• 2019-09-20 08:53:53
  • ព័ត៌មាន

ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា​អ៊ែរវ៉េ ទិញយន្តហោះ Airbus A320 ថ្មី​ស្រឡាង​១គ្រឿង​ទៀតហើយ

  • 2019-09-20 08:53:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្ដហោះ Airbus A320 បានចុះចតយ៉ាងរលូននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាវេលាម៉ោង ១០:៣៣នាទីព្រឹក ថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០១៩។

បន្ទាប់ពីបានបញ្ចប់ការបាញ់ថ្នាំតុបតែងដ៏ប្រណិត និងការ​សាក​ល្បង​ហោះហើររបស់ខ្លួននៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Airbus Group SE នៅប្រទេសបារាំង ដែលមានលេខចុះបញ្ជី XU-761 យន្តហោះបានចាកចេញពីទីក្រុង Toulouse នៃអាកាសយានដ្ឋាន Blagnac នាវេលាម៉ោង ១១:៣០ ព្រឹក នៅថ្ងៃទី១៧ ខែកញ្ញា និងបន្ទាប់ពីការឈប់សំចតនៅអាកាស​យានដ្ឋាន​អន្តរជាតិឌូបៃអាល់ម៉ាធូម រយៈពេលបីម៉ោងរួចមក យន្តហោះបានចុះចតយ៉ាង ដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅវេលាម៉ោង ១០:៣៣ នាទី នៅថ្ងៃទី ១៩ ខែកញ្ញា ដោយមានការបាញ់ទឹកទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។

ស្លាកសញ្ញាប្រាសាទអង្គរវត្តដែលមានតែមួយ ជាមួយកន្ទុយដែលមានពពកពណ៌ស របស់ក្រុមហ៊ុនអាកាសចរណ៍​ខេមបូឌា​អ៊ែរវ៉េ ត្រូវបានរំលេចខ្លួនឡើង ធ្វើឲ្យសាធារណជនបានមើលឃើញនឹងដឹងឮ​ថាក្រុមហ៊ុនអាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ បានទទួលយន្តហោះម៉ាក Airbus A320 ថ្មីរបស់ខ្លួនមួយគ្រឿងបន្ថែមទៀតហើយ។ ការបន្ថែមយន្តហោះមួយគ្រឿងទៀតនេះ គឺដើម្បីបង្ហាញពីកស្សិនសាក្សី ក្នុងការរក្សានូវគម្រោង​ពង្រីកបន្ថែមចំនួនយន្តហោះរបស់ខ្លួន ហើយរហូតមកដល់ពេលនេះក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ មានយន្ដហោះ ចំនួន ០៤ (បួន) គ្រឿងហើយ។

សូមបញ្ជាក់ដែរថា នេះជាលើកទីមួយហើយ ដែលមានមន្រ្តីអាជ្ញាធររបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានផ្តល់កិត្តិយស​​រួមដំណើរជាមួយក្រុមអាកាសយានិករបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ដើម្បីនាំយកយន្តហោះមួយគ្រឿងនេះមកពីប្រទេសបារាំង។ ក្នុងពិធីស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានការចូលរួមពីសំណាក់ក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់ បុគ្គលិកពាក់ព័ន្ធនៃក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ មន្រ្តីអាជ្ញាធររបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងតំណាងរបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រមទាំងបានរៀបចំបាច់ផ្កាជូនដល់សមាជិកអាកាសយានិកទាំងអស់ក្រោមបរិយាកាសដ៏រីករាយក្រៃលែង និងបានថតរូបរួមគ្នាដើម្បីទុកជាអនុស្សាវរីយ៍នាឱកាសដ៏មានសារៈសំខាន់នេះ។

លើសពីនេះទៀត ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េក៏បាននិមន្តព្រះសង្ឃដើម្បីប្រោះព្រំប្រសិទ្ធពរដល់យន្តហោះថ្មីនេះ តាមទំនៀមទម្លាប់ព្រះពុទ្ធសាសនាផងដែរ។

មុនពេលការមកដល់នៃយន្តហោះថ្មីនេះ ក្រុមហ៊ុនអាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ បាននិងកំពុងប្រតិបត្តិការជាមួយយន្តហោះ Airbus A319 ចំនួន ០៣ (បី) គ្រឿង ដែលបម្រើសំរាប់គោលដៅក្នុងស្រុករបស់ប្រទេសកម្ពុជា និងអន្តរជាតិជាច្រើន រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប ម៉ាកាវ បាងកក និងហ្វូចូវ ។ ល។ ដូច្នេះបច្ចុប្បន្នចំនួនយន្ដហោះត្រូវបានពង្រីកដល់ចំនួន ០៤ (បួន) គ្រឿងហើយជាមួយនឹងការបន្ថែមនូវយន្ដហោះ Airbus A320 ថ្មីនេះដែលអាចធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េជួយសម្រួលដល់វិស័យទេសចរណ៍ និងឱកាសពាណិជ្ជកម្មពិភពលោកនាពេលអនាគតកាន់តែខ្លាំងទ្បើងឥតឈប់ឈរ។

សូមបញ្ជាក់ផងដែរថា ជាមួយនឹងការនាំចូលយន្ដហោះជាបន្តបន្ទាប់បន្ថែមទៀត ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ នឹងបន្តការយកចិត្តទុកដាក់ ក្នុងការរៀបចំបណ្តាញផ្លូវតភ្ជាប់ទូលំទូលាយដែលយករាជធានីភ្នំពេញជាមជ្ឈមណ្ឌលកណ្តាលរបស់ខ្លួន ដោយគ្របដណ្ដប់ទាំងប្រទេសចិន និងអាស៊ានដើម្បីភ្ជាប់ទៅអាស៊ីឥសាន អឺរ៉ុប ក៏ដូចជាអាមេរិកខាងជើង ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌រវាងប្រជាពលរដ្ឋកម្ពុជា និងប្រទេសដទៃទៀត ក៏ដូចជាការស្ថាបនាសម្ព័ន្ធភាពរវាងព្រះរាជាណាចក្រកម្ពុជា និងពិភពលោក៕

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី