• 2020-03-18 02:18:58
  • ព័ត៌មាន

ធនាគារ ABA ជម្រះមន្ទិលផ្សេងៗ អំពីការផ្ទេរប្រាក់តាមបែបឌីជីថលក្នុងប្រទេសកម្ពុជា

  • 2020-03-18 02:18:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនើប​កម្មវិស័យ​ធនាគារ​ឌីជីថល​បាន​នឹង​កំពុង​ផ្លាស់​ប្តូរ​ជីវិត​រស់​នៅ​របស់​ប្រជាជន​កម្ពុជា​ឲ្យ​កាន់​តែ​ងាយ​ស្រួល និង​មាន​សុវត្ថិភាព ដូច​ជា​ការ ផ្ញើ​ប្រាក់​តាម​បែប​ឌីជីថល ដោយសារ​តែ​វា​មាន​សុវត្ថិភាព​ជាង​ការ​ផ្ញើ​ជា​ក្រដាស​ប្រាក់​ផ្ទាល់។

កាល​ពី​មុន​ការ​ផ្ញើ​ប្រាក់​មាន​ការ​លំបាក​ដោយសារ​តែ​អ្នក​ទទួល​ត្រូវ​ចំណាយ​ពេល​ស្ទើរ​ពេញ​មួយ​ថ្ងៃ ទើប​បាន​ទទួល​ប្រាក់​ពី​អ្នក​ផ្ញើ​តាមរយៈ​អ្នក​បើក​ឡាន​តាក់​ស៊ី ឬ​ពី​ភ្នាក់ងារ​មិន​មាន​អាជ្ញាប័ណ្ណ​នានា​ដែល​មិន​មាន​សុវត្ថិភាព​ពេញ​លេញ។ តែ​ឥឡូវ វា​ខុស​ពី​មុន​ដោយសារ​តែ​បច្ចេកវិទ្យា​ឌីជីថល ប្រជាពលរដ្ឋ​អាច​ផ្ញើ​ប្រាក់​ទៅ​នរណា​ម្នាក់ ពី​កន្លែង​ណា​មួយ និង​ គ្រប់​ពេល​វេលា បាន​យ៉ាង​លឿន​រហ័ស មាន​សុវត្ថិភាព និង​មិន​អស់​ថ្លៃ​សេវា តាមរយៈ​កម្មវិធី​ទូរស័ព្ទ​បាន។

ឆ្ងល់​មែន​ទេ តើ​អ្វី​ទៅ​ជា​សេវា​ផ្ញើ​ប្រាក់​តាម​ E-Cash? សេវា​ផ្ញើ​ប្រាក់​តាម E-Cash គឺ​ជា វិធី​ងាយ​ស្រួល ហើយ​មាន សុវត្ថិភាព​ក្នុង​ការ ផ្ញើ​ប្រាក់​ទៅ​កាន់​មិត្តភក្តិ​គ្រួសារ ឬ ក៏​ខ្លួន​ឯង​ផ្ទាល់​តាម​រយៈ កម្មវិធី ABA Mobile ពី​ក្នុង​ទូរស័ព្ទ​ដៃ​របស់​អ្នក​។ ចំណុច​ពិសេស​នោះ គឺថា​អ្នក មិន​ចាំ​បាច់​មាន​កាត​ធនាគារ​ដើម្បី​ធ្វើ​ការ​ដក​ប្រាក់​នោះ​ឡើយ ។

យ៉ាង​ណា​មិញ នៅ​តាម​បណ្ដាញ​សង្គម Facebook យើង​ឃើញ​មាន​ការ​ផុស​ពី​បញ្ហា​មួយ​ចំនួន ដែល​ទាក់​ទង​នឹង​ការ​ផ្ញើ​ប្រាក់​តាម​កម្មវិធី​ទូរស័ព្ទ។ ជាក់ស្តែង​ដូច​ជា​កម្មវិធី ABA Mobile ដែល​ជា​កម្មវិធី​ទូរស័ព្ទ​ដ៏​ពេញ​និយម​មួយ​ក្នុង​ប្រទេស​កម្ពុជា​យើង។ ក្នុង​កម្មវិធី​ទូរស័ព្ទ​នេះ មាន​សេវា​ធំ​ៗ​ពីរ​ដែល​អ្នក​ប្រើ​ប្រាស់​មាន​ក្តី​បារម្ភ​ខ្លះ​ៗ​ទៅ​លើ​ សេវា​ផ្ញើ​ប្រាក់​រវាង​គណនី ABA ទៅ​គណនី ABA និង​មួយ​ទៀត គឺ​ពី​គណនី ABA ទៅ ATM (សេវា​មួយ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សេវា E-Cash)។ មតិ​ដែល​ផុស​ភាគ​ច្រើន​គឺ​សរសេរ​ពី​ការ​ផ្ញើ​ប្រាក់​ខុស​លេខ​គណនី, អ្នក​ទទួល​ដក​ប្រាក់​មិន​បាន, បាត់​លេខ​កូដ​ដក​ប្រាក់​តាម E-Cash, ខ្លាច​ផ្ញើ​ហើយ បើ​មិន​ដក​តើ​ប្រាក់​ដែល​បាន​ផ្ញើ​ហើយ​នោះ​នឹង​ទៅ​ណា​ ។ល។

