• 2019-12-17 04:00:13
  • ព័ត៌មាន

តោះ! កុំភ្លេចទៅលេង​​ខេត្ត​កំពត​ចុង​ឆ្នាំ​នេះ​ដឹង​តែ​សប្បាយ

  • 2019-12-17 04:00:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្ត​កំពត​បាន​ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា គោលដៅថ្មីនេះ បានក្លាយជាកន្លែងសម្រាកកម្សាន្តរបស់ ភ្ញៀវជាតិ-អន្តរជាតិគ្រប់ប្រភេទ។

ដោយ​ឡែក​ចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ខេត្តកំពត​នឹង​មាន​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើកទី៨ ជុំទី២ ដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្ត។

នៅ​មុខពិធីបុណ្យសមុទ្រមកដល់ ក្រសួង​ក៏​បាន​បង្ហាញជូនភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ឱ្យ​បាន​ស្គាល់​អំពី​រមណីយដ្ឋានទេសចរណ៍មួយចំនួននៅក្នុងខេត្តនេះ ក្នុងនោះរួមមាន៖

ឧទ្យានដងព្រែក៖ មានទីតាំងស្ថិតនៅភូមិបត់ក្បាលដំរី ឃុំស្នំប្រាំពីរ មានចម្ងាយប្រមាណ ៨គីឡូ​ម៉ែត្រ ពីក្រុង​កំពត។ រមណីយដ្ឋាននេះស្ថិតនៅជាប់ដងព្រែកកំពង់បាយ ដែល​ពោរពេញ​ដោយ​ធម្មជាតិ និងអាកាសធាតុស្រស់ស្រាយ។ លោកអ្នកអាចជិះខ្សែរ៉កឆ្លងព្រែក ជិះទូកកាយ៉ាក់ ជិះ​ទូទា​ទឹក និងពិសាអាហារឆ្ងាញ់ៗនៅទីនោះ។

រមណីយដ្ឋានដូងទេរ៖ មានទីតាំងស្ថិតនៅភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ មាន​ចម្ងាយ​ប្រមាណ ៧គីឡូម៉ែត្រ ពីស្ពានថ្មីក្រុងកំពត។ រមណីយដ្ឋាននេះស្ថិតនៅជាប់ដងព្រែកកំពង់បាយ ដែលពោរពេញដោយធម្មជាតិ និងអាកាសធាតុស្រស់ស្រាយ។ លោកអ្នកអាចងូតទឹកលេងកម្សាន្ត ជិះទូកកាយ៉ាក់ ជិះទូកទាទឹក ក្ដាររអិល និងមានអាហារឆ្ងាញ់ៗជាច្រើនមុខទៀត។

សហគមន៍​ទេសចរណ៍​ត្រពាំងសង្កែ៖ មានទីតាំងស្ថិតនៅភូមិ កំពង់កែស ឃុំត្រពាំងសង្កែ ស្រុក​ទឹក​ឈូ មាន​ចម្ងាយ ៧គីឡូ​ម៉ែត្រ ពីក្រុង​កំពត ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៣៣ ពី​ខេត្ត​កំពត​ទៅ​ខេត្ត​កែប។ សហគមន៍នេះជាសហគមន៍បែបធម្មជាតិ ដែល​ជា​កន្លែង​អភិរក្ស​ដើម​កោងកាង​ដ៏​ធំ​មួយ​ក្នុង​ខេត្តកំពត។ នៅក្នុងសហគមន៍មានបម្រើសេវាកម្មដូចជាសេវាកម្មស្នាក់នៅ ម្ហូប​អាហារ​បែប​សហគមន៍ ជិះកាណូតមើលព្រៃកោងកាង និង​មាន​លក់​ដើម​កោង​កាង​សម្រាប់​ឱ្យ​ភ្ញៀវ​ដាំ​ទុក​ជា​អនុស្សាវរីយ៍​ផងដែរ។

កន្លែងជិះទូកកម្សាន្តនៅតាមព្រែកកំពង់បាយ មានទីតាំងស្ថិតនៅភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុង​កំពត។ លោកអ្នកអាចរីករាយជាមួយខ្យល់អាកាសបរិសុទ្ធ កម្សាន្តជាមួយទេសភាព មើល​ថ្ងៃ​លិច មើលអំពិលអំពែក និងពិសាអាហារឆ្ងាញ់ៗនៅទីនោះ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់
អត្ថបទពេញនិយម