- 2019-04-12 07:47:07
- ព័ត៌មាន
ល្បែងអង្គញ់ គេឲ្យឈ្មោះតាមវត្ថុ ដែលគេយកមកលេង គឺផ្លែអង្គញ់ ដែលក្រៀមស្ងួត
- 2019-04-12 07:47:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បែងអង្គញ់ គេឲ្យឈ្មោះតាមវត្ថុ ដែលគេយកមកលេង គឺផ្លែអង្គញ់ ដែលក្រៀមស្ងួត
ចន្លោះមិនឃើញ
ល្បែងអង្គញ់ គេឲ្យឈ្មោះតាមវត្ថុដែលគេយកមកលេង គឺផ្លែអង្គញ់ ដែលក្រៀមស្ងួត ។ ល្បែងនេះ គេលេងបានទាំងប្រុសទាំងស្រី ទាំងចាស់ទាំងក្មេង នៅវេលាថ្ងៃ ឬវេលាយប់ខែភ្លឺ នារដូវចូលឆ្នាំ ។
ល្បែងអង្គញ់ គេលេងបានចាប់តាំងពី២ នាក់ឡើងទៅដល់ ១០ នាក់ ដោយចែកចេញជាពីរពួកមានចំនួនស្មើគ្នា ដែលមានស្រីម្ខាងប្រុសម្ខាងក៏បាន ចម្រុះគ្នាទាំងសងខាងក៏បាន ។ អង្គញ់ដែលគេយកមកលេងនេះ ឲ្យឈ្មោះថា ‹កោយ› ចែកចេញជាពីរផ្នែកដែរ គេហៅថា កោយដាំមួយពួក កោយបោះមួយពួក ។
កើយមួយពួកៗមានចំនួន ៣ ឬ ចំនួន ៥ គឺថាបើដាំកោយ ៣ ក៏បោះកោយ ៣ ,បើដាំកោយ ៥ ក៏បោះកោយ ៥ តាមចំនួនអ្នកលេងមានតិចឬច្រើន ។ ដែលហៅថា កោយដាំ គឺគេដាំភ្ជាប់ទៅនឹងដី មានជួរបែកកន្ធែកចេញពីកោយកណ្ដាលមួយ ដែលហៅថា ‹មេក្លោង ឬកន្លោង› ១ ឬ ២ ខាងស្ដាំ ១ ឬ ២ ខាងឆ្វេង មានសណ្ឋានដូចក្អែកទឹកហើរ ដែលឲ្យមេខ្យល់មួយនាំមុខ ហើយក្អែកទឹកហ្វូងបែកគ្នាជាជួរបញ្ឆៀងៗគ្នាពីក្រោយ ។
រីឯកោយបោះ គឺកោយទាំងឡាយដែលគេកាន់យកទៅទី ហើយបោះក្ដី ឫធ្វើអ្វីគ្រប់បែបទៀតក្ដី សម្រាប់រំលំកោយ ដាំទាំងប៉ុន្មាននោះ ។ ត្រង់រណ្ដៅតូចៗដែលឆ្កៀលដី យកកន្លែងដាំកើយឲ្យជាប់នោះ គេហៅថា ‹រន្ធ ឬរន្ធកោយ› ។ គេកំណត់កន្លែងមួយពីមុខកោយដាំប្រមាណជា ៣ ឬ ៤ ម៉ែត្រ សន្មតហៅថា ‹ទី› គឺជាទីដែលគេត្រូវបោះ ឬទៅធ្វើអ្វីមួយ ពីត្រឹមនោះតម្រង់មកកោយដាំវិញ ។
អ្នកដែលត្រូវឡើងមុនគឺបានទៅបោះពីទីមុនគេនោះ សម្រេចលើការព្រមព្រៀងគ្នា,ជាធម្មតា គេច្រើនតែអនុញ្ញាតឲ្យពួកអ្នកខ្សោយជាងមានសិទ្ធិទៅបោះមុនគេ ទុកដូចជាតទីឲ្យដែរ ឯការចាញ់ឈ្នះស៊ីសងត្រង់នរណាធ្វើត្រូវកោយដាំចប់សព្វគ្រប់មុនគេ គឺគ្រប់បែបគ្រប់ថ្នាក់ ដែលរបៀបលេងអង្គញ់តម្រូវឲ្យទាំងប៉ុន្មាន ។
ប៉ុន្តែគេច្រើនសន្មតគ្នាបន្ថែមឲ្យអ្នកចាញ់ធ្វើ ៣ ឬ ៤ ក្ដារសិន ហៅថា ‹តាម› ដូច្នេះបានជាមុននឹងលេង គេសន្មតគ្នាថា តាមប៉ុន្មានក្ដារ? បើគេសម្រេចគ្នាថា ប៉ុន្មានៗដល់ទីបំផុតត្រូវតែ ‹តាម› ប៉ុណ្ណោះក្ដារសិន ។ បើផុតកំណត់ហើយ នៅតែមិនបានធ្វើ ត្រូវអស់ទៀតនោះទើបទុកជាចាញ់ ហើយពួកខាងឈ្នះ ត្រូវជោះពួកខាងចាញ់តាមចំនួនដែលគេសន្យាគ្នា ឧបមារថា គេសន្យាថា កោយមួយជោះ ១០ ដូច្នេះនរណាកាន់កោយបោះមួយ បើឈ្នះត្រូវបានជោះគេ ១០ តែបើចាញ់ក៏ត្រូវគេជោះ ១០ ដែរ៕
ប្រភព៖ ដកស្រងពីកម្រងសៀវភៅល្បែងប្រជាប្រិយខ្មែរ