ឆ្លើយ​តប​នឹង​បញ្ហា​ទាំង​នេះ​អ្នក​ជំនាញ​ពី​ខាង​ធនាគារ ABA លោក ឈុន វិចិត្រ ប្រធាន​នាយក​ដ្ឋាន​សេវា​ធនាគារ​រូប​វន្ត​បុគ្គល បាន​បក​ស្រាយ​ថា៖ «តាំង​ពី ABA ដាក់​ឲ្យ​ប្រើ​ប្រាស់​កម្មវិធី ABA Mobile យើង​មាន​ការ​គាំទ្រ​យ៉ាង​ច្រើន ដោយ​មាន​ការ​ប្រើ​ប្រាស់​ច្រើន​រហូត​ដល់​ខ្ទង់​ពាន់​លាន​ដុល្លារ​ប្រតិបត្ត​ការ​ក្នុង​មួយ​ខែៗ។ ហើយ​កន្លង​មក​ការ​ផ្ញើ​ប្រាក់​នេះ មិន​ថា​ពី​គណនី ABA ទៅ​គណនី ABA ឬ​ផ្ញើ​តាម​សេវា E-Cash នោះ​ទេ យើង​មិន​ធ្លាប់​មាន​បញ្ហា​បាត់​ប្រាក់ ឬ​អ្នក​ទទួល​មិន​អាច​ដក​ប្រាក់​បាន​នៅ​ពេល​ប្រើ​ប្រាស់​សេវា E-Cash ឡើយ។ តើ​មូល​ហេតុ​អ្វី​ទៅ? ព្រោះ​ថា​ធនាគារ ABA មាន​បច្ចេកវិទ្យា​ទំនើប ដែល​ផ្តល់​ទំនុក​ចិត្ត និង​មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​ការពារ ប្រាក់​របស់​អតិថិជន និង​មាន​នីតិវិធី​ច្បាស់​លាស់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​ឡើង​ទាំង​នេះ។

លោក​ ឈុ​ន​ វិចិត្រ​ ប្រធាន​នាយកដ្ឋាន​សេវា​ធនាគារ​រូបវន្ត

លោក​បន្ត​ថា ភាគ​ច្រើន​ករណី​ដែល​យើង​ទទួល​បាន​ទាក់​ទង​នឹង​បញ្ហា​បាត់​ប្រាក់​តាម​រយៈ​ការ​ផ្ញើ​ពី​គណនី​ ABA ទៅ គណនី ABA នេះ គឺ​ការ​ផ្ញើ ទៅ​ខុស​លេខ​គណនី ដោយ​សារ​គាត់​មិន​បាន​ពិនិត្យ​ការ​បញ្ជាក់​ឈ្មោះ និង​លេខ​គណនី ឲ្យ​បាន​ត្រឹម​ត្រូវ​ជា​មុន មុន​ពេល​ផ្ញើ​ចេញ។ នៅ​ពេល​ផ្ញើរ​ប្រាក់​តាម​រយៈ ABA Mobile គឺ​យើង​មាន​ដំណាក់​កាល​ចុង​ក្រោយ​ឲ្យ​អតិថិជន​ផ្ទៀងផ្ទាត់​ឈ្មោះ​អ្នក​ទទួល​ឲ្យ​​ត្រឹម​ត្រូវ​។​ ហើយ​ប្រសិន​បើ​យើង​ឧស្សាហ៍​ផ្ញើ​ទៅ​កាន់​អ្នក​ទទួល​ដដែល​នោះ ជា​ការ​ល្អ គួរ​តែ​បង្កើត​គំរូ​ផ្ញើ​ប្រាក់​នៅ​ក្នុង​កម្មវិធី (Quick Payment)​ដើម្បី​ធានា​ពី​ការ​ផ្ញើ​ប្រាក់​បាន​ត្រឹម​ត្រូវ​ដល់​អ្នក​ទទួល​។

