• 2024-12-13 08:45:33
  • សេដ្ឋកិច្ច

ក្រុមហ៊ុនកូកាកូឡា ក្លាយជាម្ចាស់ជយលាភីពានរង្វាន់មាសឧស្សាហកម្មបៃតងកម្ពុជា ឆ្នាំ២០២៤

  • 2024-12-13 08:45:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ឆ្នាំ២០២៤ បានរកឃើញរោងចក្រ សហគ្រាស និងសិប្បកម្ម ចំនួន​១៧ ដែល​ជា​ម្ចាស់ជយលាភី​ហើយ។ ក្រុមហ៊ុន និង​ស្ថាប័ន​ទាំង​នេះ គឺជាគំរូក្នុងការអនុវត្តគោលការណ៍ឧស្សាហកម្មប្រកប​ដោយនិរន្តរភាព។

ក្នុងចំណោមក្រុមហ៊ុនទាំង ១៧ មានរោងចក្រធំៗចំនួន៤ បានឈ្នះពានរង្វាន់មាស។ ក្នុង​នោះ​មាន​ទី១ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស – KHMER BEVERAGES។ ទី២ រោងចក្រផលិតភេសជ្ជៈកម្ពុជា កូកា-កូឡា – CAMBODIA BEVERAGE COMPANY ទី៣. គិរីរម្យ ហ៊្វូដ ប្រដាក់សិន – KIRIROM FOOD PRODUCTION (K.F.P) និង​ទី៤ បូវឃើរ ហ្គាមេន ហ្វេកធើរី – BOWKER GARMENT FACTORY។

ពិធីប្រកាស និងប្រគល់ពានរង្វាន់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ និងបានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះ​ការអភិវឌ្ឍដែលបំភាយកាបូនទាប និងកំណើនឧស្សាហកម្មបៃតង។

ថ្លែង​ក្នុងឱកាស​ផ្ដល់​ពានរង្វាន់ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរំលេចពីសក្តានុពលនៃឧស្សាហកម្មបៃតង។ ឯកឧត្ដមបានលើកឡើងថា៖ “គំនិតផ្តួចផ្តើមនេះមានគោលដៅលើកកម្ពស់ប្រសិទ្ធភាពធនធាន កាត់បន្ថយផលប៉ះពាល់បរិស្ថានពីវិស័យឧស្សាហកម្ម ធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់កម្មករ-និយោជិត និងពង្រឹងភាពប្រកួតប្រជែងរយៈពេលវែងរបស់កម្ពុជា"។

បើ​តាមឯកឧត្ដមរដ្ឋមន្ដ្រី ពានរង្វាន់ទាំងនេះទទួលស្គាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការការពារបរិស្ថាន ប្រសិទ្ធភាពធនធាន ផលិតកម្មស្អាត និងទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ទន្ទឹមនឹងនោះលើកទឹកចិត្តសហគ្រាស ឧស្សាហកម្ម និងសិប្បកម្ម ឱ្យទទួល​យក​បច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន។

កម្មវិធី​នេះ​ត្រូវ​បាន​ផ្ដួចផ្ដើមឡើង​ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយអង្គការ UNIDO ក្នុងការអនុវត្តគម្រោង “ការអភិវឌ្ឍដែលបញ្ចេញកាបូនតិចដើម្បីបង្កើនផលិតភាព និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន” ដែលបានបញ្ចប់នៅឆ្នាំ២០២៣។

សូមបញ្ជាក់​ថា ក្រៅ​ពីពានរង្វាន់ពានមាសចំនួន៤ ក៏មាន​ក្រុមហ៊ុន និង​សហគ្រាស​ចំនួន ៩ ទទួល​បានពានប្រាក់ និង​ក្រុមហ៊ុន​ចំនួន​ ៤ផ្សេង​ទៀត ទទួលបានពានសំរិទ្ធ៤។ ក្នុង​នោះពានប្រាក់ បាន​ទៅលើ ទី១​ ភី ភី អេស ម៉ី ស៊ី – PPSEC COMPANY​ ទី២. អ៊ែភល អឹភែរឹល (ខេមបូឌា) – APPLE APPAREL (CAMBODIA) ទី៣. អូលីវ អឹភែរឹល (ខេមបូឌា) – OLIVE APPAREL (CAMBODIA) ទី៤. ខ្មែរ ហ្វ្រេស មីល – KHMER FRESH MILK​ ទី៥. ហ៊ិននីគែន (ខេមបូឌា) – HEINEKEN (CAMBODIA)​ ទី៦. វ៉ាន ហឺ ដា មេនញ៉ូហ្វកឈើរឹង -WAN HE DA MANUFACTURING ទី៧. ប៊ី.អ៊ី.ស៊ី.អាយ.អេស (ខេមបូឌា) – B.E.C.I.S (CAMBODIA) ទី៨. ប៊ឺរី អឹភែរឹល (ខេមបូឌា) – BERRY APPAREL (CAMBODIA) និងទី៩. ថប សាមមីត ហ្គាមេន – TOP SUMMIT GARMENT។

រីឯពានសំរិទ្ធ បាន​ទៅលើទី១. ផេកធីក (ខេមបូឌា) – PACTICS (CAMBODIA)​ ទី២. ស្រាបៀរ កម្ពុជា ខេមប្រ៊ូវ – CAMBREW LTD. ទី៣. ស៊ីនយ៉ុងសឹង ហ្គាម៉ិន (ខេមបូឌា) – XINYONGSHENG GARMENT (CAMBODIA) និងទី៤. សាប្រ៊ីណា (ខេមបូឌា) ហ្គារម៉ិន ម៉ាញូហ្វាក់ធឺរីង – SABRINA (CAMBODIA) GARMENT MANUFACTURING៕

ជិន សុភ័ក្ដ្រ

មតិយោបល់