• 2020-01-07 08:07:52
  • ព័ត៌មាន

គ្រូបង្វឹកសុនខ ស្ម័គ្រចិត្តជួយសង្គមគ្រប់ពេល

  • 2020-01-07 08:07:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូបង្វឹកសុនខ លោក ហ៊ិន រតនា ដែលគ្រប់គ្នាបានស្គាល់គាត់ច្រើននៅពេលលោកបានជួបឧបទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីពេលកន្លងមករមែងលេចមុខនៅក្នុងការងារសង្គម ជាពិសេស ករណីរលំអគារពីរលើកនៅខេត្តព្រះសីហនុ និងខេត្តកែប កន្លងមក។

«ខ្ញុំស្ម័គ្រចិត្តចូលរួមជួយសង្គមគ្រប់ពេលនៅពេលប្រជាពលរដ្ឋខ្មែរត្រូវការ។ ខ្ញុំបានចូលរួមជួយសកម្មភាពស្វែងរកសាកសពជនបរទេសនៅកោះកុង និងចូលរួមស្វែងរកជនរងគ្រោះនៅក្នុងហេតុការណ៍បាក់អគារពីរលើករួចមកហើយ គឺនៅខេត្តព្រះសីហនុ និងខេត្តកែបកន្លងមកថ្មីៗនេះ។» នេះជាការរៀបរាប់ លោក ហ៊ិន រតនា។

សព្វថ្ងៃនេះ លោក ហ៊ិន រតនា នៅសល់សុនខដ៏ឆ្លាតវៃមួយ គឺ Jazz អាយុ១ឆ្នាំកន្លះ ។ Jazz បានប្រតិបត្តិការណ៍រុករកជនរងគ្រោះបានជោគជ័យនៅក្នុងហេតុការណ៍បាក់អគារនៅខេត្តព្រះសីហនុ និងហិតក្លិនដឹងជនរងគ្រោះ រួមទាំងបានរកឃើញសុនខមួយក្បាលជាប់ក្នុងគំនរបាក់បែកដោយសារបាក់អគារនៅខេត្តកែប កាលពីពេលថ្មីៗនេះ។

Jazz អាយុ១ឆ្នាំកន្លះ

ក្រោយពីទទួលដំណឹងពីការបាក់រលំអគារនៅខេត្តកែបកាលពីថ្ងៃទី ៣ ខែមករា លោក ហ៊ិន រតនា បានធ្វើដំណើរជាមួយក្រុមនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត បានទៅដល់កន្លែងកើតហេតុភ្លាមៗនៅយប់ថ្ងៃដដែល។

លោក ហ៊ិន រតនា បានប្រៀបធៀបអំពីព្រឹត្តិការណ៍ខុសគ្នានៃការរុករកជនរងគ្រោះក្នុងហេតុការណ៍បាក់អគារនៅខេត្តព្រះសីហនុ និងខេត្តកែបថា ការបាក់រលំអគារនៅខេត្តកែបគឺស្ថានភាពបាក់ស្ទើររាប់ដល់ដី ដូច្នេះសុនខពិបាកលូនចូលរកជនរងគ្រោះ គឺបានត្រឹមហិតក្លិនជុំវិញនៅខាងក្រៅ ហើយបានប្រាប់អំពីសញ្ញានានា ឲ្យក្រុមប្រតិបត្តិការណ៍ជួយសង្គ្រោះចូលទៅប៉ុណ្ណោះ។ «ច្រកចូលតូចៗពេក សុនខខ្ញុំបើវាចូលទៅ វាពិបាករកច្រកមកវិញ»

ដោយឃើញពីផលលំបាកនៅក្នុងប្រតិបត្តិការណ៍ទាំងពីរលើកកន្លងមក លោក ហ៊ិន រតនា បានបញ្ជាក់អំពីគោលបំណងចង់ពង្រីកការវឹកហាត់លើជំនាញដល់សុនខ ប៉ុន្ដែអ្វីជាឧបសគ្គគឺខ្វះថវិកា ប៉ុន្ដែបើទោះបីជាខ្វះសម្ភារៈ និងថវិកាយ៉ាងណាក្ដី ក៏លោកគ្រូ ប្ដេជ្ញាចូលរួមការងារស្ម័គ្រចិត្តបន្ដទៀត ដើម្បីចូលរួមជួយសង្គម៕

លោក ហ៊ិន រតនា ក្រៅពីជំនាញបង្វឹកសុនខ លោកក៏មានជំនាញជួយសង្គ្រោះបឋមផងដែរ
សុនខនេះ ត្រូវបាន Jazz ហិតក្លិនដឹងនឹងប្រាប់ដល់លោករតនា និងក្រុមជួយសង្រ្គោះ ឲ្យជួយសុនខនេះចេញពីគំនរបាក់បែក។ ប៉ុន្ដែសោកស្ដាយ សុនខមួយនេះឡើងបាយ ទំនងជាមើលមិនឃើញ ហើយលោករតនាបានប្រគល់ឲ្យក្រុមទាហានជើងទឹក ក្រោយពីសង្គ្រោះចេញពីគំនរបាក់បែក នៃអគារ៧ជាន់ ដែលរលំកាលពី ថ្ងៃទី ៣ មករា ២០២០ កន្លងទៅ៕

អត្ថបទ៖ វិបុត្រ

មតិយោបល់