• 2019-05-02 06:31:16
  • ព័ត៌មាន

ក្រ​សួង​ព័ត៌មានស្នើឲ្យ​ដាក់​សារ​មួយ​ឃ្លា​លើ​សំបក​ដប និង​កំប៉ុង​ផលិត​ផល​គ្រឿង​ស្រវឹង​

  • 2019-05-02 06:31:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ក្រ​សួង​ព័ត៌មាន​បាន​ស្នើ​ទៅ​ក្រ​សួង​ឧស្សាហកម្ម និង​សិប្បកម្ម​ពិនិត្យ​សំណើ​សុំ​ដាក់​សារ​លើ​សំបក​កំប៉ុង និង​សំបក​ដប​ផលិត​ផល​គ្រឿង​ស្រវឹង​ដោយ​ថា​ដើម្បី​ពញ្ញាក់​អារម្មណ៍អ្នក​ទទួល​ទាន​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ។

ក្នុង​លិខិត​មួយ​ដាក់ទៅ​កាន់​ក្រ​សួង​ឧស្សាហកម្ម និង​សិប្បកម្ម​ចុះ​កាលបរិច្ឆេទ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ និង​ត្រូវ​បាន​ផ្សព្វ​ផ្សា​យ​មក​កាន់​​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃនេះ ក្រ​សួង​ព័ត៌មាន​បាន​លើក​ឡើងថា​​ កាលពី​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ២០១៩ ​មាន​ការ​ប្រ​ជុំ​ជាមួយ​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោ​បល់ ដើម្បី​ពិនិត្យ​លើ​ផល​ប៉ះពាល់​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល​គ្រឿង​ស្រវឹង និងការ​ទទួលទាន​ខ្វះការ​ទទួល​ខុស​ត្រូវ​ធ្វើឲ្យ​ប៉ះពាល់​​សុខភាព អាយុជីវិត និង​គ្រោះ​ថ្នាក់​ចរាចរណ៍។

ដើម្បី​ទប់​ស្កាត់​បញ្ហា​នេះ ក្រ​សួង​ព័ត៌​មានតាម​រយៈ​លិខិត​របស់​ខ្លួន​បាន​ស្នើ​ដល់​ក្រ​សួង​ឧស្សាហកម្ម និង​សិប្បកម្ម​ឲ្យ​ពិនិត្យ​សំណើដាក់​សារ «ពិសាគ្រឿង​ស្រវឹង​សូមកុំ​បើក​បរ» នៅ​លើ​សំបក​ដប និង​សំបក​កំប៉ុង​ផលិត​ផល​គ្រឿង​ស្រវឹង។

ក្រ​សួង​សរសេរទៀតថា៖ «[...]​ ដែលជួយ​ពញ្ញាក់​ដល់​អារម្មណ៍​អ្នកសេពគ្រឿង​ស្រវឹង​ឲ្យ​ទទួលទាន​​ដោយ​មានការ​ទទួលខុសត្រូវ​ ជៀសវាង​ការទទួលទាន​ហួស​ប្រ​មាណ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ អាយុ​ជីវិត និង​គ្រោះ​ថ្នាក់​ចរាចរណ៍»៕​

អត្ថបទ៖ ទូច សុខា

មតិយោបល់