• 2020-02-14 00:00:00
  • ព័ត៌មាន

៥កន្លែងមានតែ ១ម៉ឺនរៀលញ៉ាំឡើងហល់សម្រាប់អ្នកអត់គូ

  • 2020-02-14 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​និយាយ​ពី​កន្លែង​ញ៉ាំ​អី​នៅ​ភ្នំពេញ​រៀប​រាប់​មួយ​ថ្ងៃ​ក៏​មិន​អស់​ដែរ​ ជាពិសេស​អាហារ​តាម​ផ្លូវ​ ឬ​គេ​ហៅ​ Street food ដែល​មាន​រសជាតិ​ឆ្ងាញ់ និង​ពេញ​និយម​បំផុត​សម្រាប់​យុវវ័យ​​។​ ថ្ងៃ​នេះ​ Sabay ក៏​សូម​ណែ​នាំ​កន្លែង​អាហារ​ឆ្ងាញ់​ៗ​ចំនួន​៥ ​កន្លែង​ដល់​អ្នក​ទាំងអស់​គ្នា​ ជា​ពិសេស​អ្នក​អត់​មាន​សង្សារ​ តែ​អាច​បបួល​មិត្ត​ភក្ដិ​ទៅ​ញ៉ាំ​​ ដើម្បី​បង្កើត​អារម្មណ៍​ឲ្យ​កាន់​រីករាយ​លើស​ពី​ថ្ងៃ​ធម្មតា​ ជា​ពិសេស​គឺ​នៅ​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់​ ១៤ កុម្ភៈ​នេះ​តែម្ដង។

ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​ចង់​ណាត់​គ្នា​ក្នុង​ថ្ងៃ​ពិសេស​​អាច​ជិះ​កម្សាន្ត​ជាមួយ​ Pass App ដោយ​យើង​អាច​ជជែក​លេង​តាម​ផ្លូវ​ និង​មិន​បាច់​បារម្ភ​រឿងគ្មាន​កន្លែង​ចត​ម៉ូតូ​ ឬ​យាន​យន្ត​ខ្លួន​ឯង។ ​​​

ដើម្បី​ដំឡើង​កម្មវិធី PassApp អាច​ចុច​ទី​នេះ​សម្រាប់ iOS និង​ចុច​ទី​នេះ​សម្រាប់ Android។

១. សួន​វត្ត​បទុមវតី

​ ​កន្លែង​ដំបូង​គេ​ ដែល​ណែ​នាំ​នេះ​ ប្រហែល​ជា​អ្នក​ទាំង​អស់​គ្នា​បាន​ស្គាល់​ និង​ទៅ​ញ៉ាំ​ច្រើន​ដង​ហើយ​ ព្រោះ​​នៅ​ទី​នេះ​ គឺ​ពោរ​ពេញ​ដោយយុវវ័យ​ ដោយ​សារ​ទី​ធ្លា​ទូលាយ​ មាន​កន្លែង​ហាត់​រាំ​កម្សាន្ត​ មាន​ទេស​ភាព​ស្អាត​នៅ​កណ្ដាល​ទីក្រុង​​ ហើយ​​អ្វី​ដែល​សំខាន់​គឺមាន​កន្លែង​លក់​អាហារ​ឆ្ងាញ់​ៗ សម្បូរ​បែប​​សឹង​គ្រប់​ប្រភេទ​ដូចជា៖ សាច់​ស្ងោ​ដោត​ចង្កាក់ ប្រហិត បាយ​ឆា មីឆា គុយ​ទាវ គ្រឿង​សមុទ្រ បបរ​មាន់ បាញ់​ឆែវ សាច់​ក្រក​អាំង សាច់គោ​អាំង​។ល។ និយាយ​ឲ្យ​ខ្លី​ទៅ ​អាហារ​ឆ្ងាញ់​ៗ​​មាន​គ្រប់​មុខ មិន​ចាញ់​ប៊ូហ្វេ​ក្នុង​ហាង​ប៉ុន្មាន​ឡើយ ហើយ​សម្រាប់​មនុស្ស​ម្នាក់​​ មាន​តែ​ ១ម៉ឺន​រៀល​ ក៏​ញ៉ាំ​បាន​​ឆ្អែត​។

២. នៅ​តាម​បណ្ដោយ​សួន​ច្បារ​វិមានឯករាជ្យ​ជិត​ក្រសួង​បរិស្ថាន​ចាស់​

មិន​ចាញ់​ទីតាំង​ទាំង១ ខាង​លើ​ប៉ុន្មាន​ឡើយ នៅ​ទី​នេះ​ក៏​សម្បូរ​អាហារ​ឆ្ងាញ់​ៗ​ច្រើន​ណាស់​ដែរ មិន​ថា​ថ្ងៃ​ចុង​សប្ដាហ៍ ឫ​ថ្ងៃ​ណា​ទេ​យុវវ័យ​សម្រុក​ទៅ​រក​អី​ញ៉ាំ​ពេញ​តែ​ម្ដង សឹង​តែ​រក​កន្លែង​ចត​ម៉ូតូ​គ្មាន។ រទេះ​ជា​ច្រើន​ដាក់​តម្រៀប​លក់​ជា​ជួរ​យ៉ាង​វែង​អន្លាយ សុទ្ធ​តែ​អាហារ​គួរ​ឱ្យ​ចង់​ញ៉ាំ​ទាំង​អស់​ដូចជា ប្រហិត​ស្ងោ ប្រហិត​ចៀន បបរមាន់ បាយ​ឆា​មីឆា​ បុក​ល្ហុង​ល។ ចំណែក​ឯ​តម្លៃ​វិញ​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ មិន​ចាំ​បាច់​ចំណាយ​អស់​រាប់​ម៉ឺន​ក៏​អាច​ញ៉ាំ​បាន​មួយ​ឆ្អែត។

