- 2018-12-27 06:30:00
- ព័ត៌មាន
ស្ងាត់ៗ ស្ដេចចិនសែលំដាប់ពិភពលោក ២ នាក់ លេចមុខលើទឹកដីកម្ពុជា ក្នុងកម្មវិធីហុងស៊ុយមួយ
- 2018-12-27 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ ស្ដេចចិនសែលំដាប់ពិភពលោក ២ នាក់ លេចមុខលើទឹកដីកម្ពុជា ក្នុងកម្មវិធីហុងស៊ុយមួយ
ចន្លោះមិនឃើញ
គ្រូតាចិនសែដ៏ល្បីល្បាញលំដាប់ពិភពលោកម្នាក់ បានបង្ហាញវត្តមានគួរឲ្យភ្ញាក់ផ្អើលលើកដំបូងបំផុតលើទឹកដីកម្ពុជា នៅក្នុងកម្មវិធីសិក្ខាសាលាហុងស៊ុយលំដាប់អន្តរជាតិមួយ កាលពីចុងសប្ដាហ៍មុន នៅភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណជិត ៣០០ នាក់ ដែលភាគច្រើនសុទ្ធតែជាអ្នកជំនួញរកស៊ី និងមន្ត្រីរាជការ។
គ្រូតា ឬ Grand Master Vincent Koh ជាស្ដេចចិនសែម្នាក់ ក្នុងចំណោមស្ដេចចិនសែលំដាប់ពិភពលោកទាំង ៥ នាក់ ក្នុងនោះមានជនជាតិអាមេរិកម្នាក់ សិង្ហបុរី ៣ នាក់ និងហុងកុងម្នាក់។
Grand Master Vincent Koh ក៏ជាកំពូលចិនសែម្នាក់ក្នុងចំណោមចិនសែទាំង ៤ នាក់ដែលរៀបចំហុងស៊ុយប្រទេសសិង្ហបុរីទាំងមូលផងដែរ។ នេះបើតាមការលើកឡើងរបស់អ្នកគ្រូហុងស៊ុយ ឡុង ណាលី អគ្គនាយិកាស្ថាប័ន ម៉ាស្ទ័រ ណាលី ហុងស៊ុយ ដែលរៀបចំសិក្ខាសាលាហុងស៊ុយអន្តរជាតិខាងលើ។
ពេលសួរថាតើ ហេតុអ្វីស្ដេចចិនសែពិភពលោក ស្ងាត់ៗបង្ហាញវត្តមានលើទឹកដីកម្ពុជា អ្នកគ្រូ ណាលី ដែលជាសិស្សជំនិតរបស់គ្រូតា Vincent Koh បានប្រាប់ឲ្យដឹងថា កាលពីដើមខែធ្នូនេះ ក្នុងកិច្ចប្រជុំចិនសែពិភពលោកប្រចាំឆ្នាំ នៅប្រទេសជប៉ុន អ្នកគ្រូ ណាលី ដែលតំណាងឲ្យកម្ពុជាតែមួយគត់ បានក្លាយជាសមាជិកពេញសិទ្ធិរបស់ស្ថាប័នហុងស៊ុយពិភពលោក ដែលមានគ្រូតា Vincent Koh ជាប្រធាន។ មានន័យថា ស្ថាប័ន ម៉ាស្ទ័រ ណាលី ហុងស៊ុយ ពេលនេះ ត្រូវទទួលស្គាល់ជាលក្ខណៈអន្តរជាតិហើយ។
ដូច្នេះ ទើបគ្រូតាវ័យ ៧០ ឆ្នាំរូបនេះ សម្រេចមកចូលរួមសិក្ខាសាលាហុងស៊ុយប្រចាំឆ្នាំនេះផ្ទាល់ ដើម្បីបង្រៀនពីហុងស៊ុយប្រចាំ២០១៩។
