• 2020-01-15 06:03:24
  • សេដ្ឋកិច្ច

មិនយូរទេ អ្នក​អាច​​ទិញ​ហ៊ុន​ធនាគារអេស៊ីលីដា​បាន​ហើយ!

  • 2020-01-15 06:03:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ធ្វើ​សិក្ខាសាលា​ស្ដី​ពី​ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ (IPO) ជា​ផ្លូវ​ការ​នៅ​កម្ពុជា នៅ​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ​ជា​ជាង ២០០នាក់។

ក្រោយ​ពេល​ចេញ​លក់​​មូលបត្រ​កម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ​នេះ ធនាគារ អេស៊ីលីដា ភីអិល​ស៊ី នឹង​ក្លាយជាធនាគារពាណិជ្ជទីមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែល​ចុះ​បញ្ជី​លក់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុនផ្សារ​មូលបត្រកម្ពុជា (ផ.ម.ក)។ ការ​បោះ​ផ្សាយ​លក់​មូល​បត្រកម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ (IPO) បង្កើតបាននូវសករាជថ្មីនៃប្រវត្តិជោគជ័យរបស់ធនាគារ អេស៊ីលីដា ភីអិល​ស៊ី។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី 

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ថា “ធនាគារ​ទើបនឹងទទួលបានលិខិតពីធនាគារជាតិនៃកម្ពុជា ដើម្បី​បន្ត​នីតិវិធី​ស្នើ​សុំបោះ​ផ្សាយ​លក់​មូល​បត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈរបស់ធនាគារ នៅ​គណៈកម្មការ​មូល​បត្រកម្ពុជា (គ.ម.ក.) ។ ភាគហ៊ុនិករបស់ធនាគារបានឯកភាពគ្នាជាឯកច្ឆន្ទ ធ្វើការ​បោះ​ផ្សាយ​លក់​មូលបត្រកម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ ដើម្បីបង្កើនប្រភពទុនដ៏សម្បូរបែប និងគាំទ្រការរីកចម្រើននាពេលអនាគត តាម​រយៈទីផ្សារមូលធនកម្ពុជា។

បណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់​ថា​ដើម្បី​ឲ្យ​សាធារណៈ​ជន​ធ្វើ​ការ​វិនិយោគ​ទៅ​លើ​ផ្សា​ហ៊ុនមូលបត្រ​កម្ម​សិទ្ធិ ត្រូវ​មាន​អត្តសញ្ញាណ​វិនិយោគិន និង​ត្រូវ​បើក​គណនី​ជួន​ដូរ នៅ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ អេស៊ីលីដា ស៊ីឃ្យូរឺធី ភីអិលស៊ី ជា​មុន​សិន ទើប​អាច​ធ្វើ​ការ​វិនិយោគ​ទៅ​លើ​ផ្សា​ហ៊ុនមូលបត្រ​កម្ម​សិទ្ធិ។ លោក​បន្ត​ថា​សម្រាប់​ការ​លក់​ក្រុមហ៊ុនមូលបត្រកម្ម​សិទ្ធិ​នេះ ធនាគារ​ធ្វើ​ការ​លក់​ទៅ​ឲ្យ​ទាំង​ក្រុមហ៊ុន និង​​ឯកត្តជន ប៉ុន្តែ​ធនាគារ​បាន​ផ្ដោត​សំខាន់​ទៅ​ឯកត្តជន ដើម្បី​ផ្ដល់​ឱកាស​ដល់​ពួក​គាត់ដែល​មាន​ហ៊ុន​តិច​តួច​ក៏​អាច​ក្លាយ​ជា​ម្ចាស់​បាន​ដែរ។

