• 2019-11-22 05:32:05
  • ព័ត៌មាន

គួរឲ្យសរសើរ! គ្រូបង្រៀនជនជាតិកេនយ៉ាម្នាក់ លះបង់ប្រាក់ចំណូល ៨០% ជួយដល់សង្គម រហូ​តទទួលពានរង្វាន់

  • 2019-11-22 05:32:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ថ្នាក់​រៀន​មួយ​នៃ​ភូមិ Pwani ដែល​ពោរពេញ​ដោយ​សិស្ស​សាលា​រាប់​សិប​នាក់ គ្រូបង្រៀន​ជន​ជាតិ​កេនយ៉ា​ឈ្មោះ Peter Tabichi ត្រូវ​បាន​គេ​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ទឹក​ចិត្ត​សប្បុរស​របស់​លោក។

មាន​ដើម​កំណើត​ពី​ទីក្រុង Kiisi គ្រូបង្រៀន​វ័យ ៣៧​ឆ្នាំ បាន​ឈ្នះ​ពាន​រង្វាន់​គ្រូ​បង្រៀន​ឆ្នើម​ទូទាំង​សកល​លោក​ឆ្នាំ ២០១៩។ ជា​រៀង​រាល់​ខែ លោក Peter បាន​បរិច្ចាគ​ប្រាក់​ចំណូល ៨០​% ដើម្បី​ជួយ​ដល់​សង្គម និង​គម្រោង​ផ្សេង​ៗ។ លោក​​បង្រៀន​នៅ​អនុវិទ្យាល័យ​ផ្នែក​គណិត​វិទ្យា, រូប​វិទ្យា និង​វិទ្យា​សាស្ត្រ។ នៅ​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់​ដែល​ប្រកាស​នៅ​សហព័ន្ធ​អារ៉ាប់​រួម លោក Peter បាន​ឈ្នះ​ទឹក​ប្រាក់ ១​លាន​ដុល្លារ ដោយ​ត្រូវ​បាន​ទទួល​ស្គាល់​សម្រាប់​ការ​លះ​បង់, ក្ដី​ស្រឡាញ់ និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​របស់​លោក​ដើម្បី​អនាគត​ក្មេង​ៗ​សិស្ស​សាលា។

បើ​ទោះ​បី​ជា​មាន​កង្វះ​ខាត​ផ្នែក​ធនធាន​នៅ​សាលា​រៀន និង​សិស្ស ៩៥% ជា​ជន​ក្រី​ក្រ​ក្ដី លោក Peter បាន​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​បង្រៀន​ រហូត​ដល់​សិស្ស​ជា​ច្រើន​នាក់ បាន​ឈ្នះ​ពាន​រង្វាន់​វិទ្យាសាស្ត្រ​ថ្នាក់​អន្ដរ​ជាតិ​ទៀត​ផង។ យ៉ាង​ណា​មិញ ភាព​ជោគ​ជ័យ​របស់​លោក បាន​ឆ្លង​កាត់​ការ​លំបាក និង​ឧបសគ្គ​ជា​ច្រើន​ដូច​ជា​កង្វះ​ខាត​ទឹក, សុវត្ថិភាព​ចំណី​អាហារ, កម្សោយ​ហេដ្ឋារចនាសម្ព័ន្ធ, បន្ទប់​រៀន, សម្ភារ​សិក្សា និង​បណ្ណាល័យ​ជា​ដើម។ លោក Peter ឲ្យ​ដឹង​ថា នៅ​ពេល​ទំនេរ​លោក​តែង​តែ​ទៅ​ហាង​កាហ្វេ​ដើម្បី​ទាញ​យក​ឯក​សារ​សំខាន់​សម្រាប់​បង្រៀន​សិស្ស​ដោយ​សារ​នៅ​ទី​នោះ​គ្មាន​អ៊ីនធឺណេត។

ថ្លែង​មក​កាន់​សារព័ត៌មាន​គ្រូ​បង្រៀន​ឆ្នើម​រូប​នេះ​ឲ្យ​ដឹង​ថា "នៅ​ពេល​ដែល​អ្នក​អាច​លះ​បង់​ទៅ​កាន់​អ្នក​ដទៃ អ្នក​នឹង​ទទួល​បាន​ភាព​សប្បាយ​ចិត្ត​ពី​ខាង​ក្នុង។ នៅ​ពេល​ដែល​អ្នក​ឃើញ​សិស្ស​មាន​ការ​ចេះ​ដឹង, ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ និង​អាច​ប្រកួត​ប្រជែង​ថ្នាក់​អន្ដរជាតិ អ្នក​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។”

ក្រោយ​ទទួល​បាន​ប្រាក់​រង្វាន់​នេះ លោក​គ្រូ Peter ឲ្យ​ដឹង​ថា​នឹង​ប្រើប្រាស់​សម្រាប់​ការងារ​សង្គម និង​បង្កើន​កម្មវិធី​សិក្សា STEM (វិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម និង​គណិត​វិទ្យា)។ ក្រៅ​ពីនេះ ប្រាក់​មួយ​ចំនួន​ទៀត នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​លាប​ពណ៌​ថ្នាក់​រៀន​ឡើង​វិញ ក៏​ដូច​ជា​ត​ទឹក​សម្រាប់​សិស្ស​ប្រើប្រាស់​ផង​ដែរ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់