- 2019-11-08 06:50:54
- ព័ត៌មាន
រឿងលែងកូនក្រពើនៅកសិន្ទុប្រាសាទអង្គរអាជ្ញាធរខេត្តអន្តរាគមន៍ហើយ
- 2019-11-08 06:50:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងលែងកូនក្រពើនៅកសិន្ទុប្រាសាទអង្គរអាជ្ញាធរខេត្តអន្តរាគមន៍ហើយ
ចន្លោះមិនឃើញ
រដ្ឋបាលខេត្តសៀមរាបឲ្យដឹងថាក្រុមការងារចម្រុះរដ្ឋបាលខេត្ត និងអាជ្ញាធរអប្សរា បានចុះពិនិត្យ និងរកមធ្យោបាយស្វែងរកចាប់កូនក្រពេីដែលបានលែងនៅកសិន្ធុប្រាសាទអង្គរវត្តកាលពីបីថ្ងៃមុន។
នៅរសៀលនេះ រដ្ឋបាលខេត្តសៀមរាបបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «ដោយបានការណែនាំពីឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក្រុមការងារចម្រុះរដ្ឋបាលខេត្ត អាជ្ញាធរអប្សរា មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ បានចុះពិនិត្យកន្លែងដែលបានលែងកូនក្រពេី និងរកមធ្យោបាយដេីម្បីតាមចាប់កូនក្រពេីតូច បណ្ដោយប្រហែល ៤០សង់ទីម៉ែត្រ ដែលបានព្រលែងចូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត ប៉ែកខាងកេីតកាលពីបីថ្ងៃមុន»។
ប្រភពដដែលបន្តថា៖ «ក្រោយពីបានចុះដល់ទីតាំង និងបានពិនិត្យជាក់ស្ដែងរួចមក លោកនាយករដ្ឋបាលសាលាខេត្ត បានសុំឲ្យអាជ្ញាធរអប្សរា សហការជាមួយក្រុមការងារជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តកិច្ចការតាមចាប់កូនក្រពេីនេះ ដោយប្រេីប្រាស់កម្លាំងមន្ត្រីជំនាញតាមប្រមាញ់ ២៤ម៉ោង លេី ២៤ម៉ោង ពិសេសពេលកូនក្រពេីតូចនេះចេញរកចំណីនៅពេលយប់តាមមាត់ច្រាំងនៃកសិន្ធុប្រាសាទអង្គរវត្ត»។
តាមការបញ្ជាក់របស់មន្ត្រីជំនាញថា កូនក្រពើនេះនៅតូចមិនទាន់ចល័តចេញពីកសិន្ធុនេះនៅឡើយទេ។ មន្ត្រីជំនាញនឹងប្រើប្រាស់មធ្យោបាយចាប់មកវិញ ដោយការដាក់សន្ទូច ឬការអូសមង ឬការឆ្លុះនឹងកែវឆ្លុះចាប់នៅពេលយប់។ ប្រភពខាងលើបញ្ជាក់។
ប្រភពដដែលបន្តថា៖ «អាស្រ័យហេតុនេះ សូមសាធារណជនកុំមានភ្ញាក់ផ្អើល និងព្រួយបារម្ភឡើយ ព្រោះថាកូនក្រពើនេះនៅតូចមិនទាន់អាចបង្កគ្រោះអ្វីឡើយ ហើយសមត្ថកិច្ចនឹងរកឃើញក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ»៕