• 2019-04-02 02:53:59
  • ព័ត៌មាន

ជិត​ចូល​ឆ្នាំ​ខ្មែរ​ហើយ កុំ​ឲ្យ​ភ្លេច​រំលឹក​ការ​លេង​ល្បែង "លាក់​កន្សែង"

  • 2019-04-02 02:53:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ​ Sabay សូម​ណែ​នំា​ ល្បែង​ប្រជាប្រិយ​មួយ​ប្រភេទ​ ដែល​ប្រិយ​មិត្ត​និយម​លេង​កម្សាន្ត​នៅ​តាម​សាលា​រៀន​ ឬ​វត្ត​អារាម ផ្សេងៗ នៅ​ពេល​ជិត​បុណ្យ​ចូល​ឆ្នាំ ឬ​ថ្ងៃ​ចូល​ឆ្នាំ​ ដើម្បី​បង្កើន​ភាព​សប្បាយ​រីករាយ​ជា​មិត្តភក្ដ​ផង ជា​អ្នក​ភូមិ​ផង​របង​ជាមួយ​ផង ដែល​រាល់​ការ​លេង​ល្បែង​នេះ ក៏​ជា​ផ្នែក​មួយ​រក្សា​នៅ​ប្រពៃណី​ទំនៀម​ទម្លាប់​ ដែល​ខ្មែរ​មាន​ទម្លាប់​លេង​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។ តើ​នោះ​ជា​ល្បែង​អ្វី​ទៅ?

"ល្បែង​លាក់​កន្សែង" ជា​ល្បែង​មួយ​យ៉ាង​របស់​ក្មេង​ខ្មែរ​បុរាណ​កាល​តែង​លេង​សម្រាប់​ជាទី​កម្សាន្ត​សប្បាយ​នៅ​ពេល​យប់​ខែ​ភ្លឺ ក្នុង​រដូវ​ចូល​ឆ្នាំ​ ឬ​នៅ​ពេល​ជា​ចន្លោះ​ការ​ហត់​នឿយ​ម្ដងៗ។

សកម្មភាព​ដេញ​គក់​ខ្នង ក្រោយ​ចាប់​បាន​កន្សែង

តាម​ឯកសារ​នៃ​សៀវភៅ​របស់​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ​ "ល្បែង​ប្រជា​ប្រិយ​ខ្មែរ" បាន​ឲ្យ​ដឹង​ថា ល្បែង​នេះ​មុន​ដំបូង​ ក្រុម​ក្មេង​ៗ​គេ​បបួល​គ្នា​បាន​ចំនួន ៦-៧ នាក់​ឡើង​ទៅ​ឲ្យ​អង្គុយ​ច្រហោង​ដំកង់​ជា​វង់​មូល ដាក់​ដៃ​ទាំង​ពីរ​ទៅ​មុខ​លើ​ក្បាល​ជង្គង់​ ក្នុង​ទី​ណា​ដែល​ជា​ទី​វាល​ស្រឡះ​រាប​ស្មើ​ល្អ។ អង្គុយ​ជា​វង់​មូល​ហើយ គេ​យក​កន្សែង​ ឬ​ក្រមា​តូច​មួយ​មក​រុំ​មូរ​ធ្មូល​រឹត​ឲ្យ​តឹង​ណែន​ល្អ ទុក​ជាយ​បន្ដិច​ម្រាប់​កាន់​យួរ​បាន​ សន្មត​ហៅ​ថា កន្សែង​ មាន​ម្នាក់​ក្រោក​ចេញ​កទៅ​ក្រៅ​វង់​កាន់​កន្សែង​នោះ ដើរ​ព័ទ្ធ​ជុំវិញ​យ៉ាង​លឿន​ ពី​ខាង​ក្រោយ​ខ្នង​អ្នក​អង្គុយ​បញ្ឆោត​អ្នក​អង្គុយ​មិន​ឲ្យ​ដឹង​ខ្លួន​ថា គេ​លាក់​កន្សែង​ក្រោយ​ខ្នង​អ្នក​ណា។

