• 2020-01-06 03:36:09
  • ព័ត៌មាន

ញាក់សាច់! អង់គ្លេសប្រកាសត្រៀមជើងព្រួល វាយប្រហារអ៊ីរ៉ង់ បើសិនផ្ទុះសង្គ្រាម

  • 2020-01-06 03:36:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង់គ្លេសបានបង្កើនសន្តិសុខរបស់ខ្លួននៅមជ្ឈឹមបូព៌ា និង​បន្ថែម​កម្លាំង​ទ័ព​កាន់តែខ្លាំង​ឡើង​ថែម​ទៀត​ដើម្បី​ត្រៀមសម្រាប់ការវាយប្រហារសងសឹក​របស់​អ៊ីរ៉ង់​បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកទៅលើឧត្តមសេនីយ៍កំពូល Qassem Soleimani។

តាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល​អង់គ្លេស​ឲ្យ​ដឹង​ថា នាវា​ចម្បាំង​ចំនួន​ពីរ​គ្រឿង​អម​ជា​មួយ​នាវា​ដឹក​ប្រេង និង​ទ័ព​ជាង ៤០០​នាក់​បន្ថែម​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​កាន់មជ្ឈឹមបូព៌ា​ដើម្បី​បន្ថែម​កម្លាំង​ការពារ​ទៅ​លើ​ទូត និង​ទ្រព្យ​សម្បត្តិ​ផ្សេង​ៗ​របស់​អង់គ្លេស​ក្នុង​តំបន់។ ការ​ការ​ពារ​បន្ថែម​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អង់គ្លេស​ខ្លាច​ថា​នឹង​មាន​សង្គ្រាម​ជាយថាហេតុ​មក​លើ​ខ្លួន នៅ​ពេល​ដែល​អាមេរិក​និង​អ៊ីរ៉ង់​​ចាប់​ផ្ដើម​ប្រយុទ្ធ​គ្នា។ ទាហាន​ទាំង​នោះ នឹង​ត្រូវ​ប្រគល់​ឲ្យ​អាវុធ​ធន់​ធ្ងន់​ដើម្បី​ប្រើប្រាស់ ហើយ​ផ្លាស់​ទី​ពី​មូលដ្ឋាន​ទ័ព​តូច​ៗ​ចំនួន ៨​ក្នុង​ប្រទេស​អ៊ីរ៉ាក់​មក​កាន់​មូលដ្ឋាន​ទ័ព​ធំ​ដែល​គ្រប់គ្រង​ដោយ​អាមេរិក។

លើស​ពី​នេះ នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​បំពាក់​ដោយ​មីស៊ីល​ផ្លោង Tamahawk ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​តំបន់​​ផង​ដែរ ហើយ​ត្រៀម​ខ្លួន​វាយ​ប្រហារ​រួច​ជា​ស្រេច​គ្រប់​ពេលវេលា ប្រសិន​បើ​ស្ថានភាព​កាន់​តាន​តឹង​ខ្លាំង​ឡើង។ គ្រាប់​មីស៊ីល​ផ្លោង​ Tamahawk ប្រវែង​ជាង ៦​ម៉ែត្រ​នេះ​ផ្ទុក​ទៅ​ដោយ​ក្បាល​គ្រាប់​​ទម្ងន់​ជិត ៥០០​គីឡូក្រាម​ជាមួយ​នឹង​សមត្ថភាព​បាញ់​បាន​រយៈ​ចម្ងាយ ២ ៤០០​គីឡូម៉ែត្រ​ក្នុង​ល្បឿន ៨០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

យោង​តាម​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​​អង់គ្លេស​លោក Ben Wallace ឲ្យ​ដឹង​ថា "យើង​មាន​គម្រោង​ការណ៍ A, គម្រោង​ការណ៍ B និង​គម្រោង​ការ​គ្រាអាសន្ន ប្រសិនបើ​ស្ថានការណ៍​គ្រប់គ្រង​លែង​បាន។ កម្លាំង​របស់​យើង​ក្នុង​តំបន់ ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រមូលផ្ដុំ​គ្នា​ដើម្បី​បន្ថែម​កម្លាំង​ការពារ។”

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​​អង់គ្លេស​លោក Ben Wallace

គួរ​បញ្ជាក់​ថា​ គម្រោងការណ៍​បច្ចុប្បន្ន​របស់​អង់គ្លេស គឺ​ដាក់​កម្លាំង​ទៅ​ការពារ​ស្ថានទូត​របស់​ខ្លួន​ក្នុង​ទីក្រុង​បាកដាដ​ដែល​អាច​ត្រូវ​​អ៊ីរ៉ង់​វាយ​ប្រហារ ឬ​ឡោម​ព័ទ្ធ។ ក្រៅ​ពី​នេះ ទ័ព​មួយ​ចំនួន​ទៀត​ក៏​នឹង​ត្រូវ​បញ្ជូន​ទៅ​ការពារ​ស្ថានទូត​ក្នុង​ទីក្រុង Tehran ផង​ដែរ ដោយ​សារ​អាច​នឹង​ត្រូវ​វាយ​ប្រហារ​ដោយ​បាតុករ​អ៊ីរ៉ង់៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី