• 2020-01-22 11:57:31
  • ព័ត៌មាន

មក​ស្គាល់​ អគ្គលេខាធិការ UN ដែល​មក​ពី​ប្រទេស​អាស៊ីអាគ្នេយ៍

  • 2020-01-22 11:57:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​ក៏​ធ្លាប់​មាន​ អ្នក​មក​ពី​តំបន់​អាស៊ីអាគ្នេយ៍​ផង​ដែរ​។ បុគ្គល​នោះ​គឺ លោក U Thant ដែល​ជា​អ្នក​ការទូត​នៃ​ប្រទេស​ភូមា (មីយ៉ាន់ម៉ា​ បច្ចុប្បន្ន)។ លោក​បាន​បំពេញ​ការងារ​ជា​អគ្គលេខាធិការ​នៃ​អង្គការ​នយោបាយ​ពិភពលោក​នេះ​អំឡុង​ឆ្នាំ១៩៦១ ដល់​ឆ្នាំ១៩៧១។

មុន​នឹង​ឈាន​ជើង​នៅ​ក្នុង​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​ លោក​ Thant បាន​ប្រឡូក​ច្រើន​ក្នុង​ការងារ​នយោបាយ​របស់​មីយ៉ាន់ម៉ា តាំង​ពី​ប្រទេស​នេះ​មិន​ទាន់​ទទួល​បាន​ឯករាជ្យ។ លោក​បាន​រៀបចំ​ជំនួប​រវាង​លោក​នាយករដ្ឋមន្ត្រី​ U Nu និង​ភ្ញៀវ​បរទេស​ផ្សេងៗ ព្រមទាំង​ជួយ​សរសេរ​សុន្ទរកថា​ឲ្យ​នាយករដ្ឋមន្ត្រី​ទៀត​ផង​។ ក្រោយ​មក​ទៀត​លោក​បាន​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​របស់​ភូមា នៅ​អង្គការ​សហប្រជាជាតិ។

នៅ​ឆ្នាំ១៩៦១​ ក្រោយ​ពេល​ដែល​លោក​អគ្គលេខាធិការ​ជនជាតិ​ស៊ុយអែត Dag Hammarskjöld បាន​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ សហរដ្ឋអាមេរិក​ និង​សហភាព​សូវៀត​តឹងតែង​ដាក់​គ្នា ចំពោះ​ការ​រក​អ្នក​ធ្វើ​ជា​អគ្គលេខាធិការ​។ លុះ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​បាន​ណែនាំ​លោក U Thant ទើប​ប្រទេស​មហាអំណាច​ទាំង ២​បាន​យល់​ព្រម។

ក្នុង​អាណត្តិ​របស់​លោក​ជា​អគ្គលេខាធិការ​នៃ UN លោក​បាន​ចរចា​ឲ្យ​បញ្ចប់​វិបត្តិ​កាំជ្រួច​មីស៊ីល​នៅ​គុយបា ពាក់ព័ន្ធ​នឹង​សង្គ្រាម​នៅ​កុងហ្គោ សង្គ្រាម​អារ៉ាប-អ៊ីស្រាអែល សង្គ្រាម​វៀតណាម ព្រមទាំង​ជួយ​ផ្ដល់​ការ​ចរចា​ដល់​កម្ពុជា និង​ថៃ​ក្នុង​ជម្លោះ​ប្រាសាទ​ព្រះវិហារ​ទៀត​ផង​។

លោក​បាន​ចូល​និវត្តន៍​នៅ​ឆ្នាំ១៩៧១ ហើយ​បាន​ទទួល​មរណភាព​ ៣ឆ្នាំ​ក្រោយ​មក ក្នុង​ជន្មាយុ​ ៦៥ឆ្នាំ៕

ប្រភព៖ United Nations ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់