- 2019-03-29 09:30:00
- ព័ត៌មាន
រទេះគោបែបប្រពៃណីជាច្រើននឹងជុំគ្នាប្រណាំងនៅកំពង់ស្ពឺមុនចូលឆ្នាំខ្មែរ
- 2019-03-29 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រទេះគោបែបប្រពៃណីជាច្រើននឹងជុំគ្នាប្រណាំងនៅកំពង់ស្ពឺមុនចូលឆ្នាំខ្មែរ
ចន្លោះមិនឃើញ
យ៉ាងហោចណាស់រទេះគោជាង៣០នឹងចូលរួមប្រណាំងគ្នានៅទីលានវាលស្រែមួយកន្លែងនៅខាងលិចវត្តអង្គ ស្ថិតក្នុងភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយពីស្ពានគុណគ្រូប្រហែល ២គីឡូនៅព្រឹកថ្ងៃអាទិត្យទី៧ មេសា ឆ្នាំ២០១៩ខាងមុខនេះ។
បើតាមលោក ចាប រ៉ា អ្នករៀបចំកម្មវិធីប្រណាំងបានប្រាប់ឲ្យដឹងថា បើគិតរហូតដល់ថ្ងៃនេះរទេះគោដែលបានដាក់ពាក្យចូលប្រណាំងមានជាង៣០ហើយ រហូតដល់ថ្ងៃប្រកួតអាចនឹងមានកើនច្រើនជាងនេះ។ រទេះគោដែលបានដាក់ពាក្យសុំចូលរួមប្រណាំងមានមកពីភ្នំពេញ កណ្ដាល និងភាគច្រើនជារទេះគោមកពីបណ្ដាលស្រុកផ្សេងគ្នាក្នុងខេត្តកំពង់ស្ពឺ។
លោកបន្តថាកម្មវិធីនេះអ្នកស្រុកនៅខេត្តនេះគេធ្វើរៀងរាល់ឆ្នាំមុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរមកដល់ ធ្វើក្នុងគោលបំណងគឺចង់ឲ្យភូមិស្រុកមានភាពសប្បាយរីករាយបានជួបជុំគ្នា និងថែរក្សាប្រពៃណីតពីចាស់បុរាណកុំឲ្យបាត់បង់។
កាលពីឆ្នាំ២០១៨កន្លងទៅកម្មវិធីប្រណាំងរទេះគោបែបប្រពៃណីរបស់អ្នកស្រុកកំពង់ស្ពឺនេះមានរទេះគោចូលរួមប្រណាំងមានជាង៥០ ហើយទទួលបានភ្ញៀវទេសចរមកទស្សនាជិត២ម៉ឺននាក់។ ក្នុងឆ្នាំនេះអ្នករៀបចំកម្មវិធីសង្ឃឹមថានឹងមានមនុស្សចូលរួមច្រើនជាងឆ្នាំកន្លងទៅ។
សូមបញ្ជាក់ថាកម្មវិធីនេះមានរយៈពេល៣ថ្ងៃ គឺថ្ងៃទីសុក្រទី៥-សៅរ៍ទី៦-និងអាទិត្យ៧ ខែមេសា ហើយកម្មវិធី៣ថ្ងៃនេះក៏នៅមានការសម្ដែងសិល្បៈនៅពេលយប់ផងដែរ៕