• 2019-10-16 08:27:58
  • ព័ត៌មាន

សិស្ស​អង្គការមួយ ទទួល​បានកង់ និងមួកសុវត្ថិភាពពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​​ធំមួយនៅកម្ពុជា

  • 2019-10-16 08:27:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​រសៀលថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បាននាំយកកង់ចំនួន ៤០ គ្រឿង និងមួកសុវត្ថិភាពចំនួន ៤០មួក ចែកជូនដល់សិស្សានុសិស្ស នៅអង្គការប៉ាសឺរែល នុយមេរិក កម្ពុជា (PNC) ដើម្បីសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ។

មេនូឡាយហ្វ៍ បានគាំទ្រអង្គការ PNC ចាប់តាំងពីឆ្នាំ ២០១៧ មកម៉េ្លះ ដែលគិតមកដល់ពេលនេះ ក្រុមហ៊ុនបានចែកនូវកង់ចំនួន ១១០ គ្រឿង មួកសុវត្ថិភាពចំនួន ១១០ មួក និងកុំព្យូទ័រចំនួន ៦ គ្រឿង ដើម្បីសម្រួលដល់ការសិក្សារបស់សិស្សា​នុសិស្ស។ លើសពីនេះ មេនូឡាយហ្វ៍ តែងផ្ដល់ឱកាសដល់និស្សិតដែលសិក្សានៅអង្គការ PNC ធ្វើកម្មសិក្សានៅក្នុងក្រុមហ៊ុន ក៏ដូចជាចូលបម្រើការងារក្នុងក្រុមហ៊ុនផងដែរ។ ជាក់ស្ដែងអតីតនិស្សិតដែលបញ្ចប់ការសិក្សានៅអង្គការ PNC ចំនួន ៥ នាក់ កំពុងបម្រើការក្នុងក្រុមហ៊ុន មេនូឡាយហ្វ៍ ហើយបានរួមចំណែកយ៉ាងសកម្មក្នុងដំណើរវិវឌ្ឍន៍ទៅមុខរបស់ក្រុមហ៊ុន ក៏ដូចជាការអភិវឌ្ឍន៍សមត្ថភាពរបស់ពួកគាត់ផងដែរ។

លោក ហ៉ោ វណ្តា ដែលជាអតីតសិស្សនៅអង្គការ PNC ដែលសព្វថ្ងៃកំពុងបម្រើការក្នុងតួនាទីជា មន្រ្តីជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាទីផ្សារ និងឌីជីថល (Senior Specialist, Digital Marketing Technology) នៅ មេនូឡាយហ្វ៍ បានបង្ហាញចំណាប់អារម្មណ៍ថា «ពីមុន ខ្ញុំជាក្មេងម្នាក់ដែលបានទទួលកង់ និងមួកសុវត្ថិភាព ពីមេនូឡាយហ្វ៍ ហើយវាបានជួយខ្ញុំឲ្យអាចធ្វើដំណើរទៅសាលាយ៉ាងងាយស្រួល និងមានសុវត្ថិភាព។ ខ្ញុំសប្បាយចិត្តណាស់ដែលប្អូនៗជំនាន់ក្រោយក៏ទទួលបានដូចគ្នា ហើយខ្ញុំសង្ឃឹមថាកង់ និងមួកនេះនឹងក្លាយទៅជាការចងចាំដ៏ល្អរបស់ពួកគាត់ចាប់ពីពេលនេះរហូតដល់ពេលដែលពួកគាត់រៀនចប់។»

លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ «យើងមានមោទនភាពណាស់ដែលមេនូឡាយហ្វ៍ អាចជួយដល់អង្គការមួយដែលមានកេរ្តិ៍ឈ្មោះល្អដូច PNC ដើម្បីជួយ និងការពារសិស្សនៅពេលពួកគេធ្វើដំណើរទៅសាលារៀន។ ក្រុមហ៊ុន មេនូឡាយហ្វ៍ គ្រប់ទីកន្លែងតែងតែប្តេជ្ញាចិត្តក្នុងការគាំទ្រសហគមន៍ដែលយើងធ្វើប្រតិបត្តិការអាជីវកម្ម តាមរយៈកម្មវិធីសប្បុរសធម៍ និងការឧបត្ថម្ភនានា។ នៅកម្ពុជា ចាប់តាំងពីយើងបានចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ ២០១២ យើងបានចំណាយប្រមាណ ២ លានដុល្លារអាមេរិច ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជន ក្នុងនោះរួមមាន ការឧបត្ថម្ភធំដល់ការរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ត ការគាំទ្រដល់សុវត្ថិភាពចរាចរណ៍ ការបរិច្ចាគកង់និង មួកសុវត្ថិភាព និងកម្មវិធីជាច្រើនទៀត។»

លោកស្រី Eléonore Iriart នាយិកាចាត់ការទូទៅរបស់អង្គការប៉ាសឺរែលនុយមេរិក ក៏បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដ៏ការគាំទ្រជាបន្តបន្ទាប់របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ដែលជារៀងរាល់ឆ្នាំតែងតែយកចិត្តទុកដាក់ដើម្បីប្រាកដថា សិស្សានុសិស្សរបស់មានកង់ និងមួកសុវត្ថិភាព ដើម្បីទៅសាលារៀន។»

គួរបញ្ជាក់ផងដែរថា អង្គការប៉ាសឺរែលនុយមេរិក ជាអង្គការដែលផ្ដល់ឱកាសដល់យុវជនខ្មែរដែលជួបការខ្វះខាត ឲ្យទទួលបានការសិក្សា កសាងសមត្ថភាព និងបទពិសោធន៍ក្នុងវិស័យព័ត៌មានវិទ្យា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា៕

មតិយោបល់