- 2020-03-26 06:43:55
- ព័ត៌មាន
មនុស្សជាង ៣ពាន់លាននាក់ ត្រូវបង្ខាំងមិនឲ្យចេញទៅណា ក្រោយ Covid-19 សម្លាប់ជាង ២ម៉ឺននាក់ទូទាំងពិភពលោក
- 2020-03-26 06:43:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សជាង ៣ពាន់លាននាក់ ត្រូវបង្ខាំងមិនឲ្យចេញទៅណា ក្រោយ Covid-19 សម្លាប់ជាង ២ម៉ឺននាក់ទូទាំងពិភពលោក
ចន្លោះមិនឃើញ
មនុស្សជាង៣.០០០លាននាក់នៅជុំវិញពិភពលោកកំពុងរស់នៅក្រោមការរឹតត្បិតការធ្វើដំណើរនៅពេលរដ្ឋាភិបាលបង្កើនកិច្ចខិតខំទប់ស្កាត់និងគ្រប់គ្រងវីរុសកូរ៉ូណាហៅកូវីត១៩ ដែលរហូតមកទល់ពេលនេះបានឆក់យកជីវិតមនុស្សអស់ជាង២០.០០០នាក់។
នៅពេលចំនួនអ្នកឆ្លងដែលមានការបញ្ជាក់បានកើនហួស៤៥០.០០០នាក់នៅទូទាំងពិភពលោក អគ្គលេខាអង្គការសហប្រជាជាតិ បានព្រមានថា មានតែកិច្ចខិតខំរួមគ្នាមួយនៅទូទាំងសកលលោកទេទើបអាចបង្ក្រាបវីរុសឆ្លងនេះបាន។ នៅអ៊ីតាលី ចំនួនអ្នកស្លាប់បានកើនហួស៧.៥០០នាក់ដោយកាលពីថ្ងៃពុធទី២៥មីនាអាជ្ញាធរបានរាយការណ៍អំពីការស្លាប់ជាង៦៨០នាក់នៅរយៈពេល២៤ម៉ោងកន្លងមក ខណៈពេលមានការព្រួយបារម្ភថា ជម្ងឺនេះកំពុងឆ្លងរាលដាលឆ្ពោះទៅកាន់ភាគខាងត្បូងប្រទេស។ នៅអេស្ប៉ាញឯណោះវិញ ចំនួនអ្នកស្លាប់ដោយកូវីត១៩ឥឡូវហក់ឡើងហួសចំនួនស្លាប់នៅចិនដោយកាលពីថ្ងៃពុធ មានអ្នកស្លាប់៧៣៨នាក់បន្ថែមទៀត នាំអោយចំនួនស្លាប់សរុបកើនដល់៣.៤៣៤នាក់គិតត្រឹមថ្ងៃពុធទី២៥មីនា។
កំណើនអ្នកស្លាប់ថេរនេះកើតឡើងចំពេលអេស្ប៉ាញបិទខ្ទប់ប្រទេសដល់ថ្ងៃទី១១ដើម្បីបន្ថយការឆ្លងរាលដាលវីរុសកូរ៉ូណា ដែលរហូតមកទល់ឥឡូវបានចម្លងមនុស្ស៤៧.៦១០នាក់នៅក្នុងប្រទេសអឺរ៉ុបមួយនេះ។ កងទ័ពអេស្ប៉ាញ កាលពីថ្ងៃអង្គារបានស្នើសុំជំនួយមនុស្សធម៌ពីអង្គការណាតូដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកំណាចនេះ ។ នៅក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីត្រាំ បាននិយាយថា ទីក្រុងញូវយ៉កឥឡូវក្លាយជាមជ្ឈមណ្ឌលនៃការផ្ទុះកូវីត១៩នៅអាម៉េរិក ដោយចំនួនអ្នកឆ្លងកើនដល់ជាង៣០.០០០នាក់។
ឥណ្ឌាដែលមានប្រជាជន១.៣០០លាននាក់ កំពុងបិទខ្ទប់ការធ្វើដំណើរនិងការចេញពីក្រៅផ្ទះ ខណៈរុស្ស៊ីដែលមានអ្នកស្លាប់ដោយវីរុសនេះ២នាក់ អាចនឹងធ្វើតាម ដោយប្រធានាធិបតីពូទីនប្រកាសឈប់សម្រាកទូទាំងប្រទេសមួយសប្តាហ៍ក្រោយ និងពន្យារពេលការបោះឆ្នោតប្រជាមតិស្តីការកែទំរង់រដ្ឋធម្មនុញ្ញ៕