• 2020-01-21 10:57:20
  • ព័ត៌មាន

TCEB, Bangkok Airways និង CDS ចាប់ដៃគ្នា​បង្កើត​យុទ្ធនាការ “Fly, Meet, Shop”

  • 2020-01-21 10:57:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការិយាល័យពិព័រណ៍ និងសន្និបាត​ថៃ (TCEB) បាន​ចាប់ដៃគូជាមួយក្រុមហ៊ុន​អាកាសចរណ៍​ Bangkok Airways និង Central Department Store ដើម្បី​ចាប់​ផ្ដើម​កម្មវិធី​យុទ្ធនាការ​ “Fly, Meet, Shop” ដែលមានន័យថា “ធ្វើដំណើរតាមយន្តហោះ ជួបជុំគ្នា និងទិញទំនិញ” សម្រាប់​ទីផ្សារ​ដំណើរ​កម្សាន្ត​​ នៃ​​ប្រទេស​ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ យុទ្ធនាការ​ថ្មី​នេះ គឺ​ដើម្បី​ធ្វើ​ពង្រីក​ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ឆ្ពោះ​ទៅ​កាន់​ប្រទេស​ថៃ។

ការិយាល័យតាំងពិព័ណ និងសន្និបាត​ថៃ (TCEB) តំណាង​ដោយ​កញ្ញា Nooch Homrossukhon ចំណែក​ក្រុមហ៊ុន​អាកាសចរណ៍​ Bangkok Airways តំណាង​ដោយ​លោក Mr. Varong Israsena Na Ayudhaya អគ្គ​នាយករង​ផ្នែក​ទីផ្សារ និងកញ្ញា​ Tippamas Kaysee ជាអគ្គនាយករងទីផ្សារទេសចរណ៍​ តំណាង​ក្រុមហ៊ុន Central Department Store Limited Group (CDS)។ ការ​បង្ហាញ​យុទ្ធនាការ ​“Fly, Meet, Shop” នេះ ធ្វើ​ឡើង​នៅ​សណ្ឋាគារ Sofitel Phnom Penh Phokeethra រាជធានីភ្នំពេញ។

ការ​បង្កើត​យុទ្ធនាការ​ថ្មី​នេះ​ឡើង គឺ​ក្រោយ​ពី TCEB និង Bangkok Airways បាន​បង្កើត​​យុទ្ធនាការ​ចំនួន ២​ យ៉ាង​ជោគជ័យ​កាលពីឆ្នាំ២០១៨ និង២០១៩ គឺ​យុទ្ធនាការ "Building on the success of “Fly and Meet Double Bonus” និងយុទ្ធនាការ​ “Fly and Meet Double Bonus-Redefined” សម្រាប់​ឆ្នាំ​២០២០ សម្រាប់​យុទ្ធនាការ​ថ្មី​នេះ TCEB និង Bangkok Airways បាន​អញ្ជើញ​ដៃគូយុទ្ធសាស្រ្ដ​ថ្មី​មួយទៀត​ឲ្យ​ចូលរួម​ជាមួយ គឺ Central Department Store (CDS) ដើម្បី​បង្កើន​ភាព​ងាយស្រួល​ដល់​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត។

កញ្ញា​ Nooch Homrossukhon មកពី​ការិយាល័យ​ពិព័រណ៍ និង​សន្និបាត​ថៃ បាន​បញ្ជាក់ថា ភាពជោគជ័យ​នៃ​យុទ្ធនាការ​នា​រយៈពេល ២ឆ្នាំ​កន្លងមក គឺ​បាន​ការ​ចូលរួម​ចំណែក​ពីភាព​រីកចម្រើន​នៃ​ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ កំណត់ត្រា នៃក្រុម​ Meeting and Incentive គឺមានរហូត​ដល់ ៤៤ក្រុម (មានអ្នកចូលរួម ១០៥៤២នាក់) មកពី​ប្រទេស​ទាំង ៤ ក្នុង​ឆ្នាំ​២០១៩ កើនឡើង ១៩ភាគរយ បើធៀបឆ្នាំ២០១៨។

