• 2019-02-20 07:41:47
  • ព័ត៌មាន

និស្សិត​កម្ពុជា ៤​រូប​បាន​ជយលាភី​អ្នក​វិទ្យាសាស្ត្រ និង​វិស្វករ​វ័យក្មេង​ពី​មូល​និធិ​ជប៉ុន

  • 2019-02-20 07:41:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​កម្ពុជា​ ៤រូប បាន​ក្លាយ​ជា​ជយលាភី ក្នុង​កម្ម​វិធី ហុងដា សម្រាប់​អ្នក​វិទ្យាសាស្ត្រ និង​វិស្វករ​វ័យ​ក្មេង​កម្ពុជា ឆ្នាំ២០១៨ ដោយ​​ម្នាក់ៗ​ទទួល​បាន ប្រាក់​រង្វាន់​ចំនួន ៣ ០០០ដុល្លារ ។ ការ​ប្រគល់​រង្វាន់​ជយលាភី​នេះ​ធ្វើ​ឡើង​កាល​ពី​ចុង​សប្ដាហ៍​មុន​ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា ជប៉ុន។

និស្សិត​ជយលាភី​ទាំង ៤រូប កញ្ញា សុខ សុធារតន៍ និស្សិត​មក​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម កញ្ញា កោះ សុម៉ាល័យ និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ យុវជន លី ប៊ុនថេង និស្សិត​មក​ពី​សាកល​វិទ្យាល័យ​​ភូមិន្ទ​​កសិកម្ម​ និង​យុវជន សុង វែហ្សឺនីឡងឌី និស្សិត​មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ។ និស្សិត​ទាំង ៤រូប បាន​ប្រកួតប្រជែង​លើ​ការ​សិក្សា​ស្រាវជ្រាវ​ទាក់ទង​បច្ចេកវិទ្យា​វិទ្យាសាស្ត្រ ​ដែល​គិតគូរ​ខ្ពស់​ពី​បរិស្ថាន។

មូលនិធិ​ហុងដា ប្រទេស​ជប៉ុន​ បាន​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ផ្នែក​អេកូ​តិចណូឡូជី នៅ​ក្នុង​តំបន់​អាស៊ី និង​បន្ត​ផ្ដល់​ចំណេះដឹង​ទៅ​ដល់​អ្នក​ជំនាន់​ក្រោយៗ​ទៀត។ មូលនិធិ​ហុងដា​បណ្ដុះបណ្ដាល​នូវ​ទំនាក់ទំនង​ដែល​មាន​លក្ខណៈ​ស៊ីជម្រៅ​ក្នុង​ចំណោម​អ្នក​ដឹកនាំ​នា​ពេល​អនាគត​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​ឧស្សាហកម្ម​រវាង​ប្រទេស​ជប៉ុន និង​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

យុវជន សុង វែហ្សឺនីឡងឌី និស្សិត​មក​ពី​វិទ្យា​ស្ថាន​បច្ចេកវិទ្យា​កម្ពុជា​​បាន​ឱ្យ​ដឹង​ថា កម្ម​វិធី​ប្រកួត​ប្រជែង​នេះ​ពិត​ជា​មាន​សារៈសំខាន់​បំផុត​ ដោយ​សារ​វា​ជា​ឱកាស​មួយ​​ឱ្យ​និស្សិត​យក​ចំណេះដឹង ​ដែល​ខ្លួន​​រៀន​​នៅ​សាលា​មក​អនុវត្ត​ ព្រមទាំង​បង្កើន​នូវ​ទំនុក​ចិត្ត​បន្ថែម​ចំពោះ​​ខ្លួ​ន​ឯង។

ចំណែក​កញ្ញា សុខ សុធារតន៍ បេក្ខជន​ម្ចាស់​ជយលាភី​មក​ពី​សាកលវិទ្យាល័យ​កសិកម្ម ក្នុង​គម្រោង​ចិញ្ចឹម​ជន្លេន បាន​ឱ្យ​ដឹង​ថា កម្មវិធី​​នេះ​​ពិត​ជា​​បាន​ផ្ដល់​ទាំង​បទ​ពិសោធន៍ ចំណេះដឹង និង​ភាព​ក្លាហាន។ កញ្ញា​ថា មូលហេតុ​ដែល​ខ្លួន​ជ្រើសរើស​​គម្រោង​ចិញ្ចឹម​ជន្លេន​ ដោយសារ​ប្រទេស​កម្ពុជា​យើង​មាន​​កាក​សំណល់​សរីរាង្គ​ច្រើន​។ ដូច្នេះ​ពេល​ចិញ្ចឹម​ជន្លេន​បាន​ យើង​អាច​យក​ជីកំប៉ុស​​​ប្រើប្រាស់​លើ​ដំណាំ​ ​ផ្ដល់​ផល​ប្រយោជន៍​ទាំង​​បរិស្ថាន​ និង​បង្កើន​សេដ្ឋកិច្ច​ដល់​កសិករ​​។

​បន្ថែម​លើ​នេះ​ ឯកឧត្ដម ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ បាន​ឱ្យ​ដឹង​ថា នេះ​ជា​កិត្តិយស​មួយ​សម្រាប់​និស្សិត​កម្ពុជា​ទទួល​បាន​ជ័យជំនះ ដែល​ជា​ផ្នែក​មួយ​ជំរុញ​ចំណេះដឹង​លើ​ផ្នែក​វិទ្យាសាស្ត្រ​វ័យ​ក្មេង ស្រប​ជាមួយ​ការ​គិតគូរ​ពី​បញ្ហា​បរិស្ថាន។ ឯកឧត្ដម ​នេះ​ជា​ចំណុច​អាទិភាព​មួយ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​​ ដែល​ជំរុញ​ឱ្យ​មាន​ការប្រកួត​ប្រជែង​​ផ្នែក​វិទ្យាសាស្ត្រ​វ័យ​ក្មេង​​។ ​ក្រសួង​បាន​ខិត​ខំ​រៀបចំ​ទាំង​គោល​នយោបាយ កម្មវិធី​សិក្សា និង​វិធីសាស្ត្រ​ នៃ​ការ​បង្រៀន​។​

កម្មវិធី​ហុងដា​សម្រាប់​អ្នក​វិទ្យាសាស្ត្រ និង​វិស្វករ​វ័យក្មេង បាន​ចាប់​ផ្ដើម​នៅ​កម្ពុជា ក្នុង​ឆ្នាំ ២០០៨ ដោយ​គិត​មក​ទល់​ពេល​នេះ និស្សិត​កម្ពុជា ប្រមាណ​ជិត ៥០នាក់ បាន​ឈ្នះ​ និង​ទទួល​ប្រាក់​រង្វាន់​ពី​កម្មវិធី​នេះ៕

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ សុផល

មតិយោបល់