• 2018-12-08 04:49:14
  • សុខភាព

លំហាត់​១០​យ៉ាង​ដែល​អ្នក​គួរ​មាន ​បើ​ចង់​រឹងមាំ និងមាន​វិន័យ​ដូច​​ទាហាន

  • 2018-12-08 04:49:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ជា​មក​ទល់​សម័យ​ទំនើប​​ទៅ​ហើយ​ក្តី ប៉ុន្តែ​ប្រទេស​ជឿនលឿន​មួយ​ចំនួន​ដូច​កូរ៉េ​ខាងត្បូង​ជា​ដើម​នៅ​តែ​តម្រូវ​ឲ្យ​ពលរដ្ឋ​ខ្លួន​ ត្រូវ​តែ​បំពេញ​កាតព្វកិច្ច​យោធា ព្រោះ​ក្នុង​ជួរ​កងទ័ព​បាន​ពង្រឹង​​មនុស្ស​​ទាំង​កាយសម្បទា បញ្ញា និង ស្មារតី។

ទោះ​ជា​អ្នក​មិន​មាន​បំណង​ចូល​ក្នុង​កងទ័ព​ក៏​ដោយ ប៉ុន្តែ​លំហាត់​ទាំង​១០​យ៉ាង​​ខាង​ក្រោម​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​រឹងមាំ និង មាន​វិន័យ​ដូច​​ទាហាន៖

១០ លំហាត់​ប្រាណ​សម្រាប់ "​សួត"

លំហាត់​ប្រាណ​សម្រាប់​ "​សួត"​ជាប់​ពាក់ព័ន្ធ​យ៉ាង​សំខាន់​​ទៅ​នឹង ភ្លៅ គូទ​ និង សរសៃពួរ។

ចលនា​សាមញ្ញ​នោះ​គឺ ឈរ​ឲ្យ​ត្រង់​ខ្លួន រួច​បោះ​មួយ​ជំហាន​ទៅ​មុខ បើក​ស្មា​ទាំង​២​ស្រប​ដង​ខ្លួន បន្ទន់​ជង្គង់​ជើង​ខាង​ក្រោយ​ឲ្យ​ប៉ះ​នឹង​ដី ភ្លៅ​ខាង​មុខ​ក៏​ត្រូវ​បន្ទាប​ទាល់​តែ​ដល់​ដី​ដូច​គ្នា (ដូច​ក្នុង​រូប)។

ចំណាំ៖ ជង្គង់​ខាង​មុខ​របស់​អ្នក​មិន​ត្រូវ​ហួស​ចុង​ជើង​ទេ ហើយ​កម្លាំង​ទាំង​អស់​ត្រូវ​ប្រមូល​ផ្តុំ​លើ​កែងជើង​​ដើម្បី​ប្រឹង​បន្ទាប​​ខ្លួន​ទៅ​នឹង​ដី។

៩ លើក​ដង​ខ្លួន

លំហាត់​ប្រាណ​ដ៏​សាមញ្ញ​មួយ​នេះ នឹង​ជួយ​ពន្រឹង​ក្បាល​ពោះ និង ខ្នង​របស់​អ្នក​ឲ្យ​រឹងមាំ។ លំហាត់​ប្រាណ​ប្រភេទ​នេះ​​នឹង​បង្កើត​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ដង​ខ្លួន​របស់​អ្នក​ក្នុង​ការ​លើក​របស់​ធ្ងន់ៗ។

លំហាត់​​នេះ​​វា​ឈឺ​បន្តិច​ ពិសេស​ត្រង់​បរិវេណ​ក្បាល​ពោះ​សម្រាប់​អ្នក​មិន​ធ្លាប់​ហាត់ ​ប៉ុន្តែ​មាន​ប្រសិទ្ធភាព ព្រោះ​ "ភាព​ស្រ្តេស" ទាំង​អស់​អ្នក​បាន​បញ្ជូន​វា​ទៅ​តាម​សាច់​ដុំ ពោល​គឺ​វា​ធ្វើ​ឲ្យ​រឹងមាំ​ទាំង​ដង​ខ្លួន និង ស្រស់​ស្រាយ​ទាំង​អារម្មណ៍។

៨ បន្ទន់​ជង្គង់

ការ​បន្ទន់​ជង្គង់​​ជួយ​បង្កើត​សាច់ដុំ​ផ្នែក​ខាង​ក្រោម​របស់​អ្នក។ ជាមួយ​ជើង​រឹងមាំ ទាហាន​អាច​​លើក​របស់​ធ្ងន់ៗ​បាន។

