• 2024-12-05 09:00:00
  • សុខភាព

ប្រយ័ត្ន! លេងហ្គេម​ទូរសព្ទច្រើន​ម៉ោង​អត់សម្រាក ភ្នែកនារីម្នាក់​ប្រែ​ជា​ខ្វាក់​

  • 2024-12-05 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​វ័យ​ក្មេង​ជនជាតិ​ចិន​ម្នាក់ ប្រែ​ជា​ខ្វាក់​ភ្នែក​មើល​លែង​ឃើញ​ បន្ទាប់​ពី​ចំណាយ​ពេល​លេង​ហ្គេម​​តាម​ទូរសព្ទ​ដៃ​ជា​ច្រើន​ម៉ោង​ដោយ​មិន​បាន​សម្រាក​គ្រប់​គ្រាន់។

នារី​រង​គ្រោះ​មាន​ឈ្មោះ Xiao Wu អាយុ ២១​ឆ្នាំ ​រស់​នៅ​ទីក្រុង Dongguan ខេត្ត​ក្វាងទុង ប្រទេស​ចិន ​បាន​ចំណាយ​ពេល​មួយ​ថ្ងៃ​ពេញ​នៅ​ផ្ទះ​អំឡុង​ពេល​ទិវា​ដើរ​លម្ហែ​កាយ Golden Week Holiday។ នាង​មិន​បាន​ចេញ​ដើរ​កម្សាន្ត​​ដូច​ប្រជាជន​​ភាគ​ច្រើន​ទេ ​នាង​បែរ​ជា​យក​ពេល​​មក​គេង​ផ្ទះ​លេង​ហ្គេម​ទូរសព្ទ​ដៃ​ទៅវិញ​។

តាម​ប្រភព នារី​វ័យក្មេង​រូប​​នេះ​ បាន​លេង​ហ្គេម​រត់​ម៉ារ៉ាតុង King of Glory ស្ទើរ​តែ​ពេញ​មួយ​ថ្ងៃ​ដោយ​មិន​សម្រាក​ហូប​ចុក​គ្រប់​គ្រាន់។ នៅ​ថ្ងៃ​ទី​ ១ តុលា កញ្ញា Wu បាន​កត់​សម្គាល់​ឃើញ​ថា​ ភ្នែក​ខាង​ស្ដាំ​របស់​នាង​មិន​អាច​​មើល​ឃើញ​​ច្បាស់​ដូច​សព្វ​ដង​ទេ។

នាង​គិត​ថា ប្រហែល​គ្រាន់​តែ​ភ្នែក​មិន​បាន​សម្រាក​ប៉ុណ្ណោះ ដូច្នោះ​នាង​សម្រេច​ទៅ​គេង​សិន។ ទោះ​យ៉ាង​ណា ពេល​ក្រោក​ពី​គេង​វិញ ភ្នែក​ស្ដាំ​របស់​នាង​មិន​អាច​វិល​ត្រលប់​មក​វិញ​បាន​ទេ។ ឪពុក​ម្ដាយ​របស់​នាង​មាន​ការ​ភិត​ភ័យ​យ៉ាង​ខ្លាំង​ រួច​ក៏​ប្រញាប់​បញ្ជូន​នាង​នៅ​កាន់​មន្ទីរពេទ្យ​ភ្នែក​ Donggiang Huaxia Eye Hospital។

ក្រោយ​ពិនិត្យ​រួចរាល់​ គ្រូ​ពេទ្យ​អះអាង​ថា​ កែវ​ភ្នែក​មិន​អាច​មើល​ឃើញ​​ទៀត​ទេ​ ឬ Retinal Artery Occlusion។ អាការៈ​នេះ​តែងតែ​កើត​ឡើង​ចំពោះ​មនុស្ស​ចាស់ ប៉ុន្តែ​ករណី​របស់​កញ្ញា Wu ​មក​ពី​ភ្នែក​របស់​នាង​ហត់​នឿយ​ខ្លាំង​ពេក​ដោយ​សារ​​ប្រឹង​សម្លឹង​ទៅ​មើល​អេក្រង់​ស្មាតហ្វូន​ដ៏​តូច​មួយ។

បើ​យោង​ទៅ​តាម​ប្រភព​វេបសាយ​ Buzzflare នាង Wu តែង​តែ​លេង​ទូរសព្ទ​ចំនួន ៧ ឬ ៨​ម៉ោង​ជាប់​ៗ​គ្នា​ដោយ​មិន​សម្រាក​សូម្បី​បន្តិច។ លើស​ពី​នេះ នាង​មាន​ការងារ​ខាង​ហិរញ្ញវត្ថុ (Finance) ដែល​កាន់​តែ​បន្ថែម​សម្ពាធ​លើ​ភ្នែក​របស់​នាង​មួយ​កម្រិត​ទៀត។

នៅ​ថ្ងៃ​ឈប់​សម្រាក នាង​ក្រោក​នៅ​ម៉ោង ៦​ព្រឹក ស្រស់ស្រូប​អាហារ​ពេលព្រឹក រួច​ចាប់​ផ្ដើម​លេង​ហ្គេម​រហូត​ដល់​ម៉ោង ៤​ទៀប​ភ្លឺ​តែម្ដង។ ពេល​នេះ​នាង​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ក្រុម​វេជ្ជបណ្ឌិត​កំពុង​ព្យាយាម​ធ្វើ​យ៉ាង​ណា​ស្ដារ​កែវ​ភ្នែក​នាង​មក​វិញ៕

Daro Ly

មតិយោបល់