• 2020-02-13 03:49:17
  • ព័ត៌មាន

ច្បាស់ហើយ! អ្នកទេសចរណ៍នៅក្នុងនាវាទេសចរណ៍ខ្នាតយក្ស Westerdam មិនមានការស្នាក់នៅកម្ពុជាទេ

  • 2020-02-13 03:49:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកទេសចរណ៍យ៉ាងតិច ៤០ជាតិសាសន៍ ស្ថិតនៅក្នុងនាវាខ្នាតយក្ស Westerdam ដែលបានសុំចតនៅកំពង់ផែ ក្រុងព្រះសីហនុ គឺគ្មានឡើយការស្នាក់នៅក្នុងប្រទេសកម្ពុជា គឺនឹងធ្វើដំណើរទៅកាន់ប្រទេសគោលដៅបន្ទាប់តាមសំបុត្រយន្តហោះរបស់ពួកគេ។ នេះជាការឆ្លើយបញ្ជាក់ពី ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ២០២០។

តាមរយៈវីដេអូឃ្លីប ដែលបង្ហោះលើផេកប្រតិកម្មរហ័សខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានលើកឡើងទៅកាន់អ្នកសារព័ត៌មានថា មិនមានឡើងអ្នកស្នាក់នៅកម្ពុជា ពួកគេគ្រាន់តែឆ្លងកាត់ ដោយការសំចតចៃដន្យមួយ ហើយមន្រ្តីរបស់យើងនឹងធ្វើកិច្ចការបន្ទាន់ដោយមានការត្រួតពិនិត្យសុខភាពនៅក្នុងនាវាផ្ទាល់ ហើយរៀបឯកសារឲ្យពួកគេហោះហើរបន្ដ។

«តាមការរៀបចំគឺយើងមិនអនុញ្ញាតឲ្យពួកគាត់ស្នាក់នៅក្រុងព្រះសីហនុនេះទេ។ យើងនឹងធ្វើការត្រួតពិនិត្យពួកគាត់នៅលើកប៉ាល់ ក្នុងចំណោមអ្នកនៅលើកប៉ាល់នេះ មិនមានការអនុញ្ញាតឲ្យចុះទាំងអស់នោះទេ គាត់ចុះតែអ្នកទេសចរ តែមួយចំនួនណា ដែលបានទិញសំបុត្រយន្តហោះរួចហើយ ដើម្បីបន្តដំណើរដើម្បីហោះហើរតែប៉ុណ្ណោះ ដូច្នេះក្រុមការងារនឹងឡើងលើនាវា ដើម្បីរៀបចំឯកសារជូនពួកគាត់»។ នេះជាការលើកឡើងរបស់ឯកឧត្តម គួច ចំរើន។

ឯកឧត្តមបន្ដទៀតថា «តាមធម្មតាកប៉ាល់ចូលផែ គឺមានការទំនាក់ទំនងគ្នាត្រង់ទៅត្រង់មក រវាងកំពុង់ផែ នឹងកប៉ាល់ ប៉ុន្ដែសម្រាប់កប៉ាល់មួយនេះមិនអាចធ្វើនៅក្នុងស្ថានភាពប្រក្រតីបាននោះទេ ដោយសារកប៉ាល់នេះសុំចតចូលដោយចៃដន្យ ដូច្នេះមន្រ្តីនឹងឡើងទៅត្រួតពិនិត្យឯកសារផ្ទាល់តែម្ដង ដើម្បីសម្រួលនឹងពន្លឿនឯកសាររបស់ពួកគាត់។ តាមធម្មតា ការងារនេះ គឺជាកិច្ចការរបស់អ្នកបើកយន្តហោះ។ ដូច្នេះដើម្បីពន្លឿនការងារជូនពួកគាត់ យើងឲ្យមន្រ្តីរដ្ឋបាល ពេទ្យ ឡើងលើកប៉ាល់ដើម្បីរៀបចំឯកសារជូនពួកគាត់។»

«តែថាច្បាស់លាស់ណាស់ថា ការរៀបចំនេះ ដើម្បីត្រៀមបម្រុងនៅពេលរៀបចំដំណើររបស់ពួកគាត់បាន មានរថយន្តសម្រាប់ដឹកជញ្ជូន ពីទីនេះទៅកាន់ព្រលានយន្តហោះ និងមានយន្តហោះសម្រាប់ដឹកពីព្រលានយន្តហោះអន្ដរជាតិ កងកេង ខេត្តព្រះសីហនុ ទៅកាន់គោលដៅរបស់ពួកគាត់ ។ ដូច្នេះយើងសូមបញ្ជាក់ថា ពួកគាត់មិនមានស្នាក់នៅកម្ពុជាទេ គឺគ្រាន់តែឆ្លងកាត់ រួចហើយហោះចេញពីកម្ពុជាតែម្ដង។» ឯកឧត្តមគួច ចំរើន ថ្លែងប្រាប់អ្នកសារព័ត៌មាន។

សូមទស្សនាវីដេអូ

នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក «Westerdam» ដែលផ្ទុកមនុស្សសរុបជាង ២ ២០០នាក់ ក្នុងនោះអ្នកទេសចរណ៍ចំនួន ១ ៤៥៥នាក់ និងបុគ្គលិកបម្រើការងារ ៨០២នាក់ បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសុវត្ថិភាព។ នេះបើយោងតាមការចុះផ្សាយរបស់អង្គភាពព័ត៌មាន Fresh News ។

ប្រភពដដែលបានរាយការណ៍ថា នាវាទេសចរណ៍ខ្នាតយក្ស Westerdam ផ្ទុកអ្នកទេសចរណ៍ចំនួន៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេមានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា ២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់។

នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam នៅទីបំផុតបន្ទាប់ពីរកទីសំចតមិនបានអស់រយៈពេល១២ថ្ងៃ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុដោយសុវត្ថិភាពហើយ បន្ទាប់ពីទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន៕

**សូមចុចអាន៖ ញាក់សាច់! អ្នកស្លាប់កើនដល់ ២៤០នាក់ក្នុង១ថ្ងៃ មិនធ្លាប់មានចាប់តាំងពីផ្ទុះកូរ៉ូណាវីរុស

**សូមចុចអាន៖ ប៉ះពាល់សេដ្ឋកិច្ចខ្លាំងពេក! ស៊ី ជីងពីងប្រកាស សន្យាជួយឧស្សាហកម្ម​ដែល​រងគ្រោះ​ពី​វីរុស​កូរ៉ូណា

**សូមចុចអាន៖ ភ្ញៀវដែលចង់ចុះពីកប៉ាល់ទាំងអស់ ត្រូវមន្រ្តីកម្ពុជាពិនិត្យរកមើលវីរុសកូរ៉ូណាជាមុនសិន

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់