បន្ទន់​ជង្គង់​មុំ ៤៥ ដឺក្រេ (ជង្គង់​មិន​ឲ្យ​ផុត​ចុង​ជើង) បញ្ឈរ​ដង​ខ្លួន​ឲ្យ​ត្រង់ បន្ទាប​ខ្លួន​ចុះ​ទៅ​ក្រោម​ឲ្យ​ភ្លៅ​ទៅ​ប៉ះ​នឹង​ដី រួច​ប្រើ​កម្លាំង​ពី​កែងជើង​ប្រឹង​លើក​ដង​ខ្លួន​មក​វិញ (ដូច​ក្នុង​រូប)។

មូលហេតុ​ដែល​អំឡុង​ពេល​ហ្វឹកហាត់ ទាហាន​បៀម​របស់​ក្នុង​មាត់​គឺ​ដើម្បី​ឲ្យ​ប្រាកដ​ថា កម្លាំង​ទាំង​ផ្នែក​ខាង​លើ​នៃ​ដង​ខ្លួន​នឹង​រុញ​ចុះ​ទៅ​ខាង​ក្រោម។

៧ ការ​​ដើរ​ឆ្ងាយ​ដើម្បី​​ឡើង​ភ្នំ​

​លំហាត់​ប្រាណ​នេះ​ទាមទារ​ទាហាន​ប្រើប្រាស់​សាច់ដុំ​ជា​ច្រើន​ក្នុង​ការ​ស្ពាយ​របស់​របរ​ធ្ងន់​នៅ​លើ​ខ្នង​ដើរ​ចុះ​ឡើង​ឆ្លង​ភ្នំ​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ។

ប៉ុន្តែ​អ្នក​ក៏​អាច​ហាត់​បាន ដោយ​គ្រាន់​តែ​ស្ពាយ​របស់​របរ​ស្រាលៗ ដើរ​ចុះ​ឡើង​លើ​ជម្រាល​ផ្លូវ​ ឬ កូន​ភ្នំ​តូចៗ​នៅ​តំបន់​កម្សាន្ត​ណា​មួយ។ មណ្ឌល​គិរី ប្រហែល​ជា​កន្លែង​សាកសម​បំផុត​អាច​ឲ្យ​លោក​អ្នក​ហាត់​ប្រាណ​នេះ​បាន។

៦ បន្ទន់​ខ្លួន រួម​នឹង​ ការ​លោត​ហក់

​លំហាត់​នេះ​ទាមទារ​​ទាំង​ការ​ហាត់​ផ្នែក​ខាង​ក្រោម​នឹង​ខាង​លើ​រួម​គ្នា។ វា​ជា​ចលនា​មួយ​ដើម្បី​ធានា​ចង្វាក់​បេះដូង​​របស់​អ្នក។

ដំបូង​អ្នក​ត្រូវ​​អនុវត្ត​​​ដោយ​ការ​លោត​ហក់​ទៅ​លើ ក្រោយ​​មក ពេល​ដង​ខ្លួន​អ្នក​ធ្លាក់​ដល់​ដី​​ត្រូវ​បន្ទាប​ដង​ខ្លួន​អ្នក​ឲ្យ​ស្រប​ទៅ​នឹង​ដី ហើយ​ត្រូវ​ប្រើ​ដៃ​និង​ស្មា​ដើម្បី​រុញ​ដង​ខ្លួន​ទៅ​លើ​វិញ។

ដោយ​សារ​តែ​លំហាត់​នេះ​ទាក់ទង​នឹង​ចង្វាក់​បេះ​ដូង និង ខ្យល់​ដង្ហើម ទើប​ការ​ណែនាំ​ខាង​ដើម​តម្រូវ​ឲ្យ​អ្នក​ធ្វើ​លំហាត់​សួត។

៥ ការ​រត់​មិន​ឈប់ (Interval Running)

សំខាន់​ខ្លាំង​ណាស់​សម្រាប់​ទាហាន ប្រសិន​បើ​មិន​ចេះ​របៀប​រត់​ ឬ គ្មាន​កម្លាំង​រត់​ ប្រាកដ​ជា​ត្រូវ​សត្រូវ​បាញ់​ស្លាប់​មិន​ខាន។