៣. ស្តាត​អូឡាំពិក​

រូបទីតាំងចាស់

​បច្ចុប្បន្ន​​តូប​អាហារ​ចម្រុះ​ឆ្ងាញ់​ៗ​ជា​ច្រើន​នៅ​ក្នុង​ស្តាត​អូឡាំពិក​បាន​រើ​ទីតាំង​​នៅ​ខាង​ក្រោយ​អគារ​តៃក្វាន់ដូ ដែល​បាន​​រៀប​ចំកន្លែង​ញ៉ាំ​អី​មាន​​សោភ័ណភាព​កាន់​តែ​​មាន​​របៀប​រៀប​រយ​ជាង​មុន​។​ និយាយ​ពី​រឿង​របស់​ញ៉ាំ​ បង​ Sabay ចង​ចាំ​មិន​ភ្លេចគឺ​នំប៉័ង​សាច់​ពូ​រទេះ​ ដែល​មាន​រស​ជាតិ​ឆ្ងាញ់​ ហើយ​នំប៉័ង​សាច់​១​ដើម​​តម្លៃ​ត្រឹម​តែ​ ៦ពាន់​រៀល​ប៉ុណ្ណោះ​ ញ៉ាំ​ចង់​ប្រេះ​ឡេវ​។ អ្នក​ទាំង​អស់​គ្នា​អាច​ទៅ​សាក​អាហារ​ផ្សេងៗ​ជាច្រើន​ទៀត​ផង​ដែរ បន្ទាប់​យើង​អាច​ដើរ​ហាត់​ប្រាណ​លេង​ៗ​នៅ​ក្នុង​ស្តាត​រួច​។

៤. ជិត​សាលា​ IFL

អាហារ​តាម​ផ្លូវ​នៅ​ទីតាំង​នេះ​ មិន​ជាពិបាក​រក​ប៉ុន្មាន​ទេ ដែល​វា​មិន​ឆ្ងាយ​ពី​សាលា​ IFLនោះ​ឡើយ​។ បើ​យើង​នៅ​លើ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ហើយ​ដល់​សាលា ​IFL ត្រង់​ស្ដុប​ ហើយ​បត់​ឆ្វេង​ មក​ត្រង់​រហូត​ យើង​នឹង​បាន​ឃើញ​តូប​អាហារ​ជាច្រើន​ ហើយ​របស់​ដែល​ពេញ​និយម​ជាង​គេ​គឺ​សាច់​គោ​អាំង និង​ពងមាន់​អាំង​។ អាច​ទៅ​សាក​បាន​។

៥. ជង្រុក​អាហារ​ឆ្ងាញ់ៗ​នៅ​ផ្សារ​ធំ​ថ្មី

អាហារ​ឆ្ងាញ់​ៗ​ជា​ច្រើន​មុខ​បាន​​លក់​ហូរហែ​នៅ​ក្នុង​ផ្សារ​ធំ​ថ្មី​ឲ្យ​តែ​បាន​ទៅ​ម្តង​ៗ ចង់​វិល​មុខ​ដោយ​សារ​សំបូរ​អី​ញ៉ាំ​ពេក​មិន​ដឹង​ញ៉ាំ​អី​ទុក​អី​ បើ​ពិបាក​រក​នឹក​អី​ញ៉ាំ​ចូល​ទៅ​ឡុក​ក្នុង​ផ្សារ​ថ្មី​ម្ដង​ទៅ​ ។អាហារ​ឆ្ងាញ់​ជា​ច្រើន​មុខ​ដូចជា មឹក​អាំង បង្កង​អាំង ភ្លៅមាន់​អាំង កោះ​មាន់​អាំង មាន​តម្លៃ​ចាប់​ពី​១ម៉ឺន​រៀល​ឡើង​ទៅ។

ក្រៅ​ពី​នោះ​មាន​ដូចជា សាច់​គោអាំង​នំប៉័ង សាច់​ជន្លួញ មួយ​ចង្កាក់​តែ​ ២ ០០០​រៀល​ទេ​ និង​កំពឹស​ចៀន បង្គា​ចៀន​ជាមួយ​ម្សៅ​បំពង​មួយ​បន្ទះ​ចាប់​ពី ៣ ០០០​រៀល​ឡើង​ទៅ។ ដូច្នេះ​បើ​សិន​រក​នឹក​អី​ញ៉ាំ​មិន​ឃើញ​ទេ ទៅ​ផ្សារ​ធំ​ថ្មី​ទៅ​មិន​ខក​បំណង​ទេ។ បង​ Sabay គ្រាន់​តែ​ស្រមៃ​ ក៏​រីករាយ​ជំនួស​អ្នក​ទាំង​អស់​គ្នា​ដែរ៕​​​ ​​​​​​​​​

អត្ថបទ៖ ដាវីន

មតិយោបល់
អត្ថបទពេញនិយម