ទាក់ទង​នឹង​សំណួរ​ពី​ការ​ភ្លេច​លេខ​កូដ​ដក​ប្រាក់​តាម E-Cash ក៏​ដូច​ជា​ខ្លាច​ផ្ញើ​ហើយ អត់​បាន​ដក​តើ​ប្រាក់​ដែល​បាន​ផ្ញើ​ហើយ​នោះ​ទៅ​ណា លោក​ជម្រាប​ថា៖ «ដើម្បី​បង្ការ​ការ​ភ្លេច​លេខ​កូដ យើង​អាច​ថត​ស្រ្គីន​ទូរស័ព្ធ​ខ្លួន​ឯង​ទុក​ពេល​ផ្ញើ​ហើយ ឬ​អាច​ទៅ​រក​លេខ​កូដ​ដក​ប្រាក់​នេះ​បាន នៅ​ក្នុង​ម៉ីនុយ​សារ​ជូន​ដំណឹង ប្រសិន​បើ​មាន​ការ ភ្លេច​លេខ​កូដ​នោះ»។

លោក​បន្ថែម​ថា​ទឹក​ប្រាក់​ដែល​បាន​ផ្ញើ​ចេញ​តាម E-Cash មិន​បាត់​បង់​ឡើយ​បើ​គ្មានអ្នកដក, វា​នឹង​ត្រូវ​បង្វិល​ចូល​ក្នុង​គណនី របស់​អ្នក​ផ្ញើ​វិញ ក្នុង​រយៈ​ពេល​ 24ម៉ោង ប្រសិន​បើ​មិន​មាន​អ្នក​ដក​ចេញ។ ជា​ចុង​ក្រោយ​លោក​ក៏​លើក​ទឹក​ចិត្ត​ឲ្យ​អតិថិជន ​ធ្វើ​ការ​ទាក់​ទង​មក​ធនាគារ​តាម​រយៈ​ទំព័រ Facebook ផ្លូវ​ការ​របស់​ធនាគារ ABA ប្រសិន​បើ​លោក​អ្នក​ជួប​បញ្ហា​នៅ​ពេល ប្រើ​ប្រាស់​សេវា​កម្ម​ណា​មួយ​របស់​ធនាគារ ABA។

គួរ​បញ្ជាក់​ផង​ដែរ​ថា សេវា E-Cash បាន​បង្កើន​ចំនួន​ទឹក​ប្រាក់​ដែល​អាច​ដក​បាន​តាម​ទូ ATM ច្រើន​ជាង​មុន រហូត​ទៅ​ដល់ 980ដុល្លារ ឬ 3,900,000រៀល​ក្នុង​មួយ​ថ្ងៃ។ ពី​មុន​អាច​ដក​បាន​ច្រើន​បំផុត​តែ 200ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ នេះ​បើ​តាម​ការ​ផ្សាយ​ព័ត៌មាន​ក្នុង ​វិបសាយ​របស់​ធនាគារ ABA។

សរុប​មក ដើម្បី​ប្រើ​ប្រាស់​សេវា​ផ្ទេរ​ប្រាក់​តាម​ឌីជីថល(កម្មវិធី​ទូរស័ព្ទ​ដៃ ABA)មួយ​នេះ​ប្រកប​ដោយ​សុវត្ថិភាព ទាមទារ​ឲ្យ​អ្នក​បន្ថែម​ការ​យក​ចិត្ត​ទុក​ដាក់ មើល​គ្រប់​ចំនុច ឬ​ជំហាន​ដែល​បាន បង្ហាញ​លើ​អេក្រង់​របស់​កម្មវិធី​ផ្ញើ​ប្រាក់​ដែល​អ្នក​កំពុង​ប្រើ​ប្រាស់​មុន​ពេល​ចុច​ផ្ញើ។

កុំ​ភ្លេច​ចែក​រំលែក​ចំណេះ​ដឹង​មួយ​នេះ ជាមួយ​មិត្ត​ភ័ក្ត ឬ​ក្រុម​គ្រួសារ​អ្នក!

អត្ថបទ៖ លីដា

មតិយោបល់