​​​ការ​រត់​មិន​ឈប់ ឬ interval running បាន​ន័យ​ថា ដំបូង​អ្នក​ត្រូវ​រត់​ពេញ​ទំហឹង​ ក្រោយ​មក​មិន​ឲ្យ​ឈប់​ទេ ប៉ុន្តែ​អាច​រត់​យឺតៗ​ដើម្បី​សន្សំ​កម្លាំង ក្រោយ​មាន​កម្លាំង​ឡើង​វិញ​ អ្នក​ត្រូវ​បន្ត​រត់​មួយ​ទំហឹង​ទៀត ហើយ​ត្រូវ​ធ្វើ​សាចុះសាឡើង​របៀប​នេះ​រហូត។

៤ លើក​របស់​ធ្ងន់ៗ​ឲ្យ​ផុត​ក្បាល

ជា​សមត្ថភាព​ដែល​អាច​ឲ្យ​អ្នក​លើក​របស់​ធ្ងន់ៗ​ផុត​ក្បាល។ វា​ទាមទារ​សាច់​ដុំ​កំភួនដៃ ស្មា ចង្កេះ និង ជើង។ លំហាត់​ប្រាណ​ដែល​ទាហាន​ត្រូវ​លើក​របស់​ធ្ងន់ៗ ត្រូវ​ប្រើ​សាច់ដុំ​រាង​កាយ​ទាំង​មូល​ បូក​នឹង​សាច់ដុំ​ដើម​ទ្រូង​ដើម្បី​រុញ​វត្ថុ​ឡើង​ទៅ​លើ។

៣ ការ​ហែល​ទឹក

​លំហាត់​ប្រាណ​ហែល​ទឹក​ដែល​ហួស​សម័យ​សម្រាប់​ទាហាន ប៉ុន្តែ​វា​នៅ​តែ​មាន​តួនាទី​សំខាន់។ វា​ជំរុញ​ភាព​រឹងមាំ​ពេញ​រាងកាយ​ទាំង​មូល សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​នៅ​ពេល​ស្ថានភាព​ខុស​គ្នា និង ធ្វើ​ឲ្យ​រឹងមាំ​នូវ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង។

​​កងទ័ព​ភាគច្រើន​ត្រូវ​បាន​គេ​បង្រៀន​ឲ្យ​ហែល​ទឹក​ជាមួយ​​ឯកសណ្ឋាន និង គ្រឿង​បរិក្ខារ ដើម្បី​ប្រាកដ​ថា​គេ​អាច​មាន​​សមត្ថភាព​ក្នុង​ការ​ប្រយុទ្ធ​នៅ​ថ្ងៃ​​បន្ទាប់។

២ ការ​លើក​ដង​ខ្លួន (អាវ៉ង់)

​ការ​អាវ៉ង់​នេះ​ប្រហែល​ជា​លំហាត់​ស្នូល​បំផុត​នៅ​ក្នុង​ការ​បង្វឹក​ទាហាន ព្រោះ​វា​ជា​លំហាត់​ធ្វើ​ឲ្យ​រឹងមាំ​ផ្នែក​ខាង​លើ​នេះ​ដង​ខ្លួន ដើម្បី​កាន់​អាវុធ​ និង សមត្ថភាព​នៃ​ការ​លើកដាក់។

១ ស្មារតី

សំខាន់​បំផុត​សម្រាប់​ទាហាន​ក្នុង​ការ​ពង្រឹង​ស្មារតី​របស់​ពួកគេ​នៅ​គ្រប់​ស្ថានភាព។ លំហាត់​ផ្នែក​ស្មារតី​របស់​ទាហាន គឺ​ជា​លំហាត់​ដែល​ពិបាក​បំផុត និង ត្រូវ​បង្វឹក​ក្នុង​រូបភាព​ច្រើន​ទម្រង់​ដូចជា៖ ឲ្យ​ទាហាន​ហ្វឹកហាត់​ក្នុង​ស្ថានភាព​តានតឹង​បំផុត ហាត់​យូរ​បំផុត ឬ បោះ​ពួកគេ​នៅ​ក្នុង​​បរិយាកាស​ដែល​អួអាប់​បំផុត ធ្វើ​យ៉ាង​ណា​អាច​ឲ្យ​ពួកគេ​គ្រប់គ្រង់​ខ្លួន​ឯង​ឲ្យ​បាន។

សរុប​មក​ សម្រាប់​លំហាត់​ទាំង​១០​យ៉ាង​សម្រាប់​ទាហាន តើ​លោក​អ្នក​គិត​ថា​ខ្លួន​ឯង​អាច​ធ្វើ​បាន​ប៉ុន្មាន?

ប្រភព៖ Therichest ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់