• 2020-03-24 06:45:28
  • ព័ត៌មាន

អ្នកជំនាញព្រមានថា ស្ថានការណ៍នៅថៃអាចនឹងដូចអ៉ីតាលី ក្រោយស្លាប់ ៣នាក់និង១០៦នាក់ឆ្លងវីរុស

  • 2020-03-24 06:45:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថៃ​កាលពី​ថ្ងៃ​អង្គារ​ទី​២៤​មីនា​បាន​រាយការណ៍​អ្នកស្លាប់​៣​នាក់​បន្ថែម​ដោយ​សារ​ជម្ងឺ​កូវី​ដ​១៩ នាំ​អោយ​ចំនួន​មនុស្ស​ស្លាប់​ដោយ​ជម្ងឺឆ្លង​នេះ​កើន​ដល់​៤​នាក់ នេះ​បើ​​តាម​ការប្រកាស​របស់​មន្ត្រី​ក្រសួង​សុខាភិបាល​ថៃ​ម្នាក់​។​

​ថៃ​កាលពី​ថ្ងៃ​អង្គារ​ក៏​បាន​រាយការណ៍​អ្នក​ឆ្លង​១០៦​នាក់​បន្ថែមទៀត ដែល​នាំ​អោយ​ចំនួន​ឆ្លង​សរុប​នៅក្នុង​ប្រទេស​នេះ​កើន​ដល់​៨២៧​នាក់​។​ ​សូម​រំលឹក​ថា ជនរងគ្រោះ​ដល់​ជីវិត​ពី​កូវី​ដ​១៩​នេះ​ដំបូង​នៅ​ថៃ​បានកើត​លើ​បុរស​អាយុ​៣៥​ឆ្នាំ តាំងពី​ថ្ងៃ​២៩​កុម្ភៈ​តែ​ការស្លាប់​ថ្មី​៣​នាក់​ចុងក្រោយ​នេះ​ទើប​តែ​កើត​​ឡើង​ចំពេល​ថៃ​ជួប​កំណើន​នៃ​ការឆ្លង​វីរុស​កូវី​ដ​១៩​នេះ​យ៉ាងគំហុក​នៅ​ពីរ​បី​ថ្ងៃ​មកនេះ​។​ ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថៃ​បាន​រាយការណ៍​អ្នក​ឆ្លង​១២២​នាក់ និង​១៨៨​នាក់​កាលពី​ថ្ងៃអាទិត្យ​។​

​ក្នុងពេល​ជាមួយគ្នា លោក​វេជ្ជបណ្ឌិត ប្រា​ស៊ីត វ៉ា​តា​ណា​ផា សាស្ត្រាចារ្យ​នៃ​វិទ្យាល័យ​ពេទ្យ​នៅ​មន្ទីរពេទ្យ​ស៊ី​រី​រ៉ា​ច របស់​សកល​វិទ្យាល័យ ម៉ា​ហ៊ី​ដុល បាន​និយាយថា ប្រ​​ជា​ជន​ត្រូវ​នៅ​ក្នុងផ្ទះ​និង​ឈប់​ដើរ​ស៊ីផឹក​ឬ​ទៅ​កាន់​កន្លែង​ជួបជុំ​កម្សាន្ត​សប្បាយ បើ​មិន​ដូច្នេះ​ទេ​ថៃ​នឹង​ជួប​វាសនា​ដូច​អ៊ីតាលី​។​ ​លោក​បន្ទោស​មនុស្ស​ដែល​បាន​ទៅ​កាន់​កន្លែង​ងាយ​ចម្លង​វីរុស ដូចជា​សង្វៀន​ប្រដាល់ និង​រង្គសាល ហើយ​មិន​ព្រម​ដាក់​ខ្លួន​នៅ​ដាច់​ពី​គេ​។​ ​លោក​ប្រា​ស៊ីត បាន​និយាយថា កំណើន​ចំនួន​អ្នក​ឆ្លង​នៅ​ថៃ​កើន​៣៣​ភាគរយ​ក្នុង​មួយថ្ងៃ ស្រដៀង​គ្នា​នឹង​នៅ​អាឡឺម៉ង់ ។​បើ​នៅ​តែ​ឆ្លង​ក្នុង​កំរិត​នេះ អ្នក​ឆ្លង​នឹង​​កើន​ដល់​៣៥១.៩៤៨​នាក់​នៅ​យ៉ាងយូរ​ត្រឹម​ពាក់កណ្តាល​ខែ​ក្រោយ​។​

​លោក​សាស្ត្រាចារ្យ​បាន​ព្យាករណ៍​ថា ក្នុង​ចំនួន​នេះ​ជាង​៥​ម៉ឺន​នាក់​នឹង​ដេកពេទ្យ​និង​១៧.៥៩៧​នាក់​នឹង​ឈឺ​ធ្ងន់​ដែល​វា​នឹង​ហួស​ពី​សមត្ថភាព​សុខាភិបាល​ថៃ​អាច​​ទ្រាំទ្រ​បាន​។​ ​លោក​ក៏​បាន​ព្រមាន​ថា មនុស្សម្រមា​ណ​៧​ពាន់​នាក់​អាច​នឹង​ស្លាប់​នៅ​ថៃ​។​ ​លោក​បាន​បន្ថែមថា ប្រទេស​និង​ដែនដី​ដែល​បាន​អាច​គ្រប់គ្រង​ការឆ្លង​រាលដាល​ជម្ងឺ​នេះ គឺ​ជប៉ុន កោះ​តៃវ៉ាន់ ហុងកុង និង​សិង្ហ​បុរី​។​ដើម្បី​រក្សា​អោយ​ប្រព័ន្ធ​សុ​​ខា​ភិបាល​ប្រទេស​អាចព្យាបាល​អ្នកជម្ងឺ​បាន ត្រូវ​ទប់​ការឆ្លង​ក្នុងស្រុក​ត្រឹម​២០​ភាគរយ​ប្រចាំថ្ងៃ​ហើយ​បើ​អាចធ្វើ​បាន​នោះ​ចំនួន​អ្នក​ឆ្លង​ត្រឹម​ពាក់កណ្តាល​ខែ​​ក្រោយ​មាន​ត្រឹមតែ​២៤.២៦៩​នាក់​ប៉ុណ្ណោះ​។​ ​លោក​បាន​បញ្ជាក់ថា ការដាក់​ខ្លួន​នៅ​ដាច់​ពី​គេ​នឹង​ធ្វើ​អោយ​ចំនួន​ឆ្លង​ធ្លាក់ចុះ​នៅក្នុង​រង្វង់​៤​សប្តាហ៍​។​

​ចំណែក​លោក សូម​ផុន អៀម​ស៊ី​រី​ថា​វ៉ន នាយក​នៃ​ផ្នែក​ជម្ងឺឆ្លង​ថៃ បាន​ព្រមាន​ថា មនុស្ស​ដល់​ទៅ​៤០០.០០០​នាក់​នឹង​ឆ្លងកូវី​ដ​១៩​នៅ​ថៃ​ក្នុងឆ្នាំនេះ​និង​ឆ្នាំក្រោយ​៕​

ប្រភព ៖ rasmeinews

មតិយោបល់