• 2020-01-21 02:57:02
  • ព័ត៌មាន

ប្រុងប្រយ័ត្ន! ចិនប្រកាសថាមេរោគថ្មី ពិតជាអាចឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀត

  • 2020-01-21 02:57:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេរោគ​ផ្លូវ​ដង្ហើម​ថ្មី​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច ៣​នាក់ និង​ឈឺ​ជាង ២០០​នាក់​ក្នុង​ប្រទេស​ចិន ត្រូវ​បាន​អ្នក​ជំនាញ​អះ​អាង​ថា​ពិត​ជា​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ប្រាកដ​មែន។

យោង​តាម​​អ្នក​ជំនាញ​របស់​រដ្ឋាភិបាល​ចិន​ឲ្យ​ដឹង​ថា មាន​ការ​ផ្ទុះ​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ពី​ការ​ចម្លង​នៃ​ជំងឺ​ថ្មី​ដ៏​អាថ៌​កំបាំង​នេះ ខណៈ​ពេល​ដែល​មនុស្ស​ជា​ច្រើន​លាន​នាក់​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​ដើម្បី​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី។ លោក Zhong Nanshan ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​គណៈកម្មការ​សុខភាព​ជាតិ បញ្ជាក់​ថា​យ៉ាង​ហោច​ណាស់​មាន​ពីរ​ករណី​ដែល​មេរោគ​នេះ​ត្រូវ​បាន​ចម្លង​រវាង​មនុស្ស ហើយ​បុគ្គលិក​ពេទ្យ​ក៏​រង​ផល​ប៉ះពាល់​ផង​ដែរ។

ការ​អះអាង​ថ្មី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​កាល​ពី​លើក​មុន​អាជ្ញាធរ​ឲ្យ​ដឹង​ថា​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​នេះ ត្រូវ​បាន​ចម្លង​ពី​សត្វ​មក​មនុស្ស​ប៉ុណ្ណោះ។ ដំបូង​ឡើយ​មេរោគ​ដ៏​អាថ៌កំបាំង​នេះ បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ទីក្រុង Wuhan បន្ដ​រាល​ដាល​ទៅ​ដល់​ប៉េកាំង និង​ក្រុង Shenzhen។ ប៉ុន្តែយ៉ាងហោចណាស់មានមនុស្សពីរនាក់ បានឆ្លងមេរោគក្នុងប៉ុន្មានថ្ងៃថ្មីៗនេះទោះបីជារស់នៅរាប់រយ​គីឡូម៉ែត្រ​ពី​ទីក្រុង Wuhan ក៏ដោយ។ លោក Zhong ឲ្យ​ដឹង​បន្ថែម​ថា មនុស្ស​ពីរ​នាក់​ដែល​ទើប​ឆ្លង​មេរោគ​កាល​ពី​ពេល​ថ្មី​ៗ​នេះ គឺ​ដោយ​សារ​តែ​ពួកគេ​មាន​សមាជិក​គ្រួសារ​ដែល​ទើប​ត្រឡប់​មក​ពី​ទីក្រុង Wuhan។

គួរ​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ស្វែង​រក​ឃើញ​ថា​នេះ​ជា​មេរោគ​ប្រភេទ​អ្វី​ឲ្យ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ប៉ុន្តែ​រោគ​សញ្ញា​របស់​វា​ស្រដៀង​ទៅ​នឹង​ជំងឺ SARS ដែល​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ ២០០៣ ដែល​ចម្លង​មនុស្ស​ជាង ៨​ពាន់​នាក់ និង​សម្លាប់ ៧៧៤​នាក់​ទៀត​ផង៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់