• 2019-10-28 07:48:14
  • ព័ត៌មាន

ក្រុម «យុវជនសំរាម» ត្រៀមកម្លាំងជាង ១០០នាក់ រើសសំរាមថ្ងៃបុណ្យអំទូក

  • 2019-10-28 07:48:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅសល់ពេលមិនដល់ជាង២សប្ដាហ៍ទៀតទេ ធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នឹងមកដល់ ប៉ុន្ដែមុនពិធីនេះមកដល់ ក្រុមយុវជនសំរាម បានប្រកាសអំពីយុទ្ធនាការប្រមូលសំរាមដោយស្ម័គ្រចិត្ត ចំនួន ៣ថ្ងៃ គឺនៅថ្ងៃទី ១០-១២ ខែវិច្ឆិកា ២០១៩។

សូមចុចអាន៖ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​គ្រប់គ្រង​កាកសំណល់ និងការចោលសំរាម​ក្រុង​ភ្នំពេញ​ឲ្យ​បាន​ស្អាត​ល្អ?

ការប្រកាសប្រមូលសំរាមស្ម័គ្រចិត្តដោយក្រុមយុវជននេះត្រូវបានគេកត់សម្គាល់ឃើញថា រាល់ពិធីបុណ្យធំៗ ជាពិសេសបុណ្យអំទូក ដែលមនុស្សច្រើនកកកុញមកជួបជុំគ្នានៅភ្នំពេញ គឺក្រោយចប់ពិធីរមែងមានសំរាមជាច្រើននៅពាសពេញមាត់ទន្លេ ទីកន្លែងមហាជនជួបជុំគ្នា។ ម៉្លោះហើយ យុវជនបានត្រៀមកម្លាំងប្រមាណជាជាង ១០០នាក់ ដើម្បីរើសសំរាមទាំងនោះ។

លោក សាន ដារ៉ាវិត ស្ថាបនិកនៃក្រុម «យុវជនសំរាម» បានប្រាប់ Sabay តាមសារហ្វេសបុកឆាតនៅរសៀលថ្ងៃទី ២៨ តុលា នេះថា ព្រឹត្តិការណ៍ដ៏ធំនាពេលខាងមុខនេះ កម្លាំងយុវជនប្រមាណជាង១០០នាក់ នឹងត្រៀមរើសសំរាមនៅមុខមហាជន ដើម្បីជាការផ្សព្វផ្សាយអំពីការគ្រប់គ្រងសំរាមទៅដល់សាធារណជន។

«យើងចង់ផ្ញើសារទៅកាន់មហាជន​ឲ្យ​ចេះ​ទុកដាក់សំរាម មិនសំដៅតែលើពិធីបុណ្យ​ទាន​អ្វីនោះទេ គឺសំខាន់​យើង​ចង់​ឲ្យ​ពួកគាត់​យល់​ដឹង​អំពី​ការ​ទុកដាក់​សំរាម​ ព្រមទាំង​ចង់​ពួកគាត់​យល់​ដឹង​ថា សំរាម​របស់​គាត់​មិនមែន​តែយុវជន​ ឬ​ស៊ិនទ្រី​ អ្វី​នោះទេ ដែល​ជា​អ្នក​ទទួល​ខុសត្រូវ គឺគាត់​ផ្ទាល់​ជា​អ្នក​ទទួល​ខុសត្រូវ​សំរាម​របស់​គាត់»។

លោក សាន ដារ៉ាវិត ស្ថាបនិកនៃក្រុម «យុវជនសំរាម»

តាមរយៈវីដេអូប្រមាណជា១នាទី ដែលធ្វើឡើងដោយក្រុមយុវជនសំរាម បានបញ្ជាក់ដែរថា យុទ្ធនាការខាងលើនេះ មានគោលបំណងសំខាន់ដើម្បីផ្លាស់ប្ដូរផ្នត់គំនិតរបស់មហាជនឲ្យចេះទុកដាក់សំរាម ហើយយុទ្ធនាការនេះក៏រំពឹងថា មានអ្នកចូលរួមកាន់តែច្រើន ដើម្បីធ្វើឲ្យក្រុងភ្នំពេញស្អាត។

សូមទស្សនាវីដេអូអប់រំខាងក្រោមនេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់