• 2020-03-18 07:10:47
  • ព័ត៌មាន

ថៃ រំពឹងមានអ្នកឆ្លងជំងឺកូវីដ១៩ ដល់៤សែននាក់

  • 2020-03-18 07:10:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមលោក Sophon Iamsirithavorn ប្រធានផ្នែកជំងឺឆ្លងប្រទេសថៃ បានឲ្យដឹងថា ការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ នឹងថយចុះ រហូតដល់ចំនួនករណីឆ្លងក្នុងមួយសប្តាហ៍ឈានដល់កំពូល រវាងខែមករា និងកុម្ភៈឆ្នាំក្រោយ។ យ៉ាងហោចណាស់មានមនុស្សចំនួន ៤០០ ០០០នាក់ នឹងអាចឆ្លងជំងឺកូវីដ១៩ នៅឆ្នាំ២០២០ នេះ និងឆ្នាំក្រោយ ខណៈគេរំពឹងថាចំនួនឆ្លងនឹងកើនឡើងខ្លាំងនៅរដូវត្រជាក់។

លោក Sophon បាននិយាយថា "តាមការព្យាករណ៍នេះ យើងជឿជាក់ថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩ អាចត្រូវបានគ្រប់គ្រង ហើយការព្យាបាលវេជ្ជសាស្រ្ត នឹងអាចចាត់ចែងបាន។ យើងមិនរំពឹងថា ការឆ្លងជំងឺកូវីដ១៩ អាចលើសពី១លានករណីឡើយ ដរាបណាយើងមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធពីសាធារណជន" ។

ករណីដំបូង និងល្អបំផុត តាមរយៈការព្យាករណ៍ដោយផ្នែកលើការសន្និដ្ឋាន គឺ អ្នកជំងឺម្នាក់នឹងចម្លងជំងឺកូវីដ១៩ ទៅឲ្យអ្នកជំងឺថ្មីចំនួន ១,៦នាក់ ដែលនឹងបណ្តាលឲ្យមានករណីថ្មីចំនួន ៤០០ ០០០នាក់ នៅចុងឆ្នាំក្រោយនេះ។ នេះបើយោងតាមលោក Sophon។

ប្រធានផ្នែកជំងឺឆ្លងខាងលើបានសង្កត់ធ្ងន់ថា វិធានការណ៍ហាមឃាត់ចំពោះការប្រមូលផ្តុំមនុស្សច្រើននាក់ និងការដាក់អ្នកទាំងនោះ ចេញពីតំបន់ដែលរងការវាយប្រហារដោយវីរុស ត្រូវបានបញ្ជាក់ថាមានប្រសិទ្ធភាព។

ដោយឡែក ករណីទី២ គឺ អ្នកជំងឺម្នាក់នឹងចម្លងជំងឺកូវីដ១៩ ទៅឲ្យអ្នកជំងឺថ្មីចំនួន ១,៨នាក់ ដែលធ្វើឲ្យមានករណីថ្មីសរុបចំនួន ៩,៩លាននាក់ នៅចុងឆ្នាំ២០២០។ រីឯ ករណីទី៣ វិញ គឺ អ្នកជំងឺម្នាក់នឹងចម្លងជំងឺកូវីដ១៩ ទៅឲ្យអ្នកជំងឺថ្មីចំនួន ២,២នាក់ ដែលធ្វើឲ្យមានករណីថ្មីសរុបចំនួន ៣៧,៤លាននាក់ នៅក្នុងប្រទេសថៃ ក្នុងរយៈពេលដូចគ្នា៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់