• 2020-03-16 01:04:52
  • ព័ត៌មាន

ថៃ នឹងប្រើក្បាច់ចុងក្រោយ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ បើឈានដល់ដំណាក់កាលមួយនេះ

  • 2020-03-16 01:04:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាលថៃបានបង្កើនវិធានការណ៍ដើម្បីទប់ទល់នឹងវីរុសកូរ៉ូណា ឬ កូវីដ១៩ ប្រសិនបើប្រទេសនេះឈានដល់ "ដំណាក់កាលទី៣" ដោយវិធានការដំបូងបង្អស់ ត្រូវប្រើមន្ទីរពេទ្យដែលទើបសាងសង់ថ្មី ដើម្បីព្យាបាលតែអ្នកជំងឺកូវីដ ១៩ ខណៈចំនួនឆ្លងបានលោតឡើងគួរឲ្យភ្ញាក់ផ្អើលដល់ ១១៤ករណី កាលពីម្សិលមិញ។

នាយករដ្ឋមន្រ្តីថៃ បានលើកឡើងពី "ដំណាក់កាលទី៣" បន្ទាប់ពីបានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ កាលពីថ្ងៃអាទិត្យ ដើម្បីបង្កើនវិធានការណ៍បញ្ឈប់ការរីករាលដាលនៃមេរោគថ្មីនេះ។ នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូចា បានមានប្រសាសន៍ថា "រដ្ឋាភិបាលនឹងចំណាយធនធានទាំងអស់ដែលយើងត្រូវការ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩"។

លោក ប្រាយុទ្ធ បានបន្ថែមថា ក្នុងករណីដែលប្រទេសថៃឈានចូល "ដំណាក់កាលទី៣" ដែលប្រជាជនរួមទាំងអ្នកមិនធ្លាប់ធ្វើដំណើរទៅប្រទេសដែលឆ្លងវីរុស ហើយបានឆ្លងជំងឺនេះ គឺត្រូវការមន្ទីរពេទ្យយ៉ាងចាំបាច់មួយ ដោយសំដៅលើមន្ទីរពេទ្យថ្មីមួយ (មាន១០០គ្រែ) ដែលមិនទាន់បើកដំណើរការជាផ្លូវការនៅឡើយ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក Anupong Paojinda ដែលបានចូលរួមក្នុងកិច្ចប្រជុំកាលពីថ្ងៃអាទិត្យខាងលើ បាននិយាយថា រដ្ឋាភិបាលនឹងប្រើប្រាស់មន្ទីរពេទ្យ Bang Khunthian Hospital ដែលគ្រប់គ្រងដោយសាលាក្រុង ក្នុងសង្កាត់ Bang Khunthian ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩។ មន្ទីរពេទ្យតម្លៃ ២ពាន់លានបាត (៦២លានដុល្លារ) នេះ ដំបូងឡើយត្រូវបានគ្រោងទុកជាកន្លែងសម្រាប់មនុស្សចាស់ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ អាជ្ញាធរក៏កំពុងតែត្រៀមមន្ទីរពេទ្យផ្សេងទៀតនៅទូទាំងទីក្រុងបាងកក សម្រាប់ដាក់អ្នកជំងឺកូវីដ ដែលមានអាការៈស្រាលផងដែរ ដោយក្នុងនោះរួមមានទាំងមន្ទីរពេទ្យ Royal Thai Airforce Hospital, Golden Jubilee Medical Centre, Chakri Naruebodindra Medical Institute និង Sirindhorn Hospital៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់