀត​ទើប​ទៅ​ដល់​កន្លែង​កម្សាន្ត​ជា​ច្រើន​ដែល​មាន​ចម្ងាយ​ផ្សេងៗ​គ្នា។ ប្រិយមិត្ត​គួរ​តែ​មាន ទឹក ឬ អាហារ ​ជាប់​តាម​ខ្លួន ព្រោះ​ផ្លូវ​ធ្វើ​ដំណើរ​នៅ​កណ្ដាល​ព្រៃ​ជ្រៅ។

២. ទំនប់​ស្ទឹង​តាសាល

ទំនប់​ស្ទឹង​តាសាល​ ​មាន​លក្ខណៈ​ទាក់ទាញ​​​​មិន​ចាញ់​ទំនប់​ម្លេច​​នៅ​ខេត្ត​កំពត ​ដោយ​សារ​ទី​នោះ​មាន​ផ្ទៃ​ទឹក​បឹង​យ៉ាង​ធំ​ ហ៊ុម​ព័ទ្ធ​ដោយ​​ភ្នំ​តូច​ធំ​វែង​​អន្លាយ​រំលេច​សម្រស់​ធម្មជាតិ​​ព្រៃភ្នំ​ រួម​ទាំង​​មាន​​ទំនប់​ទឹក​​ហូរ​ ដែល​អាច​​ឲ្យ​ភ្ញៀវ​ចុះ​មុជទឹក​លេង​កម្សាន្ត​យ៉ាង​សប្បាយ​ទៀត​ផង។

ទំនប់​ស្ទឹង​តាសាល​មាន​ចម្ងាយ​ជាង ៧០ គីឡូម៉ែត្រ ខាង​លិច​ទី​រួម​ខេត្ត​កំពង់​ស្ពឺ។ ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៤៤ ឆ្ពោះ​ទៅ​រួម​ស្រុក​ឱរ៉ាល់​​ដល់​រង្វង់​មូល​កន្ទួត ទៅ​ត្រង់​តាម​ផ្លូវ​លំ​​ចម្ងាយ​ជាង ១៥ គីឡូម៉ែត្រ​​​ដោយ​ឆ្លងកាត់​រមណីយដ្ឋាន​ទេ​ទឹក​ពុះ នឹង​ឃើញ​ស្លាក​បង្ហាញ​ទំនប់​ស្ទឹង​តាសាល រួច​បត់​ឆ្វេង​តាម​ផ្លូវ​កៅស៊ូ​ចម្ងាយ​ជាង ៤ គីឡូម៉ែត្រ​នឹង​ដល់​តំបន់​កម្សាន្ត​ទេសភាព​ធម្មជាតិ​នេះ។

៣. ទំនប់​ម្លេច

ទំនប់​ម្លេច ប្រៀបប្រដូច​ជា​ ឋានសួគ៌​​មួយ ព្រោះ​វា​នៅ​ជ្រលង​ភ្នំ ធ្វើ​ឲ្យ​អ្នក​ទស្សនា​ស្រស់ស្រាយ​អារម្មណ៍ លង់​នឹង​បឹង​ធម្មជាតិ អម​ជា​មួយ​ភ្នំ​សាង​ខាង មាន​ប្រជាជន​នេសាទ គោក្របី​អ្នក​ស្រុក និង សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​ហើរ​ស៊ី​ចំណី​នៅ​ទី​នោះ។

រមណីយដ្ឋាន​ដ៏​ស្អាត​បំផុតនេះ ​​​មាន​ទីតាំង​ស្ថិត​នៅ ព្រំប្រទល់​រវាង​ខេត្ត​កំពត​និង តាកែវ ក្នុង​ទឹក​ដី ស្ថិត​នៅ​ឃុំ ជ្រេស ស្រុក ជុំគិរី ខេត្ត កំពត មាន​ចម្ងាយ​ប្រមាណ ៩០​គីឡូ​ម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៣ ដោយ​បទ​​ស្ដាំ​ចូល​​ប្រវែង​ប្រហែល​៦ គីឡូម៉ែត្រ។

នៅ​ដើម​ផ្លូវ​មាន​អតីត​សកលវិទ្យាល័យ​មួយ​មាន​ឈ្មោះ​ថា "ភូមិន្ទ​តាកែវ​កំពត" ប៉ុន្តែ​​សាកល​វិទ្យាល័យ​​មួយ​នេះ នៅសល់​តែ​​​​ស្លាក​ឈ្មោះ​តែ​ប៉ុណ្ណោះ។ គ្រាន់​ជិះ​ចូល​ភ្លាម​យើង​នឹង​​​ឃើញ​ទេសភាព​ ចម្ការ​អ្នក​ស្រុក ភ្នំ​នារាយណ៍ ឬ​ភ្នំ​មេអំបៅ អម​សង​ខាង ដ៏​​ស្រស់បំព្រង ។

៤. ថ្មរូង

ថ្មរូង ជា​រមណីយដ្ឋាន​ធម្មជាតិ​​មួយ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ព្រៃ​ប្រសិទ្ធិ៍ ឃុំបាក់​រទេះ ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ។ ធ្វើ​ដំណើរ​​តាម​ផ្លូវ​ជាតិ​លេខ៤ ចំងាយ​ពី​ភ្នំពេញ​ប្រហែល​១១៥​គីឡូម៉ែត្រ បត់​ស្ដាំ​ប្រហែល​៧គីឡូម៉ែត្រ លោក​អ្នក​នឹង​ទៅ​ដល់ រមណីយដ្ឋាន​ថ្មរូង។ នៅ​ទី​នេះ ​ជា​កន្លែង​​​​កម្សាន្ត​បែប​ធម្មជាតិ​មួយ ដោយ​ភ្ញៀវ​អាច​ទស្សនា ព្រៃ​​ភ្នំ​ធម្មជាតិ ក៏​ដូច​ជា​ងូត​ទឹក​លេង យ៉ាង​សប្បាយ​រីក​រាយ។

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់