កញ្ញា​បាន​ឲ្យដឹងថា៖ "ដោយសារ​តែ​ការរីកចម្រើន​ដ៏​ខ្លាំង​នេះ ធ្វើ​ឲ្យ TCEB និង Bangkok Airways មាន​គោល​បំណង​បន្ថែម​ការវិនិយោគទីផ្សារ​នៃ​ការ​ធ្វើ​ដំណើរ នាពេល​នេះ ក៏ដូចជា​ពេល​អនាគត ជាមួយ​នឹង Central Department Store ដើម្បី​បង្កើត​យុទ្ធនាការ​ថ្មី​នេះឡើង។ នេះ​ជា​ការ​សហការ​ឈ្នះ-ឈ្នះ សម្រាប់​អ្នក​ផ្គត់ផ្គង់​ថៃ និង​អតិថិជន​នៅ​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម"។

កញ្ញា​ Nooch Homrossukhon បន្តថា "ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម រំពឹង​ថា​នឹង​រក្សា​កំណើន​សេដ្ឋកិច្ច​ពី ៦ ទៅ ៧ភាគរយ ខណៈ​ថៃ ក៏បាន​អភិវឌ្ឍន៍​ផលិតផល MICE ថ្មី ចំនួន ១១៥ និងមានទីកន្លែងកម្សាន្ត​ទាក់ទាញ​ នៅ ៥ទីក្រុង​ធំៗ។ យើងជឿជាក់ថា ការ​មាន​ផលិតផល​ច្រើន​ប្រភេទ​បែបនេះ នឹង​ជួយជម្រុញ​ឲ្យ​មាន​ការ​កើនឡើង​នៃ​អ្នក​ធ្វើ​ដំណើរកម្សាន្ត​ពីប្រទេស​ទាំង៤"។

ចំណែក​លោក Varong Israsena Na Ayudhaya អគ្គ​នាយករងទីផ្សារ នៃ Bangkok Airways បាន​ឲ្យដឹងដែរថា "ក្នុង​នាម​ជា​អ្នក​តំណាង​ឲ្យ Bangkok Airways ខ្ញុំ​សូម​អរគុណ TCEB ដែល​បាន​ជ្រើសរើស​យើង​ សម្រាប់​ការ​សហការ​ជា​យុទ្ធសាស្រ្ដ​មួយឆ្នាំទៀត សម្រាប់​យុទ្ធនាការ​ “Fly, Meet, Shop” សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ប្រទេស​ទាំង ៤ ស្ថិត​ក្នុង​ចំណោម​ទីផ្សារ​សំខាន់ៗ​នៃ​ក្រុម​ហ៊ុន​អាកាសចរណ៍ បើ​យោង​តាម​ស្ថិតិ​របស់ Bangkok Airways ដែល​ភ្ជាប់​ការ​ហោះហើរ​ជាច្រើន​ជម្រើស​ ពី​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម ទៅកាន់​ប្រទេស​ថៃ។ ការ​ផ្ដល់​ការ​ហោះហើរ​ជា​ច្រើន​ជម្រើស​ដល់​អ្នក​ធ្វើ​ដំណើរ​នេះ គឺ​ស្រប​ទៅ​តាម​ពាក្យ​ស្លោក​របស់ក្រុមហ៊ុន គឺ “Asia’s Boutique Airline” ហើយ​ខ្ញុំ​ជឿជាក់ថា សេវាកម្ម​របស់​យើង នឹង​សមស្រប​ទៅ​តាម​តម្រូវការ​របស់​អ្នក​ធ្វើ​ដំណើរ"។

កញ្ញា​ Tippamas Kaysee អគ្គ​នាយករង​ ទីផ្សារ​ទេសចរណ៍ របស់ក្រុមហ៊ុន Central Department Store Limited បាន​បញ្ជាក់ថា នេះ​ជា​ឆ្នាំ​ដំបូង​ដែល Central Department Store (CDS) បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ជាមួយ TCEB និង Bangkok Airways។ CDS ពិត​ជា​មាន​កិត្តិយស​ណាស់ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​យុទ្ធនាការ​ទីផ្សារ​ថ្មី​នេះ។ យើង​នឹង​ផ្ដោត​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម ដោយសារ​តែ CDS បាន​មើល​ឃើញ​ពី​ការ​រីកចម្រើន និង​ការ​កើន​ឡើង​នៃ​ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​ទាំង ៤ មក​កាន់​ហាង​ទំនិញ​របស់​យើង។ ក្នុង​ឆ្នាំ២០១៩ កម្ពុជា គឺ​ជា​ទីផ្សារ​ធំជាង​គេ ដោយ​មាន​ការ​កើនឡើង ១០% បើធៀបឆ្នាំ២០១៨"។