ក្រៅពីគ្រូតាចិនសែខាងលើ ក៏ឃើញមានវត្តមានស្ដេចចិនសែពិភពលោកម្នាក់ទៀត គឺគ្រូយាយ Grand Master Nancy ជនជាតិសិង្ហបុរី ដែលជាភរិយារបស់គ្រូតា Vincent Koh ផ្ទាល់តែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានវត្តមានរបស់ចិនសែមកពីថៃមួយក្រុមចូលរួមផងដែរ។
សិក្ខាសាលាហុងស៊ុយលំដាប់អន្តរជាតិ ធ្វើឡើង ដើម្បីបង្ហាត់បង្ហាញសិស្សឲ្យដឹងពីហុងស៊ុយប្រចាំឆ្នាំ២០១៩ ត្រូវធ្វើយ៉ាងណាខ្លះ ឲ្យមានលាភចូល រកស៊ីឡើង កុំឲ្យឆុង ជាពិសេសគឺដើម្បីរំឭកដល់គុណគ្រូ និងបង្ហាញភាពជោគជ័យរបស់អ្នកដែលបានរៀបហុងស៊ុយរួចហើយ រកស៊ីឡើងស្រឺតៗ។
អ្នកគ្រូ ណាលី បញ្ជាក់ថា៖ “ជាងពីរឆ្នាំមកនេះ យើងមានអ្នកមកឲ្យរៀបហុងស៊ុយរាប់ពាន់នាក់ ហើយក្នុងនោះ អ្នករៀប (ហុងស៊ុយ) រួចហើយ បានផលជោគជ័យរកស៊ីឡើង មានប្រមាណ ៩៥%។ ៥% ទៀតដែលមិនជោគជ័យ ដោយសារគាត់អត់ធ្វើតាមការណែនាំគ្រប់ជ្រុងជ្រោយ”។
ជារឿងគួរឲ្យផ្អើល និងស្ទើរតែមិនជឿ គឺអ្នកដែលមករកឲ្យស្ថាប័ន ម៉ាស្ទ័រ ណាលី ហុងស៊ុយ រៀបហុងស៊ុយឲ្យនោះ មានចំនួនច្រើនលើសលប់ រហូតដល់ថ្នាក់ត្រូវរង់ចាំដល់ជាង ១ ឆ្នាំឯណោះ ទើបដល់វេនបានមើល និងរៀបហុងស៊ុយ។ នេះក៏ជាមូលហេតុមួយដែលអ្នកគ្រូ ណាលី កំពុងតែប្រកាស និងទទួលបង្រៀនថ្នាក់ហុងស៊ុយ ចាប់ពីឆ្នាំ ២០១៩ ខាងមុខនេះផងដែរ។
អ្នកគ្រូ ណាលី បានបញ្ចប់ការសិក្សាលើវិជ្ជាហុងស៊ុយជាន់ខ្ពស់ពីគ្រូដើមនៅប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី ព្រមទាំងបានឆ្លងកាត់ហុងស៊ុយអូឌីត (Feng Shui Audit) នៅសិង្ហបុរី រហូតដល់ក្លាយជាគ្រូហុងស៊ុយទទួលស្គាល់ដោយអន្តរជាតិ តែម្នាក់គត់តំណាងឲ្យប្រទេសកម្ពុជា។
បញ្ជាក់ថា គ្រប់គ្រូហុងស៊ុយទាំងអស់ មិនថាមកពី ឬរៀននៅប្រទេសណាក៏ដោយ ត្រូវឆ្លងកាត់ (ជាប់) ហុងស៊ុយអូឌីត នៅសិង្ហបុរី សិន ទើបអាចក្លាយជាគ្រូហុងស៊ុយ ឬចិនសែ ទទួលស្គាល់ដោយអន្តរជាតិ ព្រោះហុងស៊ុយអូឌីត នឹងធ្វើតេស្ដសមត្ថភាពពិតប្រាកដរបស់គ្រូហុងស៊ុយទាំងនោះយ៉ាងតឹងរឹងបំផុត៕