• 2019-11-25 04:49:43
  • ព័ត៌មាន

រកឃើញ​បេក្ខភាពសាលា​ចំនួន ៧ ដែល​ជាប់វគ្គ​ជម្រុះនៃផែនការ «សាលាស្អាត»

  • 2019-11-25 04:49:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុទ្ធនាការភ្នំពេញស្អាត បានចុះអប់រំផ្សព្វផ្សាយទៅកាន់សិស្សានុសិស្សរាប់រយនាក់ ក្នុងចំណោមសាលាចំនួន១៧ ក្នុងរាជធានីភ្នំពេញ នា​អំឡុងខែវិច្ឆិកា ឆ្នាំ២០១៩។ ការអប់រំផ្សព្វផ្សាយនេះ ស្ថិតនៅក្នុងផែនការ «សាលាស្អាត» ដែលរំពឹងថា សិស្សានុសិស្សនឹងកាន់តែយល់ច្បាស់អំពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។

ក្រោយ​ឆ្លងកាត់​រយៈពេលស្ទើរ​ពេញ​១ខែ​រួចមក ផែនការ «សាលាស្អាត» បាន​រកឃើញ​បេក្ខភាព​សាលា​ចំនួន ៧ ដែល​រួមមាន៖ វិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យទួលទំពូង វិទ្យាល័យជាស៊ីមសន្ធរម៉ុក វិទ្យាល័យចំរើនផល វិទ្យាល័យជាស៊ីមបឹងកេងកង វិទ្យាល័យបញ្ញាសាស្រ្តអន្តរជាតិ និងវិទ្យាល័យវេសឡាញន៍ (សន្ធរម៉ុក)។

ក្នុង​ចំណោម​បេក្ខភាព​សាលា​ទាំង ៧ នោះ នឹង​ត្រូវ​ជ្រើសរើស​យក​សាលា​ចំនួន ៣ ដែល​មានគំនិតល្អជាងគេក្នុងការលើកកម្ពស់សោភ័ណភាពបរិស្ថានតាមសាលារៀងៗខ្លួន។ ពិធី​ប្រកាស​លទ្ធផល​ នឹង​ធ្វើឡើង​នៅក្នុងពិធីបិទយុទ្ធនាការភ្នំពេញឆ្នាំ២០១៩ នា​ថ្ងៃ​ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្នុង​ឱកាស​នោះដែរ ក៏​មាន​ការ​ប្រកាសពាន​រង្វាន់​គម្រោងទស្សនាទានសាលាស្អាត ដែលក្នុងនោះបែងចែកជ័យលាភីជា ៣ផ្នែក ដូចជា៖

១. គម្រោងផែនការដែលលេចធ្លោ​ជាងគេប្រចាំឆ្នាំ

២. គម្រោងផែនការដែលមាននិរន្តភាព

៣. គម្រោងផែនការដែលមានគំនិតច្នៃប្រឌិតប្លែកពីគេ

អ្នកស្រី ប៉ុន សោភ័ណ ប្រធានគម្រោងស្អាត បានប្រាប់ Sabay ថា ឆ្នាំនេះជាឆ្នាំទី៣ នៃគម្រោងភ្នំពេញស្អាត ហើយជារៀងរាល់ឆ្នាំរមែងយកខែវិច្ឆិកា ធ្វើជាយុទ្ធនាការស្អាត។ ឆ្នាំនេះគម្រោងបានផ្ដោតលើការប្រកួតប្រជែងក្នុងការរៀបចំផែនការសាលាស្អាត។

អ្នកស្រី ប៉ុន សោភ័ណ ប្រធានគម្រោងស្អាត

«យើងរំពឹងថា សកម្មភាពនៃការចូលរួមរបស់សិស្សានុសិស្ស គឺជាជំហានថ្មីមួយឆ្ពោះទៅរកគោលដៅសាលាស្អាត ដោយផ្ដើមពីក្មេងៗ ក្លាយជាក្មេងគំរូ លើការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ហើយពួកគេនឹងធ្វើការផ្សព្វផ្សាយបន្ដ»។ នេះជាការលើកឡើងរបស់ អ្នកស្រី ប៉ុន សោភ័ណ។

ប្រធាន​គម្រោង​ស្អាត បាន​បន្ថែម​ទៀត​ថា «ឆ្នាំនេះយើងបានបណ្ដុះគំនិតសិស្សានុសិស្ស ហើយយើងរំពឹងថា ឆ្នាំក្រោយ ឬឆ្នាំបន្ទាប់ យើងនឹងឃើញសកម្មភាព នៃការអនុវត្តបានល្អ លើការទុកដាក់សំរាម ឈានទៅសម្រេចបានសាលាស្អាត ឬភ្នំពេញស្អាត ឬកម្ពុជាស្អាត»៕

មតិយោបល់