"បច្ចុប្បន្ន​នេះ Central Department Store មាន​សាខា ២៤កន្លែង ទូទាំង​ប្រទេស​ថៃ មាន​នៅគ្រប់​គោលដៅ​ទេសចរណ៍​សំខាន់ៗ ដូចជា​បាងកក ភូកេត និងឈៀងម៉ៃ​ជាដើម។ យើង​មាន​ហាង​ប្រ៊ែនៗ​ជាច្រើន និង​ផលិតផល​ជាច្រើន​មុខ ដែល​អតិថិជន​មកពី​ប្រទេស​ទាំង៤ ពេញចិត្ត។ ពួក​គេ​អាច​ប្រើ​គូប៉ុង​របស់​យើង​បាន​ នៅ​ពេល​ទិញ​ទំនិញ​នៅ​គ្រប់​ហាង​ទាំងអស់"។

យុទ្ធនាការ "Fly, Meet, Shop" ឆ្នាំ២០២០ នេះ នឹង​ផ្ដល់​ឲ្យ​អ្នក​ដំណើរ​នូវ​ការ​​ទទួល​បាន​មក​វិញ​យ៉ាង​ល្អ​ឥតខ្ចោះ​ ដែល​រួម​មាន​ទាំង​ការ​ជួយ​ផ្នែក​ហិរញ្ញវត្ថុ និង​ទទួល​បាន​សេវា​អន្តោប្រវេស​ឆាប់​រហ័ស នៅ​ព្រលានយន្តហោះ​សុវណ្ណភូមិ ការ​ទស្សនា​ការ​សម្ដែង​វប្បធម៌ ការ​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ១០ភាគរយ នៅ​ក្នុង​ការ​ទិញទំនិញ​លើយន្តហោះ Bangkok Airways, ទទួល​បាន​សំបុត្រ​ free ១សន្លឹក សម្រាប់​ការ​ទិញ​ ៣០សំបុត្រ និង​ការ​ទទួល​បាន​ ១០គីឡូបន្ថែម​សម្រាប់​ឥវ៉ាន់​លើ​យន្តហោះ​ជាដើម។ សម្រាប់​ការ​ទិញ​ទំនិញ CDS នឹង​ផ្ដល់​ជូន​នូវគូប៉ុង Central E-Cash និងវត្ថុ​អនុស្សាវរីយ៍​​ជា​ការ​ស្វាគមន៍​។

ដើម្បី​ទទួល​បាន​ការ​ផ្ដល់​ជូន​ខាងលើ ក្រុម​នីមួយៗ ត្រូវ​មាន​សមាជិក​យ៉ាង​តិច ៣០នាក់ ហោះ​មក​កាន់​ប្រទេ​សថៃ ដោយ​ស្នាក់នៅ​យ៉ាង​តិច ២យប់ ឬ​ក៏​មាន​ការ​រៀបចំ​ព្រឹត្តិការណ៍​នៅ​ទីតាំង​ដែល​ទទួល​ស្គាល់​ដោយ Thailand MICE Venue Standard ឬ​ក៏​សណ្ឋាគារ​ដែល​បាន​ចុះឈ្មោះ។ ការចុះឈ្មោះ នឹង​បើក​រហូត​ដល់​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ដោយ​មាន​ការ​ធ្វើ​ដំណើរ​ត្រឹម​ថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នាំ២០២០។

ព័ត៌មាន​បន្ថែម សូម​ចូល​ទៅកាន់ https://www.businesseventsthailand.com/en/support-solution/meetings-incentives/campaign/flymeetshop

មតិយោបល់