• 2019-05-28 09:41:32
  • ព័ត៌មាន

និស្សិត​ខ្មែរ​មួយក្រុម​រៀបចំ​​ពិព័រណ៍រូបថតដ៏ធំ និង​ដំបូង​បង្អស់​នៅ​កម្ពុជា

  • 2019-05-28 09:41:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​ឆ្នាំ​ទី​២ នៃ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍ (DMC) នឹង​រៀបចំ​ការ​តាំង​ពិព័រណ៍​រូបថត​ដំបូង​បង្អស់​ក្រោម​ប្រធានបទ​រួម​មួយ​ចំណង​ជើង​ថា «ពី​ក្រោយ​ការ​ពិត ឬ Behind the Reality»។ ការ​តាំង​ពិព័រណ៍​រូបថត​នេះ​នឹង​ត្រូវ​បើក​សម្ពោធ នៅថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ២០១៩ ខាងមុខនេះ នៅ​ក្នុង​បរិវេណ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដោយ​មាន​ការ​ណែ​នាំ​ពី លោក ផន ភារិទ្ធ គ្រូ​បង្រៀន​ផ្នែក​ថត​រូប​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

ពិព័រណ៍​រូប​ថត​នេះ នឹង​ត្រូវ​ដាក់​តាំង​បង្ហាញ​ជា​សាធារណៈ​ក្នុង​រយៈពេល​៣០​ថ្ងៃ​ ដែល​គិត​ពី​ថ្ងៃ​សម្ពោធ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ២០១៩។ គោល​បំណង​នៃ​ការ​រៀប​ចំ​ឲ្យ​មាន​ការ​តាំង​ពិព័រណ៍​រូបថត​នេះ​ឡើង​គឺ ដើម្បី​បណ្ដុះ​គំនិត ពង្រឹង​ស្មារតី​សាធារណជន​ឲ្យ​យក​ចិត្ត​ទុក​ដាក់ និង​បង្កើន​ការ​យល់ដឹង​ទៅ​លើ បរិបទ​ប្រឈម​ចំនួន​បី ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា រួមមាន បរិស្ថាន សិល្បៈ​បុរាណ​ខ្មែរ និង​ការ​ស្រលាញ់​ភេទ​ដូច​គ្នា។

បន្ទាប់ពី​បាន​សិក្សា​ផ្នែក​ថត​រូប​ទម្រង់​សារព័ត៌មាន​អស់​រយៈ​ពេល​មួយ​ឆមាស ​កន្លងមក និស្សិត​ឆ្នាំ​ទី​២ នៃ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍ បាន​ធ្វើការ​ស្រាវជ្រាវ និង​ចុះ​ទៅ​កាន់​ទីតាំង​នានា ដើម្បី​ផ្ដិត​យក​រូបភាព ដែល​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ នៅ​ក្នុង​សង្គម​កម្ពុជា​ដែល​ទាក់ទង​ទៅ​នឹង​ប្រធានបទ។

រូប​ថត​សរុប មាន​ចំនួន ៩០រូប ដែល​ត្រូវ​បាន​បែងចែក​ទៅ​ក្នុង ៣​គម្រោង​ខុសៗ​គ្នា។ គម្រោង​ទី​១​មាន​ឈ្មោះ​ថា៖ គម្រោង​ដំណក់​ញើស ឯ​គម្រោង​ទី​២​គឺ គ្មាន​ទេ​ផែន​ដី​ទី​២ និង​គម្រោង​ចុង​ក្រោយ​ឈ្មោះ​ថា ក្រម​ប្រតិព័ទ្ធ។

គម្រោងដំណក់​ញើស គឺជា​គម្រោង​រូបថត​ដែល​បាន​ផ្ដិត​យក​នូវ​រូបភាព​ទៅ​តាម​រយៈកាល​នៃ​ជីវិត​របស់​សិល្បករ ដែល​ជា​អ្នក​រាំ​របាំ​បុរាណ​ខ្មែរ​តាម​ទម្រង់​ផ្សេងៗ​ជាច្រើន។ រូបថត​ទាំង​នោះ​គឺចាប់​ផ្ដើម​បក​ស្រាយ​តាម​រយៈ​សារ​អត្ថន័យ​ដូចជា​បង្ហាញ​ឲ្យ​ឃើញ​ពី ការ​ខិតខំ​របស់​សិល្បករ​ដែល​មាន​វ័យ​ក្មេង ចាប់​ផ្ដើម​ហាត់​ពត់ លត់​ដំ​ខ្លួន​ប្រាណ​ទៅ​តាម​ទំនោរ​នៃ​ក្បាច់​របាំ​ខ្មែរ​ រហូត​ដល់​វគ្គ​ដែល​សិល្បករ​ឡើង​សម្ដែង​លើ​ឆាក។