តាម​សៀវភៅ​ឯកសារ​បាន​សរសេរ​រៀប​ទៀត​ថា ល្បែង​នេះ​មាន​ត្រណម​យ៉ាង​តឹងរ៉ឹង​មិន​ឲ្យ​អ្នក​លេង​ងាក​ក្រោយ​ឬ​លូក​ដៃ​ទៅ​ខាង​ក្រោយ​ខ្នង​ បើ​អ្នក​ណា​មួយ​ហ៊ាន​ងាក​ ឬ​លូក​ ស្ទាប​ខាង​ក្រោយ​ខ្នង​ អ្នក​លាក់​គេ​មាន​អំណាច​ដាក់​ទណ្ឌ​កម្ម​អ្នក​នោះ មិន​ឲ្យ​ឡើង​លាក់​កន្សែង​ ឬ​គេ​ឲ្យ​អ្នក​នោះ​អង្គុយ​ធ្មេច​ភ្នែក​ក៏​បាន​ ស្រេច​តែ​គេ​ដាក់​ទោស​យ៉ាង​ណា​តាម​ចិត្ត​គេ​ស្ម័គ្រ។

អ្នក​លាក់​លុះ​រត់​ក្រឡឹង​អ្នក​អង្គុយ​ ២-៣ជុំ​ហើយ មើល​តែ​អ្នក​ណាអង្គុយ​បែប​ភ្លេច​ខ្លួន​គេ​ក៏​ដាក់​កន្សែង​ក្រោយ​ខ្នង​នោះ​ភ្លាម​ រួច​គេ​រត់​យ៉ាង​រហ័ស​ព័ទ្ធ​វង់​អ្នក​អង្គុយ។ បើ​អ្នក​ដែល​ត្រូវ​គេ​លាក់​កន្សែង​ពី​ក្រោយ​ខ្នង​នោះ​មិន​ដឹង​ខ្លួន លុះ​អ្នក​លាក់​គេ​រត់​ក្រឡឹង​មក​ម្ដង​ទៀត​ចាប់​យក​កន្សែង​នោះ​បាន​មុន​គេ​ទុក​អ្នក​លាក់​នោះ​ជា​ឈ្នះ​ត្រូវ​មាន​អំណាច​រើស​យក​កន្សែង​ទៅ​គក់​ខ្នង​អ្នក​ដែល​អង្គុយ​នោះ ហើយ​គេ​យក​កន្សែង​លាក់​ត ទៅ​ទៀត។ តែ​បើ​អ្នក​អង្គុយ​ដឹង​ខ្លួន​ថា គេ​លាក់​កន្សែង​ចំ​ក្រោយ​ខ្នង​ខ្លួន ហើយ​ចាប់​យក​កន្សែង​បាន​មុន​អ្នក​លាក់​រត់​មក​ដល់​គេ​ទុក​អ្នក​អង្គុយ​នោះ ជា​ឈ្នះ ត្រូវ​មាន​អំណាច​ក្រោក​ឡើង​ចាប់​កន្សែង​ដេញ​គក់​អ្នក​លាក់​នោះ​វិញ តែ​បើ​អ្នក​នោះ​គេ​រត់​ទៅ​ដល់​កន្លែង​ចន្លោះ​អង្គុយ​បាន​​ទៅ​អ្នក​កាន់​កន្សែង​នោះ មិន​ត្រូវ​គក់​គេ​ទេ ត្រូវ​រត់​ក្រឡឹង​អ្នក​អង្គុយ​ដំកង់​ដើម្បី​នឹង​លាក់​តទៅ​ទៀត​គឺ​ថា​អ្នក​លាក់​ពី​មុន​ត្រូវ​ទៅ​អង្គុយ​កន្លែង​អ្នក​ចាប់​កន្សែង​បាន​ក្នុង​វង់​ដដែល។

គេ​លេង​របៀប​ខាង​លើ​នេះ​រហូត​ដល់​យប់។ ជួន​កាល​អ្នក​ខ្លះ​មិន​ដែល​បាន​ឡើង​លាក់​កន្សែង​នឹង​គេ​ម្ដង​សោះ​ក៏​មាន​ ព្រោះ​គេ​លាក់​កន្សែង​ក្រោយ​ខ្នង​ខ្លួន​ ខ្លួន​មិន​ដឹង​រវល់​តែ​គេ​គក់​ខ្នង​បាន​រាល់​ពេល។

ល្បែង​នេះ​ គេ​លេង​ដើម្បី​ហាត់​ខ្លួន​ឲ្យ​មាន​ស្មារតី​រឹងប៉ឹង រហ័សរហួន​ឲ្យ​មាន​ប្រាជ្ញា​វាងវៃ​ ហាត់​ទម្លាប់​ខ្លួន​ឲ្យ​ចេះ​ប្រុង​ស្មារតី​ជានិច្ច

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់