បណ្ឌិត អ៊ិន ចាន់នី បាន​បន្ថែម​ថា​សម្រាប់​ឯកត្តជន​ដែល​បាន​ចូល​រួម​ទិញ​ភាគ​ហ៊ុន វិនិយោគ​ទៅ​លើ​ផ្សា​ហ៊ុនមូលបត្រ​កម្ម​សិទ្ធិ នឹង​ទទួល​បាន​អត្ថប្រយោជន៍​ដូច​ជា ភាគ​លាភ​នឹង​ធ្វើ​ការ​បែង​ចែក ការ​ជួញ​ដូរ​អាច​លក់​បាន​គ្រប់​ពេល រួម​ចំណែក​រីក​ចម្រើន និង​ក្លាយ​ជា​ម្ចាស់​របស់​ស្ថាប័ន​ដ៏​នៅ​កម្ពុជា។

ក្នុងឱកាសនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹង​ដាក់លក់ជូនសាធារណជន​ជា​ផ្លូវ​ការ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ក្រោម​ការអនុញ្ញាត​ពី ផ្សារ​មូលបត្រកម្ពុជា (ផ.ម.ក.) និងគណៈកម្មការ មូលបត្រកម្ពុជា (គ.ម.ក.)។ នេះគឺជាឱកាសដ៏ពិសេសសម្រាប់សាធារណជន ក្នុងការចូលរួម វិនិយោគ​ជាមួយ​ធនាគារ ដើម្បី​ក្លាយ​ជា​ភាគហ៊ុននិក​របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី”។

ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានចាត់ទុកជា “ការ​បោះ​ផ្សាយ​លក់​មូលបត្រកម្មសិទ្ធិ​លើក​ដំបូង​ជាសាធារណៈ​ជូន​ប្រជា​ពលរដ្ឋ” ដែល​លើកទឹកចិត្តដល់វិនិយោគិនរូបវ័ន្តបុគ្គល និង​សាធារណជន​ ក្នុង​ការ​ទិញ​ភាគហ៊ុន​ទៅ​តាម​លទ្ធភាពរបស់ខ្លួន។ លើទីផ្សារមូលបត្រនានានៃបណ្តាប្រទេសមួយចំនួន “ការ​បោះផ្សាយ​លក់​មូល​បត្រកម្មសិទ្ធិ លើកដំបូងជាសាធារណៈជូនប្រជាពលរដ្ឋ” បាន​ផ្តល់​ភាព​ងាយ​ស្រួល​យ៉ាង​ច្រើន​ដល់​វិនិយោគិន​រូបវ័ន្ត បុគ្គល ក្នុង​ការ​ចូល​រួម​យ៉ាង​ទូលំទូលាយ​ក្នុង​ដំណើរ​ការ​បោះផ្សាយ​លក់​មូល​បត្រកម្មសិទ្ធិ។ “ការបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈជូនប្រជាពលរដ្ឋ” របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺ​ជា​ការ​ចែក​រំលែក​ផល​ដែល​បាន​មក​ពីវិបុល​ភាព​ផ្នែក​ហិរញ្ញវត្ថុ​ជាមួយ​នឹង​វិនិយោគិនរូបវ័ន្តបុគ្គល និងក្លាយ​ជា​ធនាគារ​ដែល​ទទួល​បាន​នូវ​ទំនុក​ចិត្ត​ពី​សាធារណជន​បន្ថែមទៀត។

គិតត្រឹមដំណាច់ ខែកញ្ញា ឆ្នាំ២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺ​ជាធនាគារ​ធំ​ជាងគេ​បំផុត​នៅកម្ពុជា ដែល​មានសំពៀតឥណទានសរុប (៣,៦១ ប៊ីលានដុល្លារអាមេរិក) និងមូលធនសរុប (៨៩៨,៥៦ លានដុល្លារអាមេរិក) ទ្រព្យសកម្មសរុប (៦,០៩ ប៊ីលានដុល្លារអាមេរិក) និង​ប្រាក់​បញ្ញើ​សរុប (៤,២៤ ប៊ីលានដុល្លារអាមេរិក)៕

អត្ថបទ៖ ម៉េងងី

មតិយោបល់