ចំណែក​គម្រោង គ្មាន​ទេ​ផែន​ដី​ទី​២ គឺ​ត្រូវ​បាន​ផ្ដោត​សំខាន់​ទៅ​លើ ​ទម្រង់​អត្ថន័យ​បែប​សិល្បៈ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​កាក​សំណល់ ដែល​មិន​រលាយ​ ហើយ​វា​បាន​ប៉ះពាល់​ទៅ​កាន់​ជីវិត​រស់​នៅ​របស់​មនុស្ស​លោក​សព្វ​ថ្ងៃ។ រូប​ថត​ទាំង​នោះ​ត្រូវ​បាន​ផលិត​ឡើង តាម​រយៈ​ទម្រង់​ប្លែកៗ ផ្សេង​ពី​គ្នា ដោយ​មាន​រូប​មនុស្ស​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​កាក​សំណល់​សំរាម ឈរ​ធ្មឹង​នៅ​ពី​មុខ​បរិស្ថាន​នៃ​ទី​កន្លែង​ជាច្រើន​ក្នុង​ក្រុង​ភ្នំពេញ និង ក្នុង​ប្រទេស​កម្ពុជា។

ចុង​ក្រោយ​នោះ​គឺ​គម្រោង ក្រម​ប្រតិព័ទ្ធ ​ដែល​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​កាយ​វិការ​របស់​បុគ្គល​ដែល​ស្រលាញ់​ភេទ​ដូចគ្នា ខិត​ខំ​លាក់​បាំង​សេចក្ដី​ស្រឡាញ់​របស់​ខ្លួន ព្រោះ​ដោយសារ​តែ​ខ្លាច​មាន​ការ​រើស​អើង​ពី​សាធារណជន។ នៅ​ពី​ក្រោយ​រូបថត​នៃ​គម្រោង​នេះ​ ក្រុម​និស្សិត​បាន​ផ្ដិត​យក​រូបភាព​ដែល​មាន​អត្ថន័យ​អាថ៌​កំបាំង និង​ភាព​រស់​រវើក​ នៃ​ការ​បង្ហាញ​ប្លង់​ថត​ខុសៗ​គ្នា តាម​បែប​ផែន​នៃ​ផ្ទាំង​សង្គម។

នៅ​ក្នុង​ថ្ងៃ​សម្ពោធ​ពិព័រណ៍​រូបថត​នេះ នឹង​មាន​ទស្សនីយភាព​ដូចជា ការ​សម្តែង​ផ្ទាល់​បែប​ទម្រង់​សិល្បៈ ​ដែល​ទាក់ទង​ទៅ​នឹង​គម្រោង​ទាំង​៣​នោះ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រូបថត​ដែល​បាន​ដាក់​តាំង​ពិព័រណ៍​នោះ​ក៏​បង្កើត​ឲ្យ​មាន​ជា​ទស្សនីយភាព​ដល់​ទស្សនិកជន​ តាម​រយៈ​ចក្ខុ​មួយ​បែប​ទៀត​ស្រប​ទៅ​តាម​ស្នា​ដៃ​របស់​និស្សិត​ដែល​បាន​ខិតខំ​រៀបចំ​ដាក់​បញ្ចូល​ទៅ​ក្នុង​សារ​អត្ថន័យ​នៃរូបថត​នីមួយៗ។

គួរ​បញ្ជាក់​ផងដែរ​ថា នៅ​ថ្ងៃ​ពិធី​បើក​សម្ពោធ​ពិព័រណ៍​រូបថត​នេះ មន្ត្រី និង អ្នក​តំណាង ដែល​មក​ពី​បណ្ដា​ក្រសួង​ពាក់ព័ន្ធ នឹង​ចូលរួម​ជា​គណៈអធិបតី​ផង​ដែរ។

តាម​ការ​ជម្រាប​ជូន​ខាងលើ ក្រុម​ពិព័រណ៍​រូបថត «ពី​ក្រោយ​ការ​ពិត ឬ Behind the Reality» មាន​កិត្តិយស​សូម​គោរព​អញ្ជើញ​សាធារណជន​ជា​ភ្ញៀវជាតិ និង​អន្តរជាតិ​ទាំងអស់ ចូលរួម​ពិធី​សម្ពោធ និង​ទស្សនា​ពិព័រណ៍​រូបថត​នេះ ដោយ​ក្ដី​សោមនស្ស រីករាយ និង​កុំបី​ខាន៕

អត្ថបទ៖ ដៃគូសហការ

